ដោយ:រ៉ាម៉ន/ភ្នំពេញ: ប្រកាសបញ្ចប់ការចរចារជាផ្លូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ CKFTA ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ហើយនឹងអនុវត្តនីតិវិធីក្នុងស្រុករៀងខ្លួន សម្រាប់ចុះហត្ថលេខាកិច្ចព្រមព្រៀងទ្វភាគីនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅពាក់កណ្ដាលឆ្នាំ២០២១ ខាងមុខនេះ។
នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី YOO Myung-hee រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េបានប្រកាសរួមគ្នា អំពីការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) តាមរយៈប្រព័ន្ធវីដេអូ។កម្មវិធីដ៏មានសារៈសំខាន់នេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីជាន់ខ្ពស់ និងភ្ញៀវកិត្តិយសមកពីស្ថាប័ន សាធារណៈ និងវិស័យឯកជននៃប្រទេសទាំងពីរ។
លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ និងសហការី បានចូលរួមជាអធិបតីជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ លោកស្រី Yoo Myung-hee ដំណាលគ្នាជាមួយសមភាគីកម្ពុជា លោក ប៉ាន សូរស័ក្តិ ដែលបានប្រកាសរួមគ្នា អំពីការបញ្ចប់ការចរចា CKFTA តាមរយៈប្រព័ន្ធវីដេអូ។
លោកឡុង ឌីម៉ង់ បានបញ្ជាក់ថា៖សមិទ្ធផលផ្លែផ្កាដ៏សំខាន់នេះត្រូវបានផ្ដួចផ្ដើមឡើងដោយ សម្ដេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី Moon Jae-in ហើយដែលការចរចាជាផ្លូវការបានចាប់ផ្ដើមកាលពីខែវិច្ឆិកា ឆ្នាំ 2019។កិច្ចព្រមព្រៀងនេះមានគោលបំណងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែទូលំទូលាយ ផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅបង្កើតផលប្រយោជន៍សេដ្ឋកិច្ច សុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ លើសពីនេះទៀត នឹងអាចជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរបានឆាប់រហ័ស ក្នុងកំឡុងពេល និងក្រោយកូវីដ-១៩។
ក្នុងពិធីនោះលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា៖ កិច្ចព្រៀមព្រៀងនេះ មានគោលបំណងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រឹងធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែមានភាពទូលំទូលាយដោយផ្ដល់នូវប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅបង្កើតផលប្រយោជន៍សេដ្ឋកិច្ច សុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។
លើសពីនេះវាអាចស្ដារឡើងវិញនូវសេដ្ឋកិច្ចប្រទេសទាំងពីឲ្យបានឆាប់រហ័ស ក្នុងកំឡុងពេល និងក្រោយពេលដែលវិបត្តិកូវីដ-១៩ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេភាគី គឺគ្របដណ្ដប់ទៅលើទំនិញមួយចំនួនដូចជា៖ មានស្តង់ដារ បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព វិធានការអនាម័យ ភូគាមអនាម័យ។
លោកលើកឡើងថា៖«កិច្ចព្រមព្រៀង CKFTA នេះនឹងពង្រីកបន្ថែមទៀតលើការធ្វើសេរីភាវូបនីយកម្មទីផ្សាររវាងប្រទេសទាំងពីរ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធអាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលទើបតែបានចុះហត្ថលេខានាពេលថ្មីនេះៗ។
ជាពិសេសកិច្ចព្រមព្រៀងនេះនឹងលើកកម្ពស់នាំចេញរបស់កម្ពុជាទៅកាន់សាធារដ្ឋកូរ៉េបន្ថែមទៀតលើមុខទំនិញនាពេលកន្លងមក មានដូចជា ផលិតផលសម្លៀកបំពាក់និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និង ផលិតផលកសិកម្ម ជាដើម។ សម្រាប់សាធារណរដ្ឋកូរ៉េ ក៏អាចជួយលើកកម្ពស់ការនាំចេញរបស់ខ្លួនបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា រួមមានយានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលផ្លាស្ទិក។
គួរបញ្ជាក់ថា៖បន្ទាប់ពីប្រកាសបញ្ជប់ ការចរចារ ជា ផ្លូវការ នៃ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី នេះ ប្រទេស ទាំងពីរ នឹង អនុវត្ត នីតិវិធី ក្នុងស្រុក សម្រាប់ ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទ្វេភាគី នេះ ដែល គ្រោង នឹង ប្រព្រឹត្តិ ទៅ នៅ ពាក់កណ្តាល ឆ្នាំ ២០២១ នេះ ។ ពាណិជ្ជកម្ម ទ្វេភាគី រវាង កម្ពុជា និង កូរ៉េខាងត្បូង មានតម្លៃ ៨៨៤ លាន ដុល្លារ គិត ត្រឹម ខែធ្នូ ឆ្នាំ ២០២០ ដែលជា ការថយចុះ ពីមួយ ឆ្នាំទៅ មួយឆ្នាំ ចំនួន ១៤ ភាគរយ នេះ បើ យោងតាម តួលេខ ពី សមាគម ពាណិជ្ជកម្ម អន្តរជាតិ កូរ៉េ ។
ចាប់ពីខែមករាដល់ខែធ្នូឆ្នាំ ២០២០ ប្រទេស កម្ពុជាបាននាំចេញ ផលិតផល ចំនួន ៣១៧ លាន ដុល្លារ ទៅកាន់ ប្រទេស កូរ៉េខាងត្បូង ពោលគឺធ្លាក់ចុះ១៨ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។ ប្រទេសកម្ពុជា បាននាំចូលទំនិញពី កូរ៉េខាងត្បូង ចំនួន ៥៦៧លានដុល្លារ ពោលគឺ ធ្លាក់ចុះ ៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ៕