ដោយ: ស៊ាថាំង / ភ្នំពេញ: នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកវង្សី វិស្សុត រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អនុប្រធាន ឧត្ដម ក្រុមប្រឹក្សា សេដ្ឋកិច្ច ជាតិ និង ជា ប្រធានក្រុម ការងាររៀបចំ សេចក្ដីព្រាង ក្របខណ្ឌ គោលនយោបាយ សេដ្ឋកិច្ច ឌីជីថល កម្ពុជា បាន ដឹកនាំ កិច្ច ប្រជុំ កម្រិត បច្ចេកទេសក្រុម ការងារ អន្តរក្រសួង ដើម្បីពិភាក្សា និង ពិនិត្យ ជារួម ទៅលើ សេចក្ដីព្រាងក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និង សង្គម ឌីជីថលកម្ពុជា។
មន្ត្រីបាននិយាយថា ក្នុងយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី ៤ បាន ចង្អុល បង្ហាញអំពីភាព ចាំ បាច់ ក្នុង ការត្រៀម ខ្លួន សម្រាប់ សេដ្ឋកិច្ចឌីជីថល និង ឆ្លើយត ប នឹង បដិវត្តន៍ ឧស្សាហកម្ម ទី៤ សំដៅទាញយកអត្ថប្រយោជន៍ជាអតិបរមាពី ការ រីកចម្រើន យ៉ាង ឆាប់ រហ័ស ផ្នែក បច្ចេកវិទ្យា និង ឌីជីថលូបនីយកម្ម ទាំង ក្នុង ប្រទេស តំបន់ និង សកល ។ ស្រប តាម ការកំណត់ របស់ យុទ្ធសាស្ត្រ ចតុកោណ-ដំណាក់កាលទី ៤, សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេច និង ណែនាំឱ្យឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដឹកនាំរៀបចំក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា។ ដោយគិតគូរអំពីការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម សម្រាប់កម្ពុជា, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា បាន ពង្រីក វិសាលភាពគ្របដណ្ដប់ ទាំងលើ ផ្នែក សង្គមឌីជីថល ផងដែរ ដោយ ប្រែក្លាយ ជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គម ឌីជីថលកម្ពុជា ។
មន្ត្រីបានអោយដឹងដែរថា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គម ឌីជីថលកម្ពុជា គឺជាឯកសារយុទ្ធសាស្ត្រ ដែល បាន ឆ្លុះបញ្ចាំងពីការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅកសាងសង្គម និងសេដ្ឋកិច្ចឌីជីថល ឱ្យក្លាយជាចន្ទល់កំណើន សេដ្ឋកិច្ចថ្មី ព្រមទាំងចូល រួម ចំណែក លើកកម្ពស់ភាព ប្រកួតប្រជែង និងជំរុញ ការ ធ្វើពិពិធកម្ម សេដ្ឋកិច្ច និង លើកកម្ពស់ សុខុមាលភាព របស់ ប្រជាជននៃសង្គមឌីជីថលកម្ពុជា។ ក្របខណ្ឌគោលនយោបាយ នេះ ក៏នឹងចាប់យកនូវកាលានុវត្តន៍ភាព និងសក្តានុពលទាំងឡាយពីវិស័យបច្ចេកវិទ្យាឌីជីថល សំដៅធ្វើយ៉ាងណាប្រើប្រាស់វិស័យបច្ចេកវិទ្យាឌីជីថល សម្រាប់ធ្វើការពង្រួញផ្លូវនិងពន្លឿនការអភិវឌ្ឍប្រទេស, និងការដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងមានស្រាប់ ក៏ដូចជាបញ្ហាប្រឈម និងផលប៉ះពាល់ អវិជ្ជមាន នានា ដែលអាចកើតមានឡើងជាយថាហេតុ ដោយសារឥទ្ធិពលនៃការប្រើប្រាស់បច្ចេកវិទ្យាឌីថីថល។ បន្ថែម លើនេះ ស្ថិតក្នុង បរិការ ណ៍នៃ វិបត្តិ ជំងឺកូវីដ-១៩ ឯកសារ គោលនយោបាយ នេះ ក៏ នឹងក្លាយ ជាឧបករណ៍មួយដ៏យ៉ាង សំខាន់ នៃ ផែនការ ស្តារសេដ្ឋកិច្ច ក្រោយ វិបត្តិកូវីដ-១៩ របស់កម្ពុជា ពោលគឺ ផ្តល់ការ គាំទ្រ ទាំង ដោយ ផ្ទាល់ និង ប្រយោល ក្នុង ការ ជំរុញ កំណើន សេដ្ឋកិច្ច តាមរយៈការ កសាង ហេដ្ឋារចនាសម្ព័ន្ធឌីជីថល សម្បូរបែប , ឡូជីស្ទីក, ការទាក់ទាញវិនិយោគ , ការ បង្កើត ផលិតភាព និង ការ លើកកម្ពស់ភាព ប្រកួតប្រជែងជាដើម។
នៅក្នុងកិច្ចប្រជុំនេះដែរលោកវង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានផ្តល់ ណែនាំដល់ ក្រុមការងារបន្ត ធ្វើ ការកែសម្រួល តាមស្មារតីនៃការពិភាក្សារបស់អង្គប្រជុំ ដើម្បីសម្រិតសម្រាំង និងសម្រួចឯកសារក្របខណ្ឌគោលនយោបាយនេះឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយផ្តោតបន្ថែមលើចំណុចគន្លឹះៗមួយចំនួនទៀត ដូចជា ការកសាងរដ្ឋាភិបាលឌីជីថល ដែលជាកាតាលីក្នុងការជំរុញការប្រើប្រាស់ឌីជីថលនៅក្នុងសង្គម-សេដ្ឋកិច្ចកម្ពុជា, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ (Data) ព្រមទាំងការកសាងប្រព័ន្ធអេកូឡូស៊ី និងក្របខណ្ឌគតិយុត្តិជាដើម និងម្យ៉ាងទៀត ក៏ត្រូវធានាឱ្យមានសង្គតិភាព និងភាពឆ្លើយឆ្លងគ្នាផងដែរ រវាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គម ឌីជីថលកម្ពុជា ជាមួយនឹងក្របខណ្ឌឌីជីថលរបស់អាស៊ាន។ សេចក្តីព្រាងក្របខណ្ឌគោលនយោបាយនេះគ្រោងនឹងដាក់ជូនកិច្ចប្រជុំ ដែលនឹងដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជា ប្រធាន ឧត្ដម ក្រុមប្រឹក្សាសេដ្ឋកិច្ច ជាតិ ពិនិត្យ និងសម្រេចនាពេលខាងមុខ ដើម្បីបន្តនីតិវិធីស្នើសុំការអនុម័ត ឯកសារ គោលនយោបាយ នេះពី រាជរដ្ឋាភិបាល៕