ប្រែសម្រួលៈវាសនា/ប៉េកាំង៖ការចូលកាន់កាប់អំណាចរបស់យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការឃុំខ្លួនលោកស្រីអ៊ុង សាន ស៊ូជីគ្រាន់តែជា«ការរុះរើគណៈរដ្ឋមន្ត្រីធំមួយ» នេះបើតាមប្រព័ន្ធផ្សព្វផ្សាយចិន ដែលច្រានចោលការហៅព្រឹត្តិការណ៍នេះថាជារដ្ឋប្រហារមួយ។
នៅពេលបណ្តាមេដឹកនាំប្រជាធិបតេយ្យជុំវិញពិភពលោក រិះគន់យោធាមីយ៉ាន់ម៉ា ហើយប្រធានាធិបតីអាម៉េរិក គំរាមដាក់ទណ្ឌកម្មដោយសាររដ្ឋប្រហារនៅក្នុងប្រទេសនេះ ក្រុមមេដឹកនាំចិនបានប្រកាន់យកមធ្យោបានទន់ភ្លន់ជាង។រដ្ឋាភិបាលក្រុងប៉េកាំងបានអំពាវនាវអោយគ្រប់ភាគី នៅមីយ៉ាន់ម៉ា «ដោះស្រាយការខ្វែងគំនិតគ្នា»ហើយទីភ្នាក់ងារសារព័ត៌មានផ្លូវការចិន ស៊ីនហួរ កាលពីថ្ងៃចន្ទបានពណ៌នាការដោះដូររដ្ឋមន្ត្រីក្រោយរដ្ឋប្រហារថាជា «ការរុះរើគណៈរដ្ឋមន្ត្រីធំ»មួយ។
ស៊ីនហួរ បានរាយការណ៍ថា កាលពីថ្ងៃអង្គារនៅទីក្រុងណែពីដោរ មីយ៉ាន់ម៉ាបានបើកកិច្ចប្រជុំលើកដំបូងនូវរដ្ឋមន្ត្រីទើបតែងតាំងថ្មីរបស់ខ្លួន ក្រោយយោធាធ្វើការរុះរើគណៈរដ្ឋមន្ត្រីធំមួយ។អគ្គមេបញ្ជាការកងទ័ពលោក មីន អ៊ុងហ្លាំង ប្រធានាធិបតីស្តីទី អ៊ូ មីយីនត៍ ស្វេ និងរដ្ឋមន្ត្រីថ្មី៩រូបទៀត បានមានវត្តមាននៅក្នុងជំនួបនៅវិមានប្រធានាធិបតីនេះ។
ក្នុងកិច្ចប្រជុំ លោកមីន អ៊ុងហ្លាំង បានបញ្ចេញផែនការសំរាប់អនុវត្តក្នុងអំឡុងពេលគ្រាអាសន្ននេះ រួមមានការបើកអាគារសាសនានិងវត្ត បន្តការហោះហើរក្នុងស្រុក និងសេវាសណ្ឋាគារ ព្រមទាំងឧស្សាហកម្មស្របតាមវិធានការប្រឆាំងកូវីដ១៩ ព្រមទាំងធ្វើអោយសេដ្ឋកិច្ចមានសកម្មភាពឡើងវិញ ដើម្បីបង្កើតឳកាសការងារសំរាប់អ្នកអត់ការងារនិងបញ្ជូនពលរដ្ឋមីយ៉ាន់ម៉ាពីបរទេសមកពីបរទេសភ្លាមៗក្នុងអំឡុងពេលពិភពលោកជួបវិបត្តិជំងឺឆ្លង។
កាសែតជាតិនិយមចិន Global Times ក្នុងពេលជាមួយគ្នា បានស្រង់សម្តីអ្នកជំនាញការ ដែលថាការដណ្តើមអំណាចរបស់ពួកឧត្តមសេនីយ៍អាចត្រូវបានគេមើលឃើញថាជា«ការកែសម្រួលរចនាសម្ពន្ធអំណាចដែលមិនដំណើរការរបស់ប្រទេស»៕
យោធាមីយ៉ាន់ម៉ា លើកឡើងអំពីការដែលរដ្ឋាភិបាលមិនដោះស្រាយភាពមិនប្រក្រតីក្នុងការបោះឆ្នោតជាហេតុផលស្របច្បាប់សំរាប់ខ្លួនបណ្តេញរដ្ឋាភិបាលមុន