អភិបាល​រាជធានី​៖ ជំរុញ​ឲ្យ​ខណ្ឌ​ទាំង​១៤ ប៉ូលិស​និង​កងរាជអាវុធហត្ថ​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ឱ្យ​កាន់តែ​ល្អប្រសើរ​

​ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឱ្យ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ទាំង​១៤ និង​កងកម្លាំងប្រដាប់អាវុធ ទាំង​ប៉ូលិស​និង​កងរាជអាវុធហត្ថ​ចំណុះឱ្យ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​ត្រូវ​ពង្រឹង​ការងារ​ឱ្យ​កាន់តែ​ល្អប្រសើរ​ជុំវិញ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ដែល​រាជរដ្ឋាភិបាល បាន​ដាក់ចេញ​ដើម្បី​រក្សា​ឱ្យបាន​នូវ​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។​

​ការជំរុញ​បែបនេះ​របស់ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​០៣​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​វត្តមាន លោក ស ថេត ស្នងការ​នគរបាល​រាជធានី លោក​រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី និង​អភិបាលខណ្ឌ​ទាំង​១៤​។​

​គួរ​បញ្ជាក់ថា​៖ កាលពី​១០​ឆ្នាំ​មុនគេ​ហៅថា នយោបាយ​ឃុំ សង្កាត់ មាន​សុវត្ថិភាព​ឥឡូវ​ឆ្នាំ​២០២១ ប្ដូរ​មកជា​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​វិញ​។​ក្នុង​រយះពេល​១០​ឆ្នាំ​ដែល​អនុវត្ត​គោលនយោបាយ​ឃុំ សង្កាត់​មាន​សុវត្ថិភាព​នោះ​រាជធានី​ភ្នំពេញ​អនុវត្តបាន​ល្អប្រសើរ​ហើយ​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើងថា​៖ ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​នេះ កន្លងមក​ឃើញថា យើង​អនុវត្តបាន​ល្អប្រសើរ​ហើយ បើទោះបី​ជាមាន​ភាព​ចន្លោះប្រហោង​បន្តិចបន្តួច​ក្តី​។

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​

​លោក​បន្តទៀតថា​៖ សម្រាប់​គោលនយោបាយ​ថ្មី ភូមិ ឃុំ​សង្កាត់ មាន​សុវត្ថិភាព​នេះ គឺ​បាន​ពាក់ព័ន្ធ​ទៅដល់​មន្ទីរ​មួយចំនួន​ក្រោម​ឱវាទ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ពិសេស​លើ​ការផ្ដល់សេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​រហ័ស និង​មាន​តម្លាភាព​។ លោក​បន្តទៀតថា​៖ មន្ទីរ​ដែលមាន​តួនាទី​នៃ​ការផ្ដល់​ច្បាប់​អនុញ្ញាត លើ​លិខិតបទដ្ឋាន​នានា ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បើក​អាជីវកម្ម​នានា ដូចជា​ការអនុញ្ញាត​ឲ្យ​មានការ​បូម​ខ្សាច់ ការអនុញ្ញាត​ឲ្យ​បើក​នៅ​ភោជនីយដ្ឋាន កុងស៊ីបញ្ចាំ កុងស៊ី​កាប់​ជ្រូក កាប់​គោ​ជាដើម មន្ទីរជំនាញ​ត្រូវតែ​ចុះ​សិក្សា​ឲ្យ​បានច្បាស់លាស់​មុននឹង​អនុញ្ញាត​ឱ្យគេ​បើក​អាជីវកម្ម​។ ថា​តើ​អាជីវកម្ម​ទាំងនោះ​សមស្រប​នឹង​ការអនុញ្ញាត​របស់​យើង​ដែរឬទេ​។​

​លោក ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ ពាក់ព័ន្ធ​នឹង​សន្តិសុខ​សុវត្ថិភាព​នេះ ទាំង​អ្នកមាន អ្នកក្រ ប្រទេស​ណាក៏ដោយ​គេ​ចង់បាន​គ្រប់គ្នា​។ ដូច្នេះ​ក្នុងនាម​អាជ្ញាធរ​កងកម្លាំងប្រដាប់អាវុធ​ត្រូវបាន​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បានល្អ​នូវ​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់ មាន​សុវត្ថិភាព​នេះ​អោយ​បានល្អ ដើម្បី​ទទួលបាន​នូវ​ការជឿទុកចិត្ត​នឹង​ទទួលបាន​នូវ​ភាព​កក់​ក​ពី​បងប្អូន​ប្រជាពលរដ្ឋ​។​

​ពាក់ព័ន្ធ​នឹង​ទំនាស់​នានា​នៅក្នុង​មូលដ្ឋាន​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ប្រឹងប្រែង​ដោះ​បញ្ចប់​កុំ​អី បញ្ជូនមក​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោះ​។ ជាងនេះទៅទៀត​ជុំវិញ​ប្រតិបត្តិការ និង​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅក្នុង​មូលដ្ឋាន ត្រូវ​ហ៊ុមព័ទ្ធ​កន្លែងកើតហេតុ និង​ព្រឹត្តិការណ៍​ទាំងនោះ​ឲ្យ​បាន​ឲ្យ​បាន​ម៉ឺងម៉ាត់​ចៀសវាង​នូវ​បញ្ហា​ផ្សេងៗ​ដែល​កើតមានឡើង ដោយសារតែ​ការគ្រប់គ្រង​របស់​យើង​មិន​បានល្អ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular