Home ព័ត៌មានសំខាន់ៗ «​សហគមន៍​ទេសច...

«​សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ​» ខេត្តសៀមរាប ជួយ​ជីវភាព​សហគមន៍​កាន់តែ​ប្រសើរឡើង​

​ដោយៈ​សុផល​/​សៀមរាប​: «​សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ​» បាន​បង្កើតឱ្យមាន​ផលិតផល​ទេសចរណ៍​យ៉ាងច្រើន​សម្បូរបែប សម្រាប់​បំពេញ​គ្រប់​សេចក្ដីត្រូវការ​ជូន​ភ្ញៀវទេសចរ ព្រមទាំង​បាន​ជំរុញ​ជីវភាព​ប្រជា​សហគមន៍ និង​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​នោះ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ផងដែរ រីឯ​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន ថ្នាក់​ខេត្ត រហូតដល់​ថ្នាក់​ក្រសួង​ទៀតផង​នោះ ក៏មាន​ការទទួលស្គាល់ កោតសរសើរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​។​

«​សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ​» មាន​ទីតាំង​ស្ថិត​ភូមិ​ថ្នល់​ត្រង់ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ពោលគឺ​នៅ​ខាងកើត​ប្រាសាទបាគង ដែលជា​មហា​ប្រាសាទ​ដ៏​ជាងគេ​ធំ​មួយ​នៃ​អតីត​រាជធានី​ហរិ​ហ​រា​ល័យ (​មុន​រាជធានី​យ​សោធរ​បុ​រៈ​)​។​

​លោក សូត្រ សួរ ជា​ប្រធាន​សហគមន៍​នេះ និង​អ្នកស្រុក​រស់នៅ​មូលដ្ឋាន​នេះ​ផ្ទាល់​ដែរ លោក​ធ្លាប់មាន​អនុស្សាវរីយ៍​យ៉ាងច្រើន​នៅទីនេះ​។ លោក​ធ្លាប់បាន​ស្រមៃ​ថា​ចង់​ប្រែក្លាយ​មូលដ្ឋាន​របស់លោក​ឱ្យមាន​ការរីកចម្រើន​ដូច​គេ​ដូច​ឯង ទោះជា​តាម​រូបភាព​ណាក៏ដោយ​។ ដើមត្នោត​ពីរ​ដើម​ដែល​ដុះ​នៅ​លើដី​សហគមន៍​នេះ ធ្លាប់មាន​អនុស្សាវរីយ៍​ខ្លាំងជាងគេ​កាល​នៅ​វ័យ​យុវជន ដោយ​វា​បាន​ប្រក់​ជា​ម្លប់​ដល់​យុវជន​ក្រីក្រ​កម្សត់​ស្នេហ៍​ម្នាក់​….​។​


​ដោយបាន​ខិតខំ​សិក្សា​រៀនសូត្រ និង​មានការ​លើកទឹកចិត្ត​ពី​ឪពុកម្ដាយ និង​ក្រុមគ្រួសារ​ផង​នោះ លោក សូត្រ សួរ បានសម្រេច​នូវ​ការសិក្សា​ជា​បន្តបន្ទាប់ និង​មាន​ការងារ​ធ្វើ​សមល្មម​នឹង​អាច​ចិញ្ចឹម​គ្រួសារ​បាន ក្នុង​ការងារ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ដ៏​ឆ្នើម​ម្នាក់ ដែល​ទទួលបាន​គាំទ្រ​ពី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប និង​មានការ​ទទួលស្គាល់​ពី​ក្រសួងទេសចរណ៍​ផងដែរ​។ អស់​វេលា​ជាច្រើន​ឆ្នាំ អតីត​កូន​កសិករ​រូបនេះ​ក៏បាន​ឈានដល់​ពេល​រៀប​អាពាណ៍​ពិ​ពាណ៍ និង​បានរស់នៅ​ជាមួយ​ក្រុមគ្រួសារ​យ៉ាង​សុខ​សប្បាយ ជាមួយនឹង​ជីវភាព​សមរម្យ​មួយ​។​

​ក្រោយមក លោក សូត្រ សួរ ក៏បាន​រឭក​នឹក​ដល់​បំណងប្រាថ្នា​កាលពី​វ័យក្មេង ដែលថា​ចង់​ប្រែក្លាយ​មូលដ្ឋាន​របស់ខ្លួន​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ល្អប្រសើរ​នោះ លោក​បាន​រិះរក​វិធី​ជាច្រើន​ដើម្បី​សម្រេចបាន​បំណងប្រាថ្នា​នេះ​។​

​ដូច​ប្រជាជន​ទូទៅ​បានដឹងហើយថា ខេត្តសៀមរាប គឺជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ​មួយ​របស់​ប្រទេស​កម្ពុជា ដែល​មុន​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នេះ គោលដៅ​ទេសចរណ៍​សៀមរាប​-​អង្គរ គឺ​ពិតជា​មាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​ភ្ញៀវទេសចរ​អន្តរជាតិ​។ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបាគង ប្រាសាទបន្ទាយស្រី ក្រុង​សៀ​បរាម និង​ប្រាសាទបុរាណ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៀត​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​កាលពី​ឆ្នាំ​១៩៩២ គឺ​ពិតជា​កម្លាំង​ស្រូប​ទាញ​មួយ​ដ៏​ខ្លាំងក្លា​សម្រាប់​គោលដៅ​ខេត្តសៀមរាប​។ ក្រៅពីនេះ ក៏​នៅមាន​ផលិតផល​ទេសចរណ៍​នៅតាម​សហគមន៍​មួយចំនួនទៀត​ផងដែរ ពិសេស​គឺ​ស្នាមញញឹម​រួសរាយ​រាក់ទាក់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅលើ​ទឹកដី​រាជធានី​អង្គរ​នេះ​តែម្ដង​។​

​ដោយ​ខ្លួន​មានបទពិសោធន៍​ច្រើន​ជាមួយ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ហើយ​ស្រប​ពេលដែល​រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និង​អាជ្ញាធរ​ខេត្តសៀមរាប កំពុង​ខិតខំ​ជំរុញឱ្យមាន​ផលិតផល​ទេសចរណ៍​ក្នុងស្រុក​បន្ថែម​ផង​នោះ លោក សូត្រ សួរ ក៏បាន​ចុះ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បី​មូលមតិ​គ្នា​បង្កើតឱ្យមាន​សហគម​ន៍​ទេសចរណ៍​មួយ​ឡើង​។ លោក​បានចាប់ផ្ដើម​រៀបចំ​បន្តិច​ម្ដងៗ​តាំងពី​ឆ្នាំ​២០១០ មកម្ល៉េះ​។ ក្រោយមកទៀត ក៏មាន​ជួយ​ជ្រោមជ្រែង​ពី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប លោក ងូវ សេង​កាក់ និង​អាជ្ញាធរ​ស្រុក ឃុំ ភូមិ​ផងដែរ​។ លោក ង៉ូ​វ សេង​កាក់ តែងតែ​ចុះ​ជាប់​ជាមួយ​លោក សូត្រ សួរ ព្រោះ​ជា​ធនធាន​យុវជន​ដែលមាន​ឆន្ទៈ​គាប់​ប្រពៃ​ចំពោះ​វិស័យ​ទេសចរណ៍​។​

​រហូតដល់​អំលុង​ខែកញ្ញា ឆ្នាំ​២០២០ សហគមន៍​ទេសចរណ៍​ក្នុង​ក្ដី​ស្រមៃ​ក៏ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ភូមិ​ថ្នល់​ត្រង់ ឃុំ​បាគង ស្រុក​ប្រាសាទបាគង​នេះ​។ ដោយ​ទឹកចិត្ត​ស្រលាញ់​រាប់អាន​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងភូមិ ធ្លាប់មាន​អនុស្សាវរីយ៍​ជាមួយ​ធម្មជាតិ​ក្នុងភូមិ​របស់ខ្លួន ហើយ​ចង់​រំលេច​ឈ្មោះ «​បាគង​» ដើម្បី​ឱ្យគេ​ស្គាល់​កាន់តែច្រើន​ផង​នោះ លោក សូត្រ សួរ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍៍​ក៏បាន​ឯកភាព​ដាក់ឈ្មោះ​សហគមន៍​របស់ខ្លួន​ថា «​សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ​» តែម្ដងទៅ​។​

​ក្រោយពេល​បង្កើត​សហគមន៍​បាន​ហើយ លោក សូត្រ សួរ ប្រធាន​សហគមន៍​ទេសចរណ៍​ថ្មី​នេះ បានរួម​គ្នា​ជាមួយ​ក្រុមការងារ​ថ្នាក់ដឹកនាំ​សហគម​ន៏ និង​ប្រជា​សហគមន៍​ទាំងអស់ បាន​ខិតខំ​ពង្រីក​ផលិតផល​ទេសចរណ៍​ជា​បន្តបន្ទាប់​។ មកដល់​ពេលបច្ចុប្បន្ន សហគមន៍​មាន​សេវាកម្ម​ទេសចរណ៍ និង​សេវាកម្ម​ម្ហូបអាហារ​ជាច្រើន​សម្បូរបែប ដោយមាន​ទាំង​ការតុបតែង​រចនា​ទីតាំង​ដើរលេង​កម្សាន្ត​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ រៀបចំ​ដាំ​ដើមឈើ និង​សួនផ្កា​មាន​បឹង​តូច​មួយ​នៅ​កណ្ដាល​សហគមន៍ ដែលមាន​ទូក​សម្រាប់​ជិះ​កម្សាន្ត និង​អាច​ស្ទួ​ច​ត្រី ដាក់​បង្កៃ ដាក់មង ឆ្លុះត្រី​ពេលយប់ មាន​តូប​អង្គុយ​ជុំវិញ​មាត់ទឹក​សម្រាប់​ម្ហូបអាហារ ភេសជ្ជៈ មាន​សួន​កម្សាន្ត​សម្រាប់​កុមារ មាន​ទីលាន​សម្រាប់​បោះតង់ ទស្សនា​ការតាំង​ឧបករណ៍​បុរាណ ទស្សនា​កម្មវិធី​ទេសចរណ៍​វប្បធម៌​ប្រចាំថ្ងៃ មាន​រទេះគោ​ជិះ​លេង​កម្សាន្ត​ជុំវិញ​សហគមន៍ អាំងត្រី​-​សាច់ ដុត​ពោត​-​ដំឡូង ទិញ​បន្លែ ផ្លែឈើ វត្ថុ​អនុស្សាវរីយ៍ និង​កសិផល​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។ ក្រៅពីនេះ សហគមន៍​ក៏មាន​រៀបចំ​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត​នៅពេល​រដូវ​បុណ្យទាន​ម្ដងៗ ដូចជា ការសម្ដែង​ក្បាច់គុន​ល្បក្ក​តោ ចាប៉ី ល្ខោន យីកេ របាំ ដែល​សុទ្ធតែជា​អត្តសញ្ញាណ​វប្បធម៌​របស់​ប្រជាជាតិ​ខ្មែរ​តាំងពី​បុរាណកាល​មក​។​

​លោក សូត្រ សួរ ប្រធាន​សហគមន៍​បាគង​ភូមិ​ខ្ញុំ បានឱ្យដឹងថា គោលបំណង​នៃ​ការបង្កើត​សហគមន៍​ទេសចរណ៍​នេះ​ឡើង គឺ​ដើម្បី​ជំរុញ​សក្ដានុពល​ទេសចរណ៍​នៅ​តំបន់​ប្រាសាទបាគង តាមរយៈ​ការតភ្ជាប់​ទំនាក់ទំនង​ការ​ទស្សនា​ប្រាសាទ និង​ទេសភាព​ជនបទ សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ត​ឱ្យបាន​ច្រើនឡើង​។ ម្យ៉ាងទៀត ជា​ទិសដៅ​លោក​សហការ​បន្ថែម និង​ជំរុញ​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​ក្នុងការ​បង្កើត​ផលិតផល​កសិកម្ម បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ​យក​សាច់ និង​ផលិតផល​អនុស្សាវរីយ៍​ក្នុង​មូលដ្ឋាន ដើម្បី​លក់​ជូន​ភ្ញៀវទេសចរ បង្កើន​ចំណូល​ផ្ទាល់ លើកកម្ពស់​ជីវភាព​ស​ហគ​មន៍ កាត់បន្ថយ​ភាពក្រីក្រ និង​ចំណាកស្រុក​។ ក្រៅពីនេះ ដើម្បី​លើកកម្ពស់​អនាម័យ និង​បរិស្ថាន​ស្អាត​ក្នុង​សហគមន៍ ក៏ដូចជា​ចង់​ចូលរួម​ជំរុញ និង​អនុវត្ត​ចលនា​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ និង​ផ្ដល់​ភាពកក់ក្ដៅ​។​

​ដោយ​មើលឃើញ​ពី​សកម្មភាព​របស់​សហ​គម​ន៏ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ តែង​នាំយក​របស់របរ​ប្រើប្រាស់​ពី​ជំនាន់​មុនៗ មក​ប្រគល់​មក​សហគម​ន៏ ដើម្បី​ដាក់តាំង​បង្ហាញជូន​ភ្ញៀវទេសចរ​ជាតិ​មកពី​រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេងទៀត ក៏ដូចជា​ភ្ញៀវទេសចរ​បរទេស ឱ្យ​បានឃើញ​ស្គាល់​នូវ​វត្ថុ​ប្រើប្រាស់​របស់​អ្នកស្រុក​អង្គរ​ដ៏​ល្បីល្បាញ​នេះ​។ រៀងរាល់ថ្ងៃ​ប្រជាពលរដ្ឋ​តែង​យក​បន្លែ ផ្លែឈើ ត្រី សាច់ របស់របរ​សិប្បកម្ម​នានា​មក​តាំង​លក់​ជូន​ភ្ញៀវទេសចរ​ថែម​ទៀតផង​។​

​ក្នុងពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា រៀបចំ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧-២៨ ខែមករា ឆ្នាំ​២០២១ នៅ​ខេត្ត​សៀ​បរាម ដោយបាន​លើកឡើង​ផងដែរ​អំពី​សហគមន៍​ទេសចរ​ណ៏​បាគង​ភូមិ​ខ្ញុំ​នេះ​។ អង្គ​វេទិកា​បានរៀបចំ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហគមន៍​នេះ​ផងដែរ ក្នុងចំណោម​សហគមន៍​ចំនួន ៦ ដើម្បីឱ្យ​សិក្ខាកាម​ដែល​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ស្វែងយល់​ពី​គំរូ​បទពិសោធន៍​ជោគជ័យ​របស់​សហគម​ន៍ ពិសេស​គឺ​ភាពជោគជ័យ​ក្នុង​បរិបទ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នេះ​។​

​ក្នុងពេល​ទទួល​សិក្ខាកាម​ខាងលើ បទពិសោធន៍​ជាច្រើន​ត្រូវបាន​លោក សូត្រ សួរ ប្រធាន​សហគមន៍ លើកឡើង​ជូន​ប្រតិភូ​សិក្ខាកាម​យ៉ាង​ក្បោះក្បាយ និង​បានរៀបចំ​ឱ្យ​សិក្ខាកាម​ទទួលបាន​នូវ​ការកម្សាន្ត​ជាមួយ​ផលិតផល​ទេសចរណ៍​ផ្សេងៗ ដូចជា ទស្សនាការ​សម្ដែង​សិល្បៈ​បុរាណ​ខ្មែរ សិល្បៈ​ក្បាច់គុន ជិះរទេះ​គោ​ដើរ​មើល​ជុំវិញ​សហគមន៍ ជិះទូក​កម្សាន្ត​លេង​ក្នុង​បឹង ទទួលទាន​អាហារ​សហគមន៍ ទស្សនា​វត្ថុ​សិល្បៈ និង​របស់របរ​សិប្បកម្ម​ដែល​ធ្វើ​ដោយ​ប្រជា​សហគមន៍​ជាដើម​។​

​ប្រតិភូ​សិក្ខាកាម​បានបង្ហាញ​នូវ​ទឹកចិត្ត​អរគុណ​ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​របស់​សហគមន៍​បាគង​ភូមិ​ខ្ញុំ ព្រមទាំង​សន្យាថា​នឹង​ជួយ​ផ្សព្វផ្សាយ​បន្តទៅ​ដល់​ភ្ញៀវទេសចរ​ដទៃទៀត ពីព្រោះ​នៅ​សហគមន៍​ពិតជា​មានការ​ទទួល​ប​ម្រើ​សេវាកម្ម​ជូន​ភ្ញៀវទេសចរ​យ៉ាង​ពេញចិត្ត​ពិតប្រាកដ​មែន​។​

​តាម​ការសិក្សា​របស់​ក្រុម​សិក្ខាកាម សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ ពិតជា​បាន​ចូលរួម​ជំរុញ​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​បាន​យ៉ាង​ល្អប្រសើរ មានការ​បែងចែក​ផលចំណេញ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព ដែលជា​បទពិសោធន៍​ជោគជ័យ​មួយ​ដ៏​ល្អ​សម្រាប់​ជា​គំរូ​ដល់​សហគមន៍​ទេសចរណ៍​ដទៃទៀត ពិសេស​គឺ​ពិតជា​បាន​ចូលរួម​ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក​បាន​យ៉ាងសកម្ម​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular