ប្រែសម្រួល : កញ្ញាដាលីស ៖រដ្ឋបាលបៃដិនបានចង្អុលបង្ហាញកាលពីថ្ងៃអង្គារទី២កុម្ភៈថាខ្លួនមិនប្រញាប់ចូលរួមជាមួយចិនដែលជាគូប្រជែងយុទ្ធសាស្ត្រដែលខ្លួនប្តេជ្ញាផ្តួលឱ្យបាននោះទេហើយនិយាយថាខ្លួននឹងចូលរួមជាមួយចិន នៅពេលដែលខ្លួន “ពួតដៃគ្នាបានយ៉ាងរឹងមាំ” ជាមួយសម្ព័ន្ធមិត្តនិងដៃគូ។
ប្រធានាធិបតីចូ បៃដិនបាននិយាយទៅកាន់មេដឹកនាំពិភពលោកជាច្រើនចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាប៉ុន្តែមិនទាន់បាននិយាយជាមួយសមភាគីចិនលោកស៊ី ជីនភីងនៅឡើយទេ ហើយអ្នកនាំពាក្យសេតវិមានលោកស្រី ជេន ភីសាគី បានប្រាប់សន្និសីទកាសែតមួយថា លោកស្រីមិនអាចនិយាយបានទេថាតើពេលណាការហៅទូរស័ព្ទមួយអាចនឹងកើតឡើង។
លោកស្រីភីសាគីនិយាយថា ជាមួយលោកអានថូនី ប្ល៊ីនខិនធ្វើជារដ្ឋមន្ត្រីការបរទេសអាម៉េរិក”មានស្រទាប់ច្រើនបន្ថែមទៀតដើម្បីទាក់ទងជាមួយចិន”ប៉ុន្តែទាំងលោកស្រីនិងអ្នកនាំពាក្យក្រសួងការបរទេសលោកណេត ប្រាយ និយាយថា ការនិយាយទៅកាន់សម្ព័ន្ធមិត្តនិងដៃគូ ត្រូវធ្វើមុនគេ។
លោកប្រាយបានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយថាមានបញ្ហាជាច្រើនរួមទាំងការប្រែប្រួលអាកាសធាតុ”ដែលវាជាផលប្រយោជន៍ជាតិរបស់យើងក្នុងការសហការគ្នាលើមូលដ្ឋានមានដែនកំណត់ជាមួយចិន”។
លោកនិយាយថា “សម្ព័ន្ធភាពនិងភាពជាដៃគូរបស់សហរដ្ឋអាម៉េរិកគឺជាកម្លាំងដ៏ធំធេងដើម្បីទប់ទល់គ្រប់ឧបសគ្គទាំងឡាយ ហើយនោះរាប់បញ្ចូលទាំងទំនាក់ទំនងរបស់យើងជាមួយទីក្រុងប៉េកាំងដែរ។ដូច្នេះជាជំហានដំបូង យើងចង់ធ្វើឱ្យប្រាកដថា យើងពួតដៃយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តទាំងអស់ ពួតដៃជិតស្និទ្ធជាមួយដៃគូទាំងអស់ហើយបន្ទាប់មក…អ្នកអាចរំពឹងមានការចូលរួមនៅក្នុងវិស័យជាច្រើនជាមួយចិន”៕