ដោយ: យោធិន / កណ្តាលៈ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ជ្រោមជ្រែងដោយលោកឧត្តមសេនីយ៍ឯក គង់ អៀង ទីប្រឹក្សាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើនសកម្មភាពស្ថាបនាផ្លូវបេតុង ក្នុងមូលដ្ឋានឃុំព្រែកអញ្ចាញជាបន្តបន្ទាប់សំដៅអភិវឌ្ឍមូលដ្ឋានខាងលើនេះ ឲ្យមានប្រព័ន្ធផ្លូវបេតុងខ្វាត់ខ្វែងទាំងអស់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ឲ្យដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើនេះ ហើយក៏ដើម្បីលុបបំបាត់ទាំងស្រុងផ្លូវដីរដិបរដុបនាពេលកន្លងទៅផងដែរ។
នេះបើតាមប្រសាសន៍លើកឡើងរបស់ឧត្តមសេនីយ៍ឯក គង់ អៀង ទីប្រឹក្សាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចុះពិនិត្យសកម្មភាពស្ថាបនាផ្លូវបេតុងក្នុងមូលដ្ឋាន ឃុំព្រែកអញ្ចាញ នាដំណាច់ខែមករា ឆ្នាំ២០២១ន្លងទៅថ្មីៗនេះ។
សូមបញ្ជាក់ថាៈសមិទ្ធផលប្រព័ន្ធផ្លូវបេតុងខ្វាត់ខ្វែងស្ទើរពេញទាំងមូលដ្ឋាឃុំព្រែកអញ្ចាញខាងលើនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល ហើយក៏មានការចូលរួមចំណែកថវិកាពីបងប្អូនប្រជាពលរដ្ឋផងដែរ។
លោកវរសេនីយ៍ទោ សង គឹមហៀង នាយទាហានក្នុងកងឯកភាពលេខ១៨១ នាយកដ្ឋានវិស្វកម្មក្រសួងកាពារជាតិ ដែលទទួលបន្ទុកក្នុងការស្ថាបនាផ្លូវបេតុង ក្នុងឃុំព្រែកអញ្ចាញខាងលើនេះបានបញ្ជាក់ឲ្យដឹងថាៈមកទល់នឹងពេលបច្ចុប្បន្ននេះការងារស្ថាបនាផ្លូវក្រាលបេតុងសម្រេចបានប្រវែង២៦៦០ម៉ែត្រ។
លោកវរសេនីយ៍ទោ សង គឹមហៀង បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះកងកម្លាំងជំនាញវិស្វកម្មកងលេខ១៨១នៃនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ បាននិងកំពុងស្ថាបនាលូវបេតុងថ្មីមួយខ្សែទៀត ប្រវែងជាង៩០០ម៉ែត្រ ទទឹង៦ម៉ែត្រ និងកម្រាស់០,២០ម៉ែត្រ ឲ្យបានរួចរាល់ជាស្ថាពរនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ៕