Home ព័ត៌មានជាតិ សង្គម អាជ្ញាធរ​កោះក...

អាជ្ញាធរ​កោះកុង នឹង​បង្កើន​ត្រួតពិនិត្យ​ចំណត​យានយន្ត ខណៈ​បារម្ភ​ពី​លំហូរ​ពលករ​ខ្មែរ​ដែល​គេចវេស​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​

​ដោយៈ​សុ​ផានី​តា​/​កោះកុងៈ រដ្ឋបាល​ខេត្តកោះកុង នឹង​បង្កើត​ក្រុមការងារ​មួយ ដើម្បី​ចុះ​ត្រួតពិនិត្យ​តាម​ចំណតរថយន្ត​ក្នុងភូមិ​សាស្ត្រ​គោលដៅ​ខ្លាចក្រែង​មានការ​លួចលាក់​ដឹក​ជ​ញ្ចូ​ន​ពលករ​ខ្មែរ​ខុសច្បាប់​មកពី​ប្រទេស​ថៃ ដែល​គេចវេស​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​បង្ក​ឱ្យ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​លោក សំ ឃិត​វៀន អភិបាលរង​ខេត្តកោះកុង ក្នុង​កិច្ចប្រជុំ​ស្តីពី​ការទប់ស្កាត់​លំហូរ​ពល​ករ​ខ្មែរ​ខុសច្បាប់​មកពី​ប្រទេស​ថៃ​អំឡុងពេល​ជំងឺ​កូ​វីដ​-១៩ កាលពី​រសៀល​ថ្ងៃទី​២ កុម្ភៈ ២០២១ បានបង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​លំហូរ​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​មកពី​ខេត្ត​ត្រាត ប្រទេស​ថៃ តាមរយៈ​ច្រកព្រំដែន​ផ្លូវទឹក ព្រោះ​ជា​ភូមិសាស្ត្រ​មួយ​ប្រឈម​នឹង​បញ្ហា​ជាច្រើន ដែល​មិន​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​លំហូរ​ពលករ​ខ្មែរ ខុសច្បាប់​លួច​ឆ្លងដែន ដោយមាន​មេខ្យល់​រង់ចាំ​ដឹក​ជ​ញ្ចូ​ន​ក្រោមរូបភាព​ផ្សេងៗ​គ្នា ជាពិសេស​នៅពេល​យប់​ជ្រៅ​។ ការ​លួច​ឆ្លងដែន​តាម​ទូក​នេះ គឺ​ដើម្បី​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​រក​ស្វែង​មេរោគ​កូ​វីដ​-១៩​។​

​ពុំមែន​តែ​បារម្ភ​នោះទេ គឺ​លោក នឹង​សុំ​គោលការណ៍​ពី​លោកស្រី​អភិបាលខេត្ត បង្កើត​ក្រុ​ការងារ​ជំនាញ​ចុះ​ពិនិត្យ​នៅតាម​ចំណត​យានយន្ត​ទាំងអស់ ជៀសវាង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ទាំង​មិនបាន​ឆ្លងកាត់​ធ្វើ​ពិនិត្យ​សុខភាព​ត្រឹមត្រូវ​។ រីឯ ច្រក​ដែន​ផ្លូវទឹក ក៏​អាជ្ញាធរ​មូលដ្ឋាន​សមត្ថ​កិច្ច បង្កើន​ពង្រឹង​ការពារ​ទប់ស្កាត់​ឱ្យបាន​ម៉ឺងម៉ាត់​ឡើងវិញ និង​បន្ថែម​កម្លាំង​យាម​ប្រចាំការ​តាម​ប៉ុស្តិ៍​ផ្លូវទឹក ពីព្រោះ​ច្រក​ផ្លូវទឹក​អាច​លទ្ធភាព​ខ្ពស់​ចំពោះ​ការ​វេស​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​របស់​ពលករ​។​

​ដោយឡែក ច្រកព្រំដែន​គោក​វិញ គឺ​សមត្ថកិច្ច​នគរបាល និង​យោធា​ការពារ​ព្រំដែន កំពុង​អនុវត្ត​វិធានការ​ល្បាត​ស្វែងរក​ពលករ​ខ្មែរ​មក​ដែល​ឆ្លងដែន​មកពី​ថៃ​ទាំងយប់​ទាំង​ថ្ងៃ ដូច្នេះ​អាជ្ញាធរ​អាច​ទប់ស្កាត់ និង​គ្រប់គ្រង​លំហូរ​ពលករ​បាន​ស្ទើរតែ​១០០​ភាគរយ​ហើយ​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ មាន​ពលករ​ខ្មែរ​ស្រី​ប្រុស​ចំនួន​៨៣​នាក់ ស្ត្រី​២៦​នាក់ បន្ត​ចាក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស​ក័ ដែល​រដ្ឋបាលខេត្ត និង​ក្រុមការងារ​ជំនាញ​បានរៀបចំ​ទីកន្លែង​ស្នាក់នៅ ហូបចុក និង​តាមដាន​ពិនិត្យ​សុខភាព​ជូន​ពួកគាត់​១៤​ថ្ងៃ​ស្វែងរក​វីរុស​កូ​វីដ បន្ទាប់ពី​ការឆ្លង​ដែន​មកពី​ថៃ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular