ដោយៈសុផល/សៀមរាប៖ធនាគារអេស៊ីលីដាពេលថ្មីៗនេះបានសម្រេចចិត្តជ្រើស រើសខេត្តសៀមរាបជាកន្លែងផ្សព្វផ្សាយផលិតផល ម៉ាកសញ្ញាថ្មី ជាពិសេសគឺផ្សព្វ ផ្សាយនិងជំរុញឱ្យប្រើប្រាស់ការទូទាត់តាមបច្ចេកវិទ្យាទំនើប គឺ អេស៊ីលីដាម៉ូបាល អ៊ែបដែលជាអ៊ែបសម្រាប់ធ្វើការទូទាត់ការចំណាយនានាតាមប្រព័ន្ធទូរស័ព្ទដៃ ។
ក្នុងការផ្សព្វផ្សាយនៅលើទឹកដីប្រវត្តិសាស្ត្រដ៏ល្បីល្បាញនេះ ធនាគារឈានមុខគេក្នុងប្រទេសកម្ពុជាមួយនេះបានប្រើក្បួនរថយន្តរាប់រយគ្រឿងក្នុងគោលបំណងបង្ហាញពីភាពរីកចម្រើនរបស់ធនាគារ ទោះស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៃសេដ្ឋកិច្ចយ៉ាងណាក្ដី ។
បើតាមលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភិអិលស៊ី បានមានប្រសាសន៍ថាមូលហេតុដែលធ្វើឱ្យធនាគារអេស៊ីលីដាសម្រេចជ្រើសរើសយកក្រុងសៀមរាបសម្រាប់ការហែក្បួនផ្សព្វផ្សាយនិងប្រជុំថ្នាក់ដឹកនាំប្រចាំឆ្នាំ ព្រោះសៀមរាបក៏ជាប្រវត្តិនៃការកកើតនៃធនាគារអេស៊ីលីដាផងដែរ កាលពីជិត៣០ឆ្នាំមុន ។ លោកបន្តថា៖«កាលពីជិត៣០ឆ្នាំមុនធនាគារអេស៊ីលីដាក៏បានយកខេត្តសៀមរាប សម្រាប់ផ្សព្វផ្សាយពីស្លាកសញ្ញារបស់ខ្លួនដែរហើយរយៈជិត៣០ឆ្នាំក្រោយពេលដែលមានការផ្លាស់ប្តូរស្លាកសញ្ញាថ្មីយើងក៏សម្រេចជ្រើសរើសយកទីតាំងចាស់សម្រាប់ផ្សព្វផ្សាយស្លាកសញ្ញាផង និងផលិតផលថ្មីរបស់យើងផង » ។
អ្នកស្រី សុខ វណ្ណនី នាយិកាសាខាបឹងត្របែកនៃធនាគារអេស៊ីលីដាបានមានប្រសាសន៍ថានៅក្នុងយុទ្ធធាការផ្សព្វផ្សាយរបស់ បុគ្គលិកធនាគារអេស៊ីលីដា គឺជំរុញឱ្យអតិថិជនយល់ដឹងបន្ថែមទៀតពីការប្រើប្រាស់អ៊ែបអេស៊ីលីដាម៉ូបាលហើយបុគ្គលិកនិងក្រុមការងារផ្សព្វផ្សាយនឹងចុះពន្យល់ដោយផ្ទាល់ដល់អតិថិជនពីការប្រើប្រាស់និងអត្ថប្រយោជន៍ដែលអតិថិជននឹងទទួលបាន។អ្នកស្រីបន្តថាពីមួយឆ្នាំទៅមួយឆ្នាំអតិថិជនរបស់ធនាគារអេស៊ីលីដាកាន់តែកើនឡើងហើយដើម្បីឱ្យអតិថិជនអាចធ្វើប្រតិបត្តិការនានាដោយខ្លួនឯងគឺ អេស៊ីលីដាម៉ូបាលអាចជួយពួកគាត់បាន ដោយមិនចាំបាច់បុគ្គលិកចាំប្រាប់ឬធ្វើប្រតិបត្តិការជូននោះទេ តែអតិថិជនអាចសួរនាំបុគ្គលិកនៅពេលពួកគាត់មានចម្ងល់មិនច្បាស់ត្រង់ណា ។
អ្នកស្រីបន្ថែមថាជាមួយនឹងផលិតផលថ្មីនេះឃើញថាមានអតិថិជនជាច្រើនបានចាប់អារម្មណ៍និងមានអតិថិជនចុះឈ្មោះប្រើប្រាស់អេស៊ីលីដាម៉ូបាលច្រើននៅក្នុងថ្ងៃឃោសនានោះ។អ្នកស្រីនិយាយថា៖«ប្រព័ន្ធថ្មីរបស់អេស៊ីលីដាម៉ូបាលគឺមានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ មានមុខងារច្រើនជាងបណ្ដាធនាគារដទៃទៀត អាចផ្ទេរប្រាក់បានកាន់តែច្រើនទៅកាន់ដៃគូម្ខាងទៀត ជាពិសេសនោះ ចាប់ពីឆ្នាំ ២០២១នេះ តទៅ ធនាគារនឹងមិនគិតកម្រៃសេវាពីអតិថិជនក្នុងការប្រើប្រាស់អេស៊ីលីដា ម៉ូបាលអ៊ែបនោះឡើយ »។
