នាយករដ្ឋមន្ត្រី​ចិន​និយាយថា ចិន​បើកទូលាយ​ចំពោះ​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​

1116
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ចិន លោក លី កេ​ឈាំ​ង ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ដកស្រង់​សម្តី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​មេសា ដោយ​និយាយថា ប្រទេស​ចិន​បើកទូលាយ​ចំពោះ​ការចរចា​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​ដោះស្រាយ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម ដោយ​កត់សម្គាល់ថា ប្រទេស​ទាំង​២​គួរតែ​គ្រប់គ្រង​ជម្លោះ​របស់ខ្លួន​តាមរយៈ​ការសន្ទនា​គ្នា​។​

​ស្ថានីយ៍ទូរទស្សន៍​ចិន CCTV បាន​រាយការណ៍​ថា លោក​លី​បានធ្វើការ​កត់សម្គាល់​បែបនេះ​នៅឯ​កិច្ចប្រជុំ​មួយ​ជាមួយ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាមេរិក លោកស្រី អេ​លេន ចាវ​។​

​លោក ស្តេ​ហ្វិ​ន អេ​ម​ញូ​ជីន រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅកាន់​ប្រទេស​ចិន​ដើម្បី​ពិភាក្សា​អំពី​ការកាត់បន្ថយ​ភាព​តានតឹង​ពាណិជ្ជកម្ម​។​

​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​គំរាម​វាយ​ពន្ធ​លើ​ផលិតផល​ថ្មី​របស់​ចិន​តម្លៃ ១០០ ពាន់​លាន​ដុល្លារ ដែល​អាច​កំណត់​គោលដៅ​លើ ទូរស័ព្ទដៃ កុំព្យូទ័រ និង​ទំនិញប្រើប្រាស់​ផ្សេងៗ​ទៀត​។ ចិន​បាន​សងសឹក​លើ​ការ​វាយ​ពន្ធ​របស់​អាមេរិក​វិញ​ទៅលើ​ទំនិញ​នាំចេញ​របស់​អាមេរិក​ម​ក​កាន់​ចិន​តម្លៃ ៥០ ពាន់​លាន​ដុល្លារ​។​

​លោក​លី​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិន​ហួ​ថា “​គ្មាន​អ្នកឈ្នះ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ទេ ដែល​នឹងមិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចពិភពលោក​ប៉ុណ្ណោះ​ទេ ថែមទាំង​សង្វាក់​ឧស្សាហកម្ម​សកល​ទៀតផង​”​។​

​លោក​បាន​និយាយថា “​វា​ក៏​ជា​អ្វីដែល​សហគមន៍​អន្តរជាតិ​រំពឹង​ពី​ប្រទេស​យើង​ទាំង​២​ផងដែរ​”​។​

​លោក ឡារ​រី គូដ​ឡូ ទីប្រឹក្សា​សេដ្ឋកិច្ច​ជាន់ខ្ពស់​របស់លោក​ត្រាំ ដែល​នឹងចូលរួម​ជាមួយ​គណៈប្រតិភូ​របស់លោក​អេ​ម​ញូ​ជីន នៅ​ទីក្រុង​ប៉េកាំង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​សង្ឃឹមថា​កិច្ចចរចា​ជាមួយ​ចិន​នឹង​ផ្តល់នូវ​ការរីកចម្រើន ប៉ុន្តែ​ការដោះស្រាយ​ការ​ត្អូញត្អែរ​របស់​អាមេរិក​នឹង​ជា “​ដំណើរការ​ដ៏​យូរ​មួយ​”​។​

​លោក​ត្រាំ​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា សហរដ្ឋអាមេរិក​មាន “​ឱកាស​ខ្ពស់​ណាស់​” ក្នុង​ការធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​ចិន​ស្តីពី​ពាណិជ្ជកម្ម​។​

​ស៊ិន​ហួ​បាន​ដកស្រង់​សម្តី​លោក​លី​ដោយ​និយាយថា លោក​សង្ឃឹមថា​ប្រទេស​ទាំង​២​នឹង​អាច “​គ្រប់គ្រង​និង​ត្រួតត្រា​” ការខ្វែងគំនិត​គ្នា​របស់​ពួកគេ​បាន​៕ ដោយ៖ កញ្ញាដាលីស

លោក​លី កេ​ឈាំ​ង ទទួល​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាមេរិក លោកស្រី អេ​លេន ចាវ ក្នុង​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម