ដោយៈសុផល/ភ្នំពេញ៖ តំណាងសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ((អ.ស.ប.)នាពេលថ្មីៗនេះបានជួបប្រជុំគ្នា នៅទីក្រុងភ្នំពេញដើម្បី ពិភាក្សា ពីរបៀបធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាពនៅកម្ពុជា,ពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងនាំមកនូវលទ្ធផលកាន់តែល្អសម្រាប់ជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដើម្បីកសាងឡើងវិញឱ្យកាន់តែប្រសើរក្រោយការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩។
លោកស្រីខាមេនមូរ៉េណូ(CarmenMoreno)ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា“យើងចង់ធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងសម្រេចឱ្យបាននូវផលជះ និងលទ្ធផលកាន់តែប្រសើរនាពេលអនាគត។ ដើម្បីសម្រេចគោលដៅនេះយើងចាំបាច់ត្រូវធ្វើការកែលម្អរបៀបរបបធ្វើការងាររបស់យើងហើយនេះគឺជាគោលបំណងនៃកិច្ចពិគ្រោះយោបល់រវាងសហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិ”។លោកស្រីបានបន្តពន្យល់ថាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានបង្កើតនូវបរិបទថ្មីមួយ សម្រាប់ការអនុវត្តការងារនៅក្នុងវិស័យអភិវឌ្ឍន៍។
លោកស្រីមានប្រសាសន៍បន្តទៀតថា“គ្រប់ប្រទេសទាំងអស់ត្រូវយកធនធានមកប្រើប្រាស់សម្រាប់ការស្ដារឡើងវិញក្រោយជំងឺកូវីដ-១៩។ប៉ុន្តែយើងមិនអាចត្រឡប់ទៅរករបៀបធ្វើការងារបែបគំរូចាស់នោះឡើយ។ប្រទេសនានាចាំបាច់ត្រូវចាប់ផ្ដើមជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប៉ុន្តែវិស័យអភិវឌ្ឍន៍មានវិសាលភាពធំជាងនេះឆ្ងាយ។ការអភិវឌ្ឍសំដៅលើការបង្កើតឱកាសសម្រាប់មនុស្សធ្វើឱ្យជីវិតរបស់ពួកគេកាន់តែមានភាពសម្បូរបែបព្រមទាំងពង្រីកការអនុវត្តសិទ្ធិរបស់ពួកគេដូច្នេះយើងចាំបាច់ត្រូវរិះរកវិធីដើម្បីឱ្យការអនុវត្តការងារទាំងនេះកាន់តែមានប្រសិទ្ធភាពនិងស្វែងរកវិធីដើម្បីឱ្យយើងអាចសម្រេចលទ្ធផលបានកាន់តែប្រសើរ។”
លោកស្រី ប៉ូលីន ថាមេស៊ី ( Pauline Tamesis)ប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាបានកត់សម្គាល់ថា“ភាពជាដៃគូស៊ីជម្រៅ មានសារៈសំខាន់ជាពិសេសនៅក្នុងកាលៈទេសៈនាពេលនេះដែលវិសមភាពកំពុងមានការកើនឡើងនិងនៅក្នុងកាលៈទេសៈនៃការស្ដារឡើងវិញពីជំងឺកូវីដ-១៩ដែលចាំបាច់ត្រូវមានការពង្រឹងសាមគ្គីភាពនិងការប្រកាន់យកស្មារតីពហុនិយម។សហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិមានគុណតម្លៃរួមដូចគ្នា។ហើយយើងប្ដេជ្ញាចិត្តលើកកម្ពស់ការគោរពសិទ្ធិមនុស្សការអភិវឌ្ឍដោយចីរភាពនិងការធានាឱ្យមានការផ្ដល់ភាពអង់អាច និងការការពារមនុស្សជាតិ ព្រមទាំងភពផែនដីទាំងមូល។”
សហភាពអឺរ៉ុបនិងរដ្ឋជាសមាជិករបស់សហភាពអឺរ៉ុបរួមគ្នាគឺជាដៃគូធំជាងគេទី២របស់កម្ពុជាបើគិតជាចំនួនថវិកាជំនួយសម្រាប់ការអភិវឌ្ឍ ដោយមានអង្គការសហប្រជាជាតិដើរតួនាទីជាទីភ្នាក់ងារអនុវត្តន៍ជាដ៌រាបមក។គម្រោងដែលសហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រជាជាតិជាដៃគូកំពុងអនុវត្តនៅកម្ពុជាមានទឹកប្រាក់ជាង១០០លានដុល្លារហើយជាគម្រោងដែលមានការចូលរួមពីពលរដ្ឋកម្ពុជានៅគ្រប់ស្រទាប់វណ្ណៈក្នុងវិស័យជាច្រើនដូចជាអប់រំកសិកម្មនិងការគ្រប់គ្រងធនធានធម្មជាតិអភិបាលកិច្ចសិទ្ធិមនុស្សសេវាគាំពារសង្គមការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍវិស័យឯកជន និងការប្រែប្រួលអាកាសធាតុ។
បើទោះជាកិច្ចពិគ្រោះយោបល់នេះផ្ដោតលើផលវិបាកធ្ងន់ធ្ងរដែលបង្កឡើងដោយសារការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩យ៉ាងណាក៏ដោយប្រតិភូចំនួន៤០នាក់ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះបានបង្ហាញនូវក្ដីសង្ឃឹមដោយយល់ស្របគ្នាថាបរិបទថ្មីនេះផ្ដល់នូវឱកាសដែលមានតែម្ដងក្នុងមួយជំនាន់ដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងប្រព័ន្ធដែលគេប្រហែលជាមិនអាចធ្វើបានឡើយប្រសិនបើពុំមានវិបត្តិនេះ។
លោកស្រីប៉ូលីនមានប្រសាសន៍ថា“សូម្បីតែនៅក្នុងស្ថានភាពសោកសៅពោលគឺសូម្បីតែពេលដែលមានផលវិបាកធ្ងន់ធ្ងរជាច្រើនកំពុងកើតមានឡើងដូចដែលយើងទាំងអស់គ្នាបានមើលឃើញចេញពីការឆ្លងរាលដាលជាសកលនេះក៏ដោយយើងក៏បានមើលឃើញនូវក្ដីសង្ឃឹមផងដែរ។យើងមើលក្ដីសង្ឃឹមនេះតាមរយៈគោលនយោបាយដែលនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានដែលរដ្ឋាភិបាលជាច្រើនបានដាក់ឱ្យអនុវត្តជាគោលនយោបាយដែលគេពុំធ្លាប់ដែលគិតដល់កន្លងមក។ទាំងនេះគឺជាគោលនយោបាយដែលយើងមិនធ្លាប់ស្រមៃឃើញឡើយកន្លងមកប៉ុន្តែឥឡូវនេះយើងបានមើលឃើញវា។នេះគឺជាមូលដ្ឋានដែលជំងឺកូវីដ-១៩ ផ្ដល់ឱកាសឱ្យយើងធ្វើការផ្លាស់ប្ដូរ។ វិបត្តិនេះបានផ្ដល់ឱ្យយើងនូវក្ដីសង្ឃឹម ដើម្បីកសាងឡើងវិញឱ្យកាន់តែប្រសើរ៕.mara/សរន