ដោយៈសរិទ្ធ/ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅជិតខាងបានប្រទះឃើញស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ស្លាប់ក្នុងបន្ទប់ជួលមួយកន្លែងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះឈ្មោះ ឈុត និត អាយុ៣៦ឆ្នាំ ជាកម្មករក្រុមហ៊ុនស៊ិនទ្រី ផ្នែកបោសជូត និងមានស្រុកកំណើតនៅខេត្តកំពង់ចាម ។ ស្ត្រីរងគ្រោះរូបនេះធ្លាប់មានប្តី២នាក់រួចមកហើយ ដោយមានកូនចំនួន៣ក្នុងបន្ទុកគ្រួសារផងដែរ ។ បច្ចុប្បន្នស្ត្រីរងគ្រោះស្នាក់នៅតែម្នាក់ឯងបន្ទាប់ពីប្តីទី៣របស់ស្ត្រីរងគ្រោះបានចុះចោលគាត់អស់រយៈពេល៣ខែកន្លងគ្រាដែលស្ត្រីរងគ្រោះកំពុងពរពោះកូនក្នុងផ្ទៃ៥ខែផងដែរ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្បែរបន្ទប់ជួលរបស់ស្ត្រីរងគ្រោះខាងលើនោះបានប្រាប់ឱ្យដឹងថាអស់រយៈពេល២ថ្ងៃកន្លងនេះចេះតែមានក្លិនស្អុយដោយមិនដឹងសាយភាយមកពីណាឡើយ។លុះយប់ថ្ងៃទី២កុម្ភៈម្សិលមិញនេះក្រុមក្មេងៗបាននាំគ្នាអើតមើលតាមប្រហោងបង្អួចបន្ទប់ស្ត្រីរងគ្រោះក៏បានឃើញនាងដេកផ្ញារនិងមានឈាមហូរជាច្រើនផងដែរ។បន្ទាប់ពីឃើញបែបនេះក្រុមក្មេងៗទាំងនោះ បានរត់ទៅប្រាប់ឪពុកម្តាយដែរប៉ុន្តែពុំមាននណារជឿឡើយ។តាមប្រភពដដែលបានបន្តថាលុះព្រឹកថ្ងៃទី៣កុម្ភៈចេះតែធុំក្លិនស្អុយកាន់តែខ្លាំងទៅៗក្រុមឪពុកម្តាយក្មេងៗទាំងនោះបានរាយការណ៍ទៅម្ចាស់បន្ទប់ជួលតាមសម្តីរបស់កូនៗដែលបានប្រាប់នោះដើម្បីអោយម្ចាស់ផ្ទះជួលចូលទៅពិនិត្យមើល។
តាមប្រភពដដែលបានបន្តទៀតថាបន្ទាប់ពីម្ចាស់ផ្ទះជួលបានទទួលព័ត៌មានបែបនេះហើយក៏រាយការណ៍បន្តជូនសមត្ថកិច្ចមូលដ្ឋានដើម្បីគាស់ទ្វារបន្ទប់ជួលចូលទៅពិនិត្យមើលទាំងអស់គ្នាព្រោះបន្ទប់នោះត្រូវចាក់សោ.ពីខាងក្នុង។លុះពេលកម្លាំងនគរបាលនិងក្រុមអាជ្ញាធរសង្កត់ទៅដល់ក៏បាននាំគ្នាគាស់ទ្វារបន្ទប់ចូលទៅខាងក្នុងស្រាប់តែប្រទះឃើញសពស្ត្រីរងគ្រោះដេកស្លាប់ប្រាកដមែនដោយសពមានសភាពស្អុយរលួយ និងប្រឡាក់ពេញទៅដោយឈាម ។
តាមប្រភពព័ត៌មានពីក្រុមអ្នកជួលផ្ទះក្បែរនោះបានអោយដឹងទៀតថាកាលពីប៉ុន្មានថ្ងៃកន្លងទៅស្ត្រីរងគ្រោះធ្លាប់បានដើរប្រាប់អ្នកជិតខាងថានាងនឹងលេបថ្នាំទម្លាក់កូនចោល។លុះ២ទៅ៣ថ្ងៃក្រោយមកក៏បាត់ស្ត្រីរងគ្រោះឈឹងតែម្តងដោយមិនដឹងថានាងនៅក្នុងបន្ទប់ឬរវល់ចេញទៅក្រៅឡើយ ព្រោះទាំងម្ចាស់ផ្ទះជួល និងអ្នករស់នៅបន្ទប់ក្បែរនោះ មិនបានឃើញស្ត្រីរងគ្រោះឡើយហើយក៏មិនបានចាប់អារម្មណ៍ថា ស្ត្រីរងគ្រោះបាត់ខ្លួនដែរ ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលផ្នែកកោសល្យវិច្ច័យបានចុះធ្វើការពិនិត្យដោយបញ្ជាក់ថាស្ត្រីរងគ្រោះបាត់បង់ជីវិតដោយសារការបាត់បង់ឈាមច្រើនពេកព្រោះតែនាងលេបថ្នាំទម្លាក់កូន។បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចហើយសមត្ថកិច្ចពុំអាចទំនាក់ទំនងទៅសាច់ញាតិរបស់ស្ត្រីរងគ្រោះបានឡើយ ក៏សម្រេចដឹកយកទៅកាន់វត្តទឹកថ្លា ដើម្បីបូជានៅទីនោះតែម្តង ។ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ គេក៏សង្កេតឃើញវត្តមានប្តីទី៣របស់ស្ត្រីរងគ្រោះបានមកដល់ទីតាំងកើតហេតុ តាមការហៅមកសួរនាំពីសំណាក់សមត្ថកិច្ច ។ លុះពេលសមត្ថកិច្ចធ្វើការសួរនាំរួចបុរសរូបនោះក៏ចាកចេញទៅវិញដោយមិនបានដឹងឮជុំវិញការបាត់បង់ជីវិតរបស់ស្ត្រីរងគ្រោះជាប្រពន្ធឡើយ ព្រោះពួកគាត់បានបែកបាក់គ្នាអស់រយៈពេល៣ខែកន្លងមកហើយ ៕.mara