ប្រែសម្រួល : កញ្ញាដាលីស ៖ អាជ្ញាធរនិយាយនៅថ្ងៃពុធទី៣កុម្ភៈថា យ៉ាងហោចណាស់ផ្ទះចំនួន ៧១ ខ្នងត្រូវបានបំផ្លាញនៅក្នុងភ្លើងព្រៃដែលកំពុងឆាបឆេះនៅជិតទីក្រុងធំបំផុតទី ៤របស់អូស្ត្រាលីគឺទីក្រុងភឺត ខណៈពួកគេប្រាប់ប្រជាជនឱ្យព្រងើយកន្តើយនឹងបទបញ្ជាបិទក្រុង ហើយជម្លៀសខ្លួនចេញពីតំបន់ដែលរងការគំរាមកំហែង។
ការឆាបឆេះនេះបានរាលដាលលើដីមួយភាគធំនៅតំបន់ជួរភ្នំភឺត ហើយកំពុងឆ្ពោះទៅរកតំបន់សម្បូរមនុស្សរស់នៅ។
អ្នកពន្លត់អគ្គិភ័យចំនួន ៦ នាក់បានរងរបួសស្រាល ក្នុងនោះមានម្នាក់ដែលមន្ត្រីនិយាយថារងរបួសរលាកហើយនៅតែបន្តធ្វើការពន្លត់អគ្គិភ័យប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍អំពីការស្លាប់និងរបួសធ្ងន់ធ្ងរនៅឡើយទេ។
ស្នងការពន្លត់អគ្គិភ័យអូស្ត្រាលីលោក ដារិន ក្លេម និយាយថា “ចំពោះប្រជាជនដែលបាត់បង់ផ្ទះសម្បែងរបស់ពួកគេ វាពិតជាគួរឱ្យរន្ធត់ណាស់សម្រាប់ពួកគេ។ យើងចូលរួមសោកស្តាយចំពោះពួកគេផង”។
សញ្ញាអាសន្នជាច្រើនត្រូវបានប្រកាស ដោយស្ថានភាពភ្លើងទំនងកាន់តែអាក្រក់ទៅៗនៅល្ងាចថ្ងៃពុធនេះហើយខ្យល់បក់ខ្លាំងរំពឹងធ្វើភ្លើងឆាបឆេះកាន់តែលឿន៕
អ្នកពន្លត់ភ្លើងជាង២០០នាក់កំពុងពន្លត់ភ្លើងព្រៃក្បែរក្រុងភឺត