ដោយ: ពៅនិមល/ភ្នំពេញ: ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ (FTA-Korea) បានបញ្ចប់ជាផ្លូវការនៅព្រឹកថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២១នេះកម្ពុជាបាន រំពឹងទុកថា ការនាំទំនិញទៅកាន់កូរ៉េខាងត្បូងនឹងកើនឡើងលើសចំនួនបច្ចុប្បន្នជាង ១ពាន់លានដុល្លារ គិតចាប់ពីឆ្នាំនេះតទៅ។
ក្រោយចប់ពិធីប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភោគីត្រា រវាងលោកស្រី យូ មីន ហេ ( YOO Myung-hee) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ តាមប្រព័ន្ធវីដេអូ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមានថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ នឹងគ្រប់ដណ្តប់លើពាណិជ្ជកម្មទំនិញ ដែលក្នុងនោះរួមមាន ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព វិធានការអនាម័យនិងភូគាមអនាម័យ និងគ្រប់ដណ្តប់ផងដែរលើឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាព យន្តការដោះស្រាយវិវាទ អញ្ញត្រកម្ម ការរៀបចំស្ថាប័ន និងអវសាន្តបញ្ញត្តិ។
លោកបន្តទៀតថា កិច្ចព្រមព្រៀងនេះដែរនឹងពង្រីកបន្ថែមទៀតលើការធ្វើសេរីភា វូបនីយកម្មទីផ្សាររវាងប្រទេសទាំងពីរលើសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែល មានស្រាប់ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រម ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)ដែលទើបតែបានចុះហត្ថលេខានា ពេលថ្មីៗនេះ។ ជាពិសេស នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់កូរ៉េ បន្ថែមទៀតលើទំនិញដែលធ្លាប់នាំចេញនាពេលកន្លងមក មានដូចជា៖ផលិតផលកសិកម្ម សម្លៀកបំពាក់និងវាយនភណ្ឌ ស្បែកជើង កាបូន គ្រឿងបន្លាស់និងឧបករណ៍អេឡិចត្រូនិក ជាដើម។
ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ បានលើកឡើងថា បន្ទាប់ពីពិធីប្រកាស នេះ ប្រទេសទាំងពីរនឹងអនុវត្តនីតិវិធីក្នុងស្រុកសម្រាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ខាងលើ ដែលគ្រោងនឹងប្រព្រឹត្តទៅនាពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ។
លោកស្រីបន្ថែមថា សម្រាប់គោលបំណងនៃកិច្ចព្រមព្រៀងនេះ ដើម្បីពង្រឹងភាពជាដៃគូ សេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានភាព ទូលំទូលាយ ដោយផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកសំដៅបង្កើតផលប្រយោជន៍ សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ ឡើងថែមទៀត។ ដោយឡែក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានសម្តែង ការអបអរសាទរ និងសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងមានភាពងាយស្រួលជាងមុន ក្នុងការចរចារ និងធ្វើពាណិជ្ជកម្មរវាងកូរ៉េនិងកម្ពុជា។ លោកបន្តថា នេះជាដំណឹងល្អ ហើយយើងនឹងព្យាយាមបន្ថែមទៀតក្នុងការទាក់ទងដៃគូកូរ៉េជាដៃគូរកស៊ីស្រូវអង្ករ ដើម្បីពិភាក្សាលទ្ធភាពធ្វើពាណិជ្ជកម្មជាមួយគ្នាលើវិស័យស្រូវអង្ករ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានិងកូរ៉េខាងត្បូង សរុបមានប្រមាណជាង ១ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ កម្ពុជា ជាទីផ្សារនាំចេញ លំដាប់ទី៥៨ របស់កូរ៉េខាងត្បូង។ ភាគីកូរ៉េ ក្លាយជាប្រទេសទី២បន្ទាប់ពីប្រទេសចិនដែល បានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា៕/PC