ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមហ៊ុន Facebook និយាយកាលពីថ្ងៃអង្គារទី០២ ខែកុម្ភៈថា ខ្លួនបានលុបផេកមួយដែលមានទំនាក់ទំនងនឹងបណ្តាញទូរទស្សន៍ដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារនៅសប្តាហ៍នេះដោយមេដឹកនាំយោធារបស់ប្រទេសនេះ។
ក្រុមអ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិមុននេះបាននិយាយថា ការនិយាយសម្អប់នៅលើ Facebook បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កអំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ា។ បណ្តាញសង្គមមួយនេះបានហាមឃាត់បណ្តាញទូរទស្សន៍នេះក្នុងឆ្នាំ ២០១៨ ។
អ្នកនាំពាក្យម្នាក់និយាយថា Facebook កំពុងចាត់ទុកស្ថានភាពប្រទេសនេះថាជាភាពអាសន្ននិងចាត់វិធានការបណ្តោះអាសន្នដើម្បីការពារប្រឆាំងនឹងគ្រោះថ្នាក់ផ្សេងៗដូចជាការដកមាតិកាដែលសរសើរឬគាំទ្ររដ្ឋប្រហារ។
ពាក់កណ្តាលនៃប្រជាជនមីយ៉ាន់ម៉ាចំនួន ៥៣ លាននាក់ប្រើប្រាស់ Facebook ដូច្នេះមានន័យថាប្រជាជនភាគច្រើនស៊ាំនឹងអ៊ីនធឺណេត។
ក្រសួងព័ត៌មានបាននិយាយថា កាលពីថ្ងៃអង្គារយោធាបានព្រមានប្រឆាំងនឹងការបង្ហោះដំណឹងដែលខ្លួននិយាយជាពាក្យចចាមអារ៉ាមនៅលើបណ្តាញសង្គមដែលអាចញុះញង់កុបកម្មនិងបង្កអស្ថិរភាព ពោលគឺមួយថ្ងៃបន្ទាប់ពីកងទ័ពបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារ៕
Facebook លុបចោលផេកណាដែលមានទំនាក់ទំនងជាមួយទូរទស្សន៍យោធាមីយ៉ាន់ម៉ា