ប្រែសម្រួលៈវាសនា/ហាណូយ៖ក្រសួងសុខាភិបាលវៀតណាម នៅព្រឹកថ្ងៃពុធនេះបាននិយាយថា មនុស្ស៩នាក់ទៀតបានឆ្លងកូវីដ១៩នៅក្នុងសហគមន៍ ដោយពួកគេទាំងអស់សុទ្ធតែមានជាប់ពាក់ព័ន្ធនឹងការផ្ទុះជំងឺកូវីដ១៩ជាចង្កោមនៅខេត្ត ហាយ ហ្វឿងភាគខាងជើង។
កាលពីល្ងាចថ្ងៃអង្គារ ក្រសួងបានបន្ថែមចំនួនអ្នកឆ្លងជំងឺនេះចំនួន៣១នាក់ទៀត ក្នុងនេះ៣០នាក់ឆ្លងនៅក្នុងស្រុក។
ក្នុងចំណោមអ្នកឆ្លងថ្មីដែលត្រូវបានរាយការណ៍កាលពីព្រឹកថ្ងៃពុធ មាន២នាក់នៅក្នុងខេត្ត ប៊ិញហ្វឿង ភាគខាងត្បូងជាប់ក្រុងហូជីមីញ ។
តួលេខឆ្លងថ្មីនេះ នាំអោយវៀតណាមមានអ្នកឆ្លងកូវីដ១៩ក្នុងសហគមន៍នៅពេល៧ថ្ងៃមកនេះឡើងដល់៣១៣នាក់ ក្នុងនេះ៣៨នាក់នៅ ខេត្តក្វាងនិញ និង២២៦នាក់នៅខេត្ត ហាយហ្វឿង ដែលជាមជ្ឈមណ្ឌលផ្ទុះកូវីដ១៩ចុងក្រោយនេះ។
ខេត្តទាំងពីរនេះ ត្រូវបានរកឃើញអ្នកឆ្លងកូវីដ១៩មុនគេកាលពីសប្តាហ៍មុន ឥឡូវវាចម្លងទៅកាន់៨ខេត្តក្រុង ហើយក្រុងហាណូយជាកន្លែងផ្ទុះការឆ្លងជាចង្កោមធំបំផុតទី៣ ជាមួយនឹងអ្នកឆ្លង២១នាក់។
ព័ត៌មានគួរអោយបារម្ភមួយពាក់ព័ន្ធនឹងការផ្ទុះកូវីដចុងក្រោយនេះ គឺថាក្រសួងសុខាភិបាលវៀតណាមកាលពីថ្ងៃអង្គារ បាននិយាយថា ការផ្ទុះកូវីដ១៩នៅវៀតណាមបច្ចុប្បន្នបង្កឡើងដោយវីរុសកូរ៉ូណាប្លែងរូបដូចគ្នានឹងវីរុសនៅអង់គ្លេសដែលចម្លងលឿនជាងវីរុសដើមដល់ទៅ៧០ភាគរយ។
តាំងពីមុនមក វៀតណាមមានអ្នកកើតកូវីដ១៩ ចំនួន១.៨៩១នាក់ តែនៅសល់អ្នកផ្ទុកវីរុសនិងកំពុងព្យាបាលចំនួន៣៩២នាក់៕
បុគ្គលិកពេទ្យប្រមូលសំណាកសំរាប់ធ្វើតេស្តិ៍កូវីដ១៩ នៅខេត្ត ក្វាង នីញ
ទីប្រជុំជន កាយ រ៉ុង ក្នុងខេត្តក្វាងនិញ ត្រូវបិទរហូតដល់ថ្ងៃ២១កុម្ភៈ ក្រោយពីរកឃើញអ្នកឆ្លងកូវីដ១៩