ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រគល់ផ្ទះចំនួន ៣ខ្នង និងចែកអំណោយមនុស្សធម៌ ជូនគ្រួសារពលរដ្ឋជីវភាពខ្វះខាតចំនួន៦០គ្រួសារ នៅស្រុកកំពង់ស្វាយ។
ក្នុងនោះ បានប្រគល់ផ្ទះចំនួន ៣ខ្នង ក្នុង១ខ្នងៗមានទំហំ 4m x 6m ដែលមានទីតាំងបីផ្សេងគ្នា និងចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៦០គ្រួសារ ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកសុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជួយដល់ពុកម៉ែបងប្អូនជា ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារ ដោយមិនមានអាជ្ញាធរបានដឹង។ ទីណាមានទុក្ខលំបាកទីនោះតែងតែមានមន្ត្រីកាកបាទក្រហមចុះជួយជានិច្ច។
បានថ្លែងអំណរគុណ ដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន និងសប្បុរសជននានា ដែលបានជួយជ្រោមជ្រែងផ្តល់អំណោយកាកបាទក្រហម សម្រាប់យកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនាពេលកន្លងមក។
ទន្ទឹមនឹងនោះលោកក៏បានជំរុញដល់ប្រធានអនុសាខាកាកបាទក្រហមស្រុក សូមខិតខំស្វែងរកអំណោយមនុស្សធម៌ នឹងបន្តចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាន ១គ្រួសារ ឬ២គ្រួសារ ឱ្យបានទាន់ពេលវេលា ៕