ប្រែសម្រួលៈវាសនា/យ៉ាងហ្គោន៖ការបណ្តេញរដ្ឋាភិបាលរបស់លោកស្រី អ៊ុង សាន ស៊ូជី នៅមីយ៉ាន់ម៉ាជា«ការជៀសមិនផុត» នេះបើតាមការលើកឡើងរបស់ប្រមុខយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងហ្លាំង កាលពីថ្ងៃអង្គារ នៅពេលរដ្ឋាភិបាលអាម៉េរិកចាត់ទុកការដណ្តើមអំណាចនេះជា រដ្ឋប្រហារមួយ។
ឧត្តមសេនីយ៍ មីន អ៊ុង ហ្លាំង បើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៅក្រុងណៃពីដោរ កាលពីថ្ងៃអង្គារ បន្ទាប់ពីធ្វើរដ្ឋប្រហារបានមួយថ្ងៃ
ទាហានឈរជើងនៅផ្លូវបំបែកមួយក្នុងក្រុងយ៉ាងហ្គោនកាលពីថ្ងៃអង្គារ
យោធាមីយ៉ាន់ម៉ាដ៏មានឥទ្ធិពលកាលពីថ្ងៃចន្ទបានធ្វើអោយពិភពលោកស្រឡាំងកាំងនៅពេលខ្លួនឃាត់ខ្លួនលោកស្រី ស៊ូជី និងមេដឹកនាំគណបក្សកាន់អំណាចជាច្រើនទៀតនៅមុនព្រឹកព្រហាមមុនសភាជាប់ឆ្នោតថ្មីបើកប្រជុំលើកដំបូងរបស់ខ្លួនតែប៉ុន្មានម៉ោង។
ក្រោយរដ្ឋប្រហារភ្លាម ឧត្តមសេនីយ៍ វីន អ៊ុង ហ្លាំង ត្រូវបានផ្តល់«អំណាចនីតិប្រតិបត្តិ នីតិបញ្ញត្តិនិងយុត្តិធម៌» ដោយបានប្រែក្លាយមីយ៉ាន់ម៉ាទៅជារបបយោធាជាស្វ័យប្រវត្តិក្រោយពីបានស្ថិតនៅក្រោមរដ្ឋាភិបាលស៊ីវិលបាន១០ឆ្នាំ។
ក្នុងការថ្លែងជាសាធារណៈលើកដំបូងរបស់លោកចាប់តាំងពីយោធាចូលកាន់កាប់អំណាច ឧត្តមសេនីយ៍រូបនេះ បាននិយាយថាការចូលកាន់អំណាចរបស់យោធា«ស្របតាមច្បាប់» បន្ទាប់ពីរដ្ឋាភិបាលខកខានក្នុងការឆ្លើយតបនឹងសារទុក្ខរបស់ក្រុមយោធា អំពីការលួចបន្លំក្នុងការបោះឆ្នោត។លោកថា «បន្ទាប់ពីសំណើជាច្រើនត្រូវបដិសេធ វិធីនេះជាការជៀសមិនផុតសំរាប់ប្រទេស និងវាជាហេតុផលដែលយើងជ្រើសយកវា»។
នៅក្រុងវ៉ាស៊ីនតោន ក្រសួងការបរទេសអាម៉េរិក បាននិយាយថា ខ្លួនបានវាយតំលៃថា «អ៊ុង សាន ស៊ូជី មេដឹកនាំគណបក្សកាន់អំណាចមីយ៉ាន់ម៉ា និងលោក វីន មីយ៉នត៍ ប្រមុខរដ្ឋាភិបាលជាប់ឆ្នោត ត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារយោធាមួយ»។
ការចាត់ថ្នាក់ថាជារដ្ឋប្រហារបែបនេះមានន័យថា អាម៉េរិកមិនអាចជួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ទោះជាយ៉ាងណាផលប៉ះពាល់ណាមួយគ្រាន់តែជានិមិត្តរូប ដោយសារតែជំនួយអាម៉េរិកស្ទើរទាំងអស់ធ្លាក់ទៅអង្គការមិនមែនរដ្ឋាភិបាល។ម្យ៉ាងយោធាមីយ៉ាន់ម៉ា បានស្ថិតក្រោមទណ្ឌកម្មអាម៉េរិករួចជាស្រេច ដោយសារតែយុទ្ធនាការបង្ក្រាបពួកអ៊ីស្លាមរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាឃីន។
នៅក្នុងរដ្ឋធានី ណៃពីដោរ គេឃើញទាហានដាក់កម្លាំងយាមនៅក្រៅគេហដ្ឋានរបស់សមាជិកសភានៅពេលសមាជិកសភាបក្សកាន់អំណាចម្នាក់បាននិយាថា វាជា«ជំរំឃុំឃាំងឥតជញ្ជាំង» តែនៅពេលយប់មកដល់ អ្នកនយោបាយខ្លះបាននិយាយថា ពួកគេអាចធ្វើដំណើរចេញចូលដោយសេរី។
សេចក្តីថ្លែងការណ៍មួយបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់គណបក្សសម្ពន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យ បានអំពាវនាវអោយដោះលែងស៊ូជី ព្រមទាំងប្រធានាធិបតី វីន មីយីនត៍ និងសមាជិកបក្សដែលត្រូវចាប់ខ្លួន។វាក៏ទាមទារអោយយោធាទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ ២០២០ផងដែរ៕
គណបក្សសម្ពន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យ បានអំពាវនាវអោយដោះលែងស៊ូជី ព្រមទាំងប្រធានាធិបតី វីន មីយីនត៍ និងសមាជិកបក្សដែលត្រូវចាប់ខ្លួន