វិធានការរបស់ប៉ូលិស ដាក់ចេញហើយ តែទាមទារឲ្យប្រជាពលរដ្ឋ ចូលរួមដែរ!

ដោយ:ម៉េងឆៃ / ភ្នំពេញ:អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១ ខែកុម្ភៈ បានចេញសេចក្ដីណែនាំ ស្ដីពី កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ដែលនឹងធ្វើឡើង នៅថ្ងៃទី១១-១៣ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងសេចក្តីណែនាំ ចំនួន ៧ចំនុច អគ្គស្នងការដ្ឋាននគរបាលជាតិ បានហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ដែលធ្វើអោយប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ។

ក្រៅពីនោះ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនិង សុវត្ថិភាពសង្គម និងរួមចំណែកក្នុងការថែរក្សានូវសុខភាពសាធារណៈ ឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម នៅចុងសប្តាហ៍ក្រោយ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានណែនាំដល់ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែនដី រំលឹកដាស់តឿនប្រជាពលរដ្ឋ ឲ្យមានការប្រុង ប្រយ័ត្នចំពោះគ្រោះអគ្គីភ័យ ជាពិសេសភ្លើងទៀនធូបពេលសែនព្រេន ភ្លើងចង្រ្កាន ចរន្តអគ្គិសនី គ្រឿងឆេះផ្សេងៗ។

ទន្ទឹមគ្នានោះ អគ្គស្នងការ ក៏បានណែនាំឲ្យប៉ូលិស ត្រូវប្រមូលផ្តុំកម្លាំង និងមធ្យោបាយប្រចាំការត្រៀមលក្ខណៈ ចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះហេតុការណ៍អគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ។

អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានតម្រូឲ្យចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមទីអារាម ព្រះវិហារចិន វៀតណាម ក៏ដូចជាទីសក្ការៈ និងរមណីយដ្ឋាននានា ដោយយកចិត្តទុកដាក់បង្ការទប់ស្កាត់កុំអោយមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កអុកឡុកដោយក្មេងទំនើង និងត្រូវរៀបចំសណ្តាប់ធ្នាប់ អោយមានរបៀបរៀបរយល្អប្រសើរ។

ដោយឡែក សម្រាប់ការងារសណ្តាប់ធ្នាប់ចរាចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំឲ្យបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយការកកស្ទះ ក៏ដូចជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងមានសុវត្ថិភាព។

ក្រៅពីណែនាំលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ណែនាំបន្ថែមដល់ប៉ូលិសគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយសា្ថប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គ្រប់ថ្នាក់ ដោយបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំអំពីវិធានសុខាភិបាល នៅតាមគោលដៅ ដែលមានការប្រមូលផ្តុំប្រជាពលរដ្ឋ ព្រមទាំងត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីបង្ការ ទប់ស្កាត់ និងសង្រ្គោះបានទាន់ពេលវេលា។

ក្នុងពេលមានបុណ្យទានសំខាន់ៗ ពិសេសនៅបុណ្យចូលឆ្នាំចិន-វៀតណាម តែងតែមានពិធីសែន ដែលអុជទៀនធូប ហើយកន្លងមក បង្កអគ្គិភ័យ ដោយសារតែការធ្វេសប្រហែស។ ក្រៅពីនោះ ក្នុងរយៈឈប់ សម្រាកបុណ្យចូលឆ្នាំចិន ក៏មានការធ្វើ ដំណើរច្រើនជាងថ្ងៃធម្មតា ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងថ្ងៃធម្មតាផងដែរ។

របាយការណ៍របស់ប៉ូលិសចរាចរណ៍ បង្ហាញថា ក្នុងអំឡុងពេលចូលឆ្នាំចិន កាលពីឆ្នាំ២០២០ គិតចាប់ពីថ្ងៃសែន ថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង សរុបចំនួន ៥៩លើក បណ្តាលឲ្យស្លាប់ ៤០នាក់ និងរបួស ៨០នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំង ៤០នាក់ គឺមាន ៣៥នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងអំឡុងពេលចូលឆ្នាំចិន កន្លងមក កើត ឡើងច្រើនជាងគេ ដោយសារល្បឿន បើកបរមិនគោរពសិទ្ធិ បើកបរមិនប្រកាន់ស្តាំ បើកបរប្រជែង បត់គ្រោះថ្នាក់ និងស្រវឹង ជាដើម។

ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលចូលឆ្នាំចិន កាលពីឆ្នាំមុន បានកើនឡើង បើធៀបនឹងអំឡុងពេលចូលឆ្នាំចិន កាលពីឆ្នាំ២០១៩។ តែអ្នករបួស បានថយចុះ។

របាយការណ៍របស់ប៉ូលិស បានបង្ហាញថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន កាលពីឆ្នាំ២០១៩ រាប់ចាប់ពីថ្ងៃសែន និងថ្ងៃចូលឆ្នាំចិន ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើង ៦៧លើក បណ្តាលឲ្យស្លាប់ ៣៦នាក់ និងរបួស ៨៩នាក់។

រីឯគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល ៤ថ្ងៃ ក្នុងអំឡុងពេលចូលឆ្នាំចិន កាលពីឆ្នាំ២០១៨ គឺចាប់ពីថ្ងៃទី១៥-១៨ ខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ៦៦លើក បណ្តាលឲ្យស្លាប់ ៤៤នាក់ និងរបួស ៩១នាក់។

ទាំងគ្រោះថ្នាក់ចរាចរណ៍ និងទាំងគ្រោះអគ្គិភ័យ ដែលបានកើតឡើងក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន សុទ្ធតែជារឿង ដែលបង្កឡើងដោយមនុស្ស ហើយក៏ជារឿង ដែលអាចការពារ និងជៀសវាងបាន ប្រសិនបើយើងម្នាក់ៗ បង្កើនការប្រុងប្រយ័ត្ន។

អំឡុងពេលសែន និងបុណ្យចូលឆ្នាំចិន ការផឹកស៊ីគ្រឿងស្រវឹង កើនឡើងច្រើន មិនថា នៅទីណាទេ ក្នុងប្រទេសកម្ពុជាយើង។ ដូច្នេះបើស្រវឹង សូមកុំបើកបរ ហើយបើបើកបរ មិនថា ឡាន ឬម៉ូតូ សូម្បីតែជិះកង់ ក៏មិនត្រូវស្រវឹងស្រាឡើយ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular