កិច្ចប្រជុំ​ត្រួតពិនិត្យ​និង​វាយតម្លៃ​ការអនុវត្ត​ថវិកា​កម្មវិធី​ប្រចាំឆ្នាំ​២០២០

ដោយ​: ស៊ា​ថាំង / ភ្នំពេញ​: កាលពី​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​ថវិកា​ប្រចាំឆ្នាំ​២០២០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន វិទ្យាស្ថាន គណៈកម្មាធិការ គណៈកម្មការ និង​អង្គភាព ផ្សេងៗ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​លោក លោកស្រី ប្រធាន មន្ទីរ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រាជធានី ខេត្ត ។​

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ

​មន្ត្រី​បាន​ប្រាប់ថា កិច្ចប្រជុំ​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​បូកសរុប​ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​ថវិកា និង​វឌ្ឍនភាព​ការងារ​ដែល​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​សម្រេចបាន ក្នុង​ឆ្នាំ​២០២០ កន្លងមក ដោយ​ពិនិត្យ​ទាំង​ទិដ្ឋភាព ហិរញ្ញវត្ថុ និង​ទិដ្ឋភាព សមិទ្ធកម្ម អនុលោម តាម លិខិតបទដ្ឋាន ពាក់ព័ន្ធ​នឹង ការអនុវត្ត ថវិកា​កម្មវិធី​, ព្រមទាំង កំណត់​បញ្ហា​ប្រឈម និង​ស្នើ​ដាក់ចេញ​នូវ​វិធា ន​ការដោះស្រាយ​ដើម្បី​ជំរុញ​ការអនុវត្ត​ការងារ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ឱ្យ​កាន់តែ​រលូន និង​សម្រេចបាន​តាម​គោលដៅ​ដែល​បានដាក់​ចេញ ដូចដែល​ក្រសួង​បានរៀបចំ​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ការិយបរិច្ឆេទ ឆ្នាំ​២០១៥ មក​។​

សម្រាប់ ទិដ្ឋភាព ហិរញ្ញវត្ថុ ក្នុងអំឡុង​ពេលដែល​ប្រទេស​កម្ពុជា កំពុង​ជួបប្រទះ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ក៏ពិតមែន តែ​ក្នុង​ឆ្នាំ​២០២០​នេះ ការប្រមូល​ចំណូល របស់ ក្រសួង​ជារួម (​មិន​បូក​ចំណូល​ពន្ធដារ​ថ្នាក់ក្រោម​ជាតិ​) សម្រេចបាន​លទ្ធផល គួរកត់សម្គាល់ គឺ ស្មើនឹង ៩០,០% ធៀប​ច្បាប់ ក្នុងនោះ ថ្នាក់កណ្ដាល សម្រេចបាន ៩០,០%​ធៀប​ច្បាប់​, រីឯ ថ្នាក់មូលដ្ឋាន សម្រេចបាន ១០៣,៦%​ធៀប​ច្បាប់​។ សម្រាប់ ផ្នែក​ចំណាយ វិញ ផ្អែកលើ​សភាពការណ៍​វិ​វត្ត​ថ្មី​នៃ​សេដ្ឋកិច្ច​សកល ពិសេស​ការផ្ទុះ​រីក​រាលដាល​នូវ​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ កូ​វីដ​-១៩ បណ្តាលឱ្យមាន​ផលប៉ះពាល់​ដល់​ក្របខ័ណ្ឌ​ច្បាប់​ថវិកា​ឆ្នាំ​២០២០ ជាទូទៅ និង​តម្រូវឱ្យ​រាជរដ្ឋាភិបាល​ត្រូវធ្វើ​វិចារណ​កម្ម ថវិកា​ឡើងវិញ (​ដោយ​ផ្តោត​អាទិភាព​ពិសេស​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ទប់ទល់​ផល​ប៉ះ ពាល់​អវិជ្ជមាន​មកលើ​សេដ្ឋកិច្ចជាតិ​)​។ ការអនុវត្ត​ចំណាយ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ប្រចាំឆ្នាំ​២០២០ ស្មើនឹង ១៤០,១% នៃ​ឥណទាន​ក្រោយ​វិចារណ​កម្ម ឬ ៩៦,៩%​នៃ ឥណទាន​ថ្មី (​តួលេខ​ធានា​ចំណាយ​) ឬ​ស្មើនឹង ១២២,៥%​នៃ​ឥណទាន​ក្រោយ​វិចារណ​កម្ម ឬ ៨៤,៧% នៃ ឥណទាន​ថ្មី (​តួលេខ​អាណត្តិ​ទូទាត់​)​។​

សម្រាប់​ទិដ្ឋភាព សមិទ្ធកម្ម​វិញ ក្នុង ឆ្នាំ​២០២០ ធៀប​នឹង​សូចនាករ​ដែល​បានកំណត់​ក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ជារួម ក្រសួង សម្រេចបាន សមិទ្ធកម្ម ប្រមាណ ៨៤% ក្នុងនោះ គោលបំណង​គោលនយោបាយ​ទី​១ សម្រេចបាន ៨១% និង​គោលបំណង​គោលនយោបាយ​ទី​២ សម្រេចបាន ៨៧%​។ បើទោះបីជា​វិបត្តិ​កូ​វីដ​-១៩ បានធ្វើឱ្យ​អង្គភាព​ថវិកា ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​មួយចំនួន​ក្នុងការ​អនុវត្ត​សកម្មភាព ស្រប​ពេលដែល​ត្រូវ​រង​វិចារណ​កម្ម​ថវិកា​ក៏ពិតមែន ប៉ុន្តែ​សមិទ្ធកម្ម​ប្រចាំឆ្នាំ​២០២០ តាម អនុ​កម្មវិធី ភាគច្រើន សម្រេចបាន​លទ្ធផល​គួរកត់សម្គាល់​លើសពី ៧០%​នៃ​គោលដៅ​សូចនាករ​ប្រចាំឆ្នាំ​។​

​ជារួម បើទោះជា​កម្ពុជា បាននិងកំពុង​ជួបប្រទះ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ ការប្រមូល ចំណូល និង ការអនុវត្ត ចំណាយ តាម អង្គភាព​ថវិកា​នៅ មាន​ភាពប្រសើរ បើទោះបីជា​ការអនុវត្ត​ថវិកា​ត្រូវ​ជួបប្រទះ​បញ្ហា​វិចារណ​កម្ម​ថវិកា និង​បញ្ហា​ចោទ​មួយចំនួនទៀត​ទាក់ទង​នឹង​នីតិវិធី​នៃ​ការអនុវត្ត​ថវិកា​កម្មវិធី​។​ចំពោះ​ទិដ្ឋភាព​សមិទ្ធកម្ម​ប្រចាំឆ្នាំ​វិញ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សម្រេចបាន​ខិតជិត​ស្មើ​គោលដៅ​ដែល​បានកំណត់​នៅ​ទូទាំង​ក្រសួង និង​នៅក្នុង គោលបំណង​គោលនយោបាយ ទាំង​២ ។

​មន្ត្រី​បាន​ប្រាប់ថា ផ្អែកលើ លទ្ធផល នៃ ការត្រួតពិនិត្យ ការអនុវត្ត​ថវិកា ប្រចាំឆ្នាំ​២០២០​នេះ ឃើញថា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង ស្ថាបនា បាន នូវ​ភាពជា​គំរូ ក្នុងការ​អនុវត្ត​ថវិកា កម្មវិធី ស្របតាម ទិសដៅ​កំណត់ដោយ​លោក​បណ្ឌិតសភា​ចា​រ្យ​ឧបនាយករដ្ឋមន្ត្រី និង កំពុង​ឈាន​ជំហាន​ជា​បន្តបន្ទាប់ ដើម្បី​ជំរុញ​ការអនុវត្ត​នេះ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ស័ក្តិ​សិទ្ធ​ភាព និង​អនុលោម​តាម​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular