ដោយៈបូកគោ/កំពតៈ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត បានក្រើនរំលឹកដល់អ្នកគ្រប់គ្រង និងលោកគ្រូអ្នកគ្រូ ឱ្យយកចិត្តទុកដាក់ជាចម្បង ចំពោះសុខភាពសិស្សានុសិស្ស ដើម្បីទទួលបាននូវធានធានមនុស្សប្រកបដោយគុណភាពទៅថ្ងៃអនាគត នៅក្នុងពិធីសម្ពោធនូវអណ្តូងទឹកស្អាត និងកន្លែងលាងសម្អាតដៃសម្រាប់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សបានប្រើប្រាស់ប្រចាំថ្ងៃ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាបឋមសិក្សារលួសស្ថិតក្នុងឃុំបឹងទូក ស្រុកទឹកឈូ។
លោកស្រីលាងហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពតបានមានប្រសាសន៍ថា ដើម្បីទទួលបាននូវធានធានមនុស្សប្រកបដោយគុណភាពនាពេលអនាគត គ្រប់ផ្នែកពាក់ព័ន្ធ ក៏ដូចជាអ្នកគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពកុមារជាចម្បង។ ផ្តើមចេញពីបញ្ហានេះ សូមលោកគ្រូ អ្នកគ្រូបន្តក្រើនរំលឹកដល់សិស្សានុសិស្សឱ្យអនុវត្តវិធីសាស្ត្រល្អៗមួយចំនួន ដូចជាត្រូវពិសាទឹកដាំពុះ និងលាងដៃឱ្យបានស្អាតមុនពេលបរិភោគអាហារ។ ការប្រតិបត្តិបាននូវទម្លាប់ទាំងនោះនឹងអាចជួយកុមារឱ្យជៀសផុតពីជំងឺតម្កាត់ផ្សេងៗ។
ពាក់ព័ន្ធនឹងសមិទ្ធផលថ្មី ដែលបានដាក់ឱ្យប្រើប្រាស់នេះ លោកស្រីអនុប្រធានអចិន្ត្រៃយ៍បានបញ្ជាក់ថា ដោយសារតំបន់មួយចំនួនអាចប្រឈមនឹងគ្រោះរាំងស្ងួតព្រោះតែបម្រែបម្រួលអាកាសធាតុ សូមលោកគ្រូ អ្នកគ្រូ និងក្មួយៗកុមារាកុមារីចូលរួមប្រើប្រាស់ទឹកតាមលក្ខណៈសន្សំសំចៃទាំងទឹកស្អាត ក៏ដូចជាទឹកមិនស្អាតនោះ។ ជាមួយគ្នានេះ សូមអ្នកគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងប្អូនៗជាសិស្សានុស្សិនៅក្នុងសាលាបឋមសិក្សារលួសទាំងមូលចូលរួមថែរក្សាអណ្តូងទឹកស្អាត និងកន្លែងលាងសម្អាតដៃដែលជាសមិទ្ធផលថ្មីឱ្យគង់វង្សដើម្បីបានប្រើប្រាស់យូរអង្វែង៕