លោកស្រី សុង ផល្លែន នាយិកាសាខាខេត្តបន្ទាយមានជ័យនៃធនាគារអេស៊ីលីដា ដែលក្រុមរបស់អ្នកស្រីផ្សព្វផ្សាយបានល្អ លេចធ្លោនិងទទួលការចុះឈ្មោះម៉ូបាលអ៊ែបបានច្រើនជាងគេ បានលើកឡើងថា៖ពេលចុះផ្សព្វផ្សាយនេះអតិថិជនជាច្រើនបានចាប់អារម្មណ៍ចំពោះម៉ូបាលអ៊ែបរបស់ធនាគារអេស៊ីលីដា ។ មិនត្រឹមតែមន្ត្រីរាជការអ្នករកស៊ី ប្រជាពលរដ្ឋធម្មតាទេដែលចាប់អារម្មណ៍ ព្រះសង្ឃក៏ចាប់អារម្មណ៍ផងដែរចំពោះអ៊ែបនេះដោយសារតែឧបាសកឧបាសិកាងាយស្រួលក្នុងការវេរលុយធ្វើបុណ្យនិងកសាងសមិទ្ធផលដោយមិនគិតថ្លៃនងាយស្រួលនិងរហ័ស។លោកស្រីបានបន្តថា៖ពេលចុះផ្សព្វផ្សាយលោកស្រីបានពន្យល់លំអិតទាក់ទងនឹងវិធីចុះឈ្មោះប្រើប្រាស់អេស៊ីលីដាម៉ូបាលអ៊ែបនិងអត្ថប្រយោជន៍របស់វា។
លោកស្រីនាយិកាបានឱ្យដឹងថា៖អេស៊ីលីដាម៉ូបាលអ៊ែបងាយស្រួលប្រើរហ័ស និងមានអត្ថប្រយោជន៍ច្រើន។ម៉ូបាលអ៊ែបអាចផ្ទេរលុយបានច្រើរហូតដល់២០ម៉ឺនដុល្លារនិងអាចដាក់ប្រាក់បញ្ញើបាន១ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ការទូទាត់មានច្រើនអាចទូទាត់ទៅធនាគារដៃគូជាច្រើននិងអាចផ្ទេរតាមរយៈ QR Code ឆ្លងប្រទេសថៃ។តាមរយៈប្រព័ន្ធបាគងអាចផ្ទេរពីអេស៊ីលីដាទៅធនាគារ ផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកស្រី សុង ផល្លែន បានបញ្ជាក់ផងដែរថា៖អ៊ែបនេះមានជម្រើសជាភាសាខ្មែរនិងអង់គ្លេសងាយស្រួលសម្រាប់អតិថិជន។ មានអ៊ែបនៅក្នុងដៃ អាចផ្ទេរប្រាក់នៅពេលណាក៏បានចំណេញពេលវេលា ចំណេញថវិកា ដោយមិនបាច់ធ្វើដំណើរទៅធនាគារ ខាតពេលវេលាស្ទះចរាចរណ៍និងកាត់បន្ថយហានិភ័យផ្សេងៗ។ជាពិសេសស្ថិតក្នុងស្ថានភាពបច្ចុប្បន្នអាចការពារពីកូវីដ១៩ទៀតផង។ជាពិសេសអាចបង់ទឹកភ្លើងថ្លៃសាលារៀនកូនដោយឥតគិតថ្លៃ។ទាក់ទងនឹងឥណទានវិញអេស៊ីលីដាម៉ូបាលអ៊ែបអនុញ្ញាតឱ្យអតិថិជនអាចដាក់ពាក្យសុំឥណទាននិងបើកគណនីដោយខ្លួនឯង។អ៊ែបនេះក៏អាចផ្ទេរលុយទៅកាន់វីសាកាតផងដែរ។ជាពិសេសក្រៅពីមានមុខងារច្រើនអេស៊ីលីដាម៉ូបាលអ៊ែបមានសុវត្ថិភាពខ្ពស់មិនមាននរណាអាច ហ៊ែក(Hack) ឬបន្លំក្នុងការផ្ទេរបានឡើយ។អ៊ែបនេះ ក៏ជួយកាត់បន្ថយការស្ទះនៅបញ្ជរបម្រើសេវាកម្មផងដែរ។
សូមបញ្ជាក់ថាការចុះផ្សព្វផ្សាយនេះចែកជា៥ក្រុម។មូលហេតុដែលសាខាខេត្តបន្ទាយមានជ័យជាក្រុមលេចធ្លោជាងគេ លោកស្រី សុង ផល្លែន នាយិកាសាខាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ការសហការក្នុងក្រុមបានល្អ ការខិតខំប្រឹងប្រែង ការកំណត់ទិសដៅច្បាស់លាស់ ផ្តោតលើអតិថិជនគោលដៅពន្យល់លំអិតអំពីអត្ថប្រយោជន៍និងជ្រើសរើសយកភាសាខ្មែរ៕Ph