ប្រែសម្រួល : កញ្ញាដាលីស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននិយាយថាក្រុមអធិការកិច្ចរបស់អង្គការសុខភាពពិភពលោក (WHO)នឹងចុះទៅមន្ទីរពិសោធន៍មួយនៅទីក្រុងអ៊ូហានរបស់ចិននៅថ្ងៃពុធទី៣កុម្ភៈនេះ ដែលក្រុមមន្ត្រីអាម៉េរិកលើកឡើងថាអាចជាប្រភពនៃវីរុសកូរ៉ូណា។
ការចុះពិនិត្យវិទ្យាស្ថានរោគវិទ្យាអ៊ូហាន ដែលរៀបចំការស្រាវជ្រាវលើវីរុសគ្រោះថ្នាក់បំផុតនៅលើពិភពលោកនឹងក្លាយជាកន្លែងមួយដែលគេតាមឃ្លាំមើលបំផុតលើការស៊ើបអង្កេតរបស់ក្រុមនេះទៅលើប្រភពដើមនៃជំងឺរាតត្បាតកូវីដ១៩។
បេសកកម្មរសើបនេះ មានភារកិច្ចស្វែងយល់ពីរបៀបដែលវីរុសលោតពីសត្វទៅមនុស្ស។ប៉ុន្តែសំណួរនៅតែមានជុំវិញអ្វីដែលអ្នកជំនាញអាចសង្ឃឹមរកឃើញ បន្ទាប់ពីពេលវេលាបានកន្លងផុតជាយូរមកនោះ។
ក្រុមអ្នកវិទ្យាសាស្ត្រគិតថា កូវីដ១៩ ដែលលេចឡើងដំបូងនៅអ៊ូហានហើយបានសម្លាប់មនុស្សជាង ២ លាននាក់នៅទូទាំងពិភពលោក មានដើមកំណើតចេញពីសត្វប្រចៀវហើយអាចចម្លងទៅមនុស្សតាមរយៈថនិកសត្វមួយទៀត។ប៉ុន្តែមកទល់ពេលនេះមិនទាន់មានចម្លើយច្បាស់លាស់នៅឡើយទេ។
មានការប៉ាន់ស្មាននៅដំណាក់កាលដំបូងក្នុងពេលផ្ទុះជំងឺរាតត្បាតថា វីរុសកូរ៉ូណាអាចធ្លាយចេញដោយចៃដន្យពីមន្ទីរពិសោធន៍ជីវសុវត្ថិភាពនៅទីក្រុងអ៊ូហានទោះបីមិនមានភស្តុតាងដើម្បីគាំទ្រទ្រឹស្តីនេះក៏ដោយ។
នៅពេលនោះប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំ និងអ្នកគាំទ្ររបស់លោកបានកេងចំណេញលើពាក្យចចាមអារ៉ាមទាំងនោះហើយបានបំប៉ោងពាក្យទាំងនោះថាចិនមានបំណងព្រលែងមេរោគឱ្យឆ្លងពេញពិភពលោក៕
ក្រុមអធិការកិច្ចរបស់អង្គការសុខភាពពិភពលោកទៅដល់វិទ្យាស្ថានរោគវិទ្យាអ៊ូហាននៅថ្ងៃពុធ