ដោយ: បូកគោ / កំពត: មានប្រសាស៍ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកអភិបាលខេត្តកំពតបានណែនាំដល់មន្ត្រីជំនាញធនធានរ៉ែ និងអាជ្ញាធរពាក់ព័ន្ធត្រូវត្រួតពិនិត្យគ្រប់គ្រង ព្រមទាំងអនុវត្តការងារឱ្យបានច្បាស់លាស់ដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាកំណើនប្រាក់ចំណូលពន្ធ។
លោកជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថាបច្ចុប្បន្នការជីកកាយ និងដឹកជញ្ជូនដី ថ្ម ខ្សាច់ ព្រមទាំងសារធាតុរ៉ែផ្សេងៗទៀតកំពុងមានសកម្មភាពគគ្រឹកគគ្រេងក្នុងក្រុងស្រុកទូទាំងខេត្ត។ ប្រជាពលរដ្ឋបានធ្វើសេចក្តីរាយការណ៍ផ្ទាល់ចូលមកឯកឧត្តមមិនសូវលោះពេលទេពីការដឹកដីបង្កឱ្យខូចផ្លូវ និងហុយធូលីរំខានការស់នៅ ក៏ដូចជាការធ្វើដំណើរស្ទើរគ្រប់ទីកន្លែង។ ផ្តើមចេញពីពាក្យរិះគន់ទាំងនេះ មន្ត្រីជំនាញ និងគ្រប់អាជ្ញាធរមានសមត្ថត្រូវចុះត្រួតពិនិត្យ និងចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត ដើម្បីផ្តល់ភាពសុខដុមរមនាសម្រាប់ប្រជាពលរដ្ឋដែលទទួលរងផលអាក្រក់ ដោយសារសកម្មភាពបែបអនាធិបតេយ្យនោះ។
លោកអភិបាលខេត្តបានបន្តថា មន្ត្រីក្នុងដែនសមត្ថកិច្ចត្រូវតាមដានឱ្យបានហ្មត់ចត់ ដោយតម្រូវឱ្យគ្រប់អ្នកដឹកជញ្ជូនអនុវត្តតាមបទដ្ឋាន ដើម្បីកាត់បន្ថយទាំងការខូចខាតផ្លូវ ក៏ដូចជាក្តីប្រឈមចំពោះសុខភាពនៃអ្នកដំណើរ និងប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាដើម។ ម្យ៉ាងទៀត នៅពេលមន្ត្រីជំនាញក្តាប់បានណែនលើអាជីវកម្មពាក់ព័ន្ធកិច្ចការរ៉ែស្ថិតក្នុងដែនគ្រប់គ្រងរបស់ខ្លួននោះប្រាក់ចំណូលរដ្ឋនឹងកើនឡើងជាក់ជាមិនខាន។
លោក ជាវ តាយ បានលឹកថា មន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការដោយភាពម៉ឺងម៉ាត់តែទន់ភ្លន់ ចំពោះអ្នកប្រព្រឹត្តលើ្មសនឹងផ្លូវច្បាប់។ ប្រសិនបើមន្ត្រីក្នុងដែនជំនាញព្រងើយកន្តើយនោះ ការអនុវត្តច្បាប់នឹងមានភាពធូររលុង ហើយរដ្ឋក៏ត្រូវបាត់បង់ប្រាក់ចំណូលផងដែរ៕