លោក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ អះអាងថា លោក​មិនទាន់មាន​ទំនាក់ទំនង​ជាមួយមន្ត្រី​នៅ​ក្លិប អា​សេណ​លទេ​

997
ចែករម្លែក

លោក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ (Diego Simeone) គ្រូបង្វឹក​របស់​ក្លឹប Atletico Madrid អះអាងថា លោក​គ្មាន​ការទាក់ទង​ជាមួយ​ក្លឹប Arsenal ជុំវិញ​តំណែង​អ្នកចាត់ការ​នៅ​ទំនេរ នៅ​ពហុ​កីឡដ្ឋាន Emirates ទេ​។​

​លោក អេ​សេន វែង​ហ្គើ (Arsene Wenger) បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា លោក​នឹង ចាក​ចេញពី​ក្រុម​កាំភ្លើង​ធំ​នៅ​ដំណាច់​រដូវ​កាល​នេះ ហើយ​លោក ស៊ី​ម៉ូ​ណេ គឺជា​បេក្ខភាព ម្នាក់​ក្នុងចំណោម​បេក្ខភាព​ដែល​ត្រូវ​ចូលកាន់​តំណែង​នេះ​។

​ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​អះអាងថា លោក​រីករាយ​នៅ​រដ្ឋធានី​អេ​ស្ប៉ា​ញ​មុនពេល ក្រុម របស់លោក​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម Arsenal នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្របខណ្ឌ Europa League ។​

​នៅពេល​សួរនាំ​ដោយ​ត្រង់ៗ​ជុំវិញ​តំណែង​នៅ​ទំនេរ​នោះ លោក ស៊ី​ម៉ូ​ណេ បាន​និយាយថា “​ទេ​! ខ្ញុំ​មិនបាន​និយាយ​ជាមួយ​នរណាម្នាក់​នៅ​ក្លឹប Arsenal ទេ​”​។ លោក ស៊ី​ម៉ូ​ណេ ក៏បាន​សម្តែង ការគោរព​យ៉ាងខ្លាំង​ចំពោះ​លោក វែង​ហ្គើ ដែល​នឹង​ប្រកាស​ចាកចេញ​ពី Arsenal បន្ទាប់ពី ចំណាយពេល​២២​ឆ្នាំ​។

​លោក ស៊ី​ម៉ូ​ណេ បាន​និយាយថា “​រឿង​ដំបូង​ដែល​ស្ថិតក្នុង​ចិត្ត​របស់ខ្ញុំ​គឺ​ការកោតសរសើរ ចំពោះ​លោក វែង​ហ្គើ​។ ខ្ញុំ​ត្រូវតែ​រៀបចំ​វិធីសាស្ត្រ​ឡើងវិញ​។ ខ្ញុំ​មើលឃើញថា ខ្ញុំ​គឺជា​គ្រូបង្វឹក វ័យក្មេង ហើយ​ខ្ញុំ​ចង់​សង្កេតមើល​និង​រៀនសូត្រ​ពី​គាត់​។ តំណែង​ដែល​គាត់​គ្រប់គ្រង​ក្នុង​វិស័យ បាល់ទាត់​នេះ​គឺ​អស្ចារ្យ​មែនទែន​”​។​

​លោក ស៊ី​ម៉ូ​ណេ បន្តថា “​ការទទួលបាន​គំនិត​យោបល់​ពី​លោកគ្រូ​បង្វឹក​ដូចជា​លោក វែង​ហ្គើ គឺ​ពិតជា​អស្ចារ្យ​ណាស់​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ (Diego Simeone)

ទីតាំងផ្សាយពាណិជ្ជកម្ម