Home ព័ត៌មានអន្តរជាតិ ក្រុមគ្រូពេទ្...

ក្រុមគ្រូពេទ្យ​មី​យ៉ាន់​ម៉ា​ដឹកនាំ​ការអំពាវនាវ​ឱ្យ​បដិសេធ​ច្បាប់​រដ្ឋ ក្រោយ​រដ្ឋប្រហារ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ការអំពាវនាវ​ឱ្យ​មាន​យុទ្ធនាការ​បដិសេធ​ច្បាប់​រដ្ឋ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​បង្កើន​ល្បឿន​យ៉ាង​លឿន​នៅ​ថ្ងៃ​ពុធ​នេះ​ខណៈ​សហរដ្ឋ​អាម៉េរិក​ប្រកាស​ជា​ផ្លូវការ​ថា​ការ​កាន់​​កាប់​របស់​យោធា​ជា​រដ្ឋប្រហារ​និង​ប្តេជ្ញា​បន្ថែម​ទណ្ឌកម្ម​ចំពោះ​ឧត្តមសេនីយ៍ដែល​នៅ​ពីក្រោយ​ផែនការនេះ​។​

​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​ការគ្រប់គ្រង​ដោយ​យោធា​ដោយ​ផ្ទាល់​កាលពី​ថ្ងៃ​ចន្ទ​នៅពេលដែល​ទាហាន​បាន​ឃុំខ្លួន​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​និង​មេដឹកនាំ​ស៊ីវិល​ផ្សេង​ទៀត​នៅក្នុង​ការ​ឆ្មក់​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ទាំង​ព្រឹក​ព្រលឹម ដោយ​បញ្ចប់​ការសាកល្បង​លទ្ធិប្រជាធិបតេយ្យ​មួយ​ដង្ហើមចង្រិត​របស់​ប្រទេស​នេះ​។​

​លោកស្រី​ស៊ូ​ជី ដែល​បាត់​មុខ​ជា​សាធារណៈ​តាំង​ពី​រដ្ឋប្រហារ​មក​នោះ បាន​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ជាមួយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​កាលពី​ខែវិច្ឆិកា ប៉ុន្តែ​យោធា ដែល​គណបក្ស​គាំទ្រ​តូចៗ​របស់​ខ្លួន​បាន​ចាញ់ឆ្នោត​ងើបមុខ​មិន​រួច​នោះ បានប្រកាស​ការបោះឆ្នោត​នេះ​ជាការ​ក្លែងបន្លំ​។​

​ជាមួយ​ទាហាន​និង​រថពាសដែក​ត្រឡប់មកវិញ​តាម​ដងផ្លូវ​នានា​នៃ​ទីក្រុង​ធំៗ ការដណ្តើម​អំណាច​លើ​ក​នេះ​មិន​បាន​ជួប​ការតវ៉ា​តាម​ដង​ផ្លូវធំៗ​ណាមួយ​ឡើយ​។​

​ប៉ុន្តែ​សញ្ញា​នៃ​ការ​ខឹងសម្បា​ជា​សាធារណៈ​និង​ផែនការ​តតាំង​នឹង​យោធា​ចាប់ផ្តើម​មាន​ពន្លឺ​ភ្លឹបភ្លែតៗ​។​

​ក្រុម​វេជ្ជបណ្ឌិត​និង​បុគ្គលិក​ពេទ្យ​នៅ​មន្ទីរពេទ្យ​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា ពួកគេ​នឹង​ពាក់​បូ​ក្រហម​ហើយ​ដើរ​ចេញពី​ការងារ​មិន​ធ្វើការដើម្បី​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​។​

​លោក អ៊ុង សាន​មីន ប្រធាន​មន្ទីរពេទ្យ ១០០ គ្រែ​ក្នុង​សង្កាត់​ហ្គាង​អាវ​នៃក្រុង​យ៉ាំងហ្គោន​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌​មាន AFP ថា​”​គោលដៅ​សំខាន់​របស់​យើង​គឺ​ទទួល​ស្គាល់​តែ​រដ្ឋាភិបាល​ដែល​យើង​​បានជ្រើសរើស​ប៉ុណ្ណោះ​”​។​

​ក្រុម​គ្រូពេទ្យ​មួយចំនួន​បាន​បង្ហោះ​រូបភាព​នៅលើ​បណ្តាញ​សង្គម​ពាក់​បូ​ក្រហម​និង​លើក​ម្រាមដៃ​៣ ដែល​ជា​កាយវិការ​តវ៉ា​មួយ​ប្រើ​ដោយ​សកម្មជន​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ថៃ​ជិត​ខាង​។​

​ក្រុម​សកម្មជន​បានប្រកាស​យុទ្ធនាការ​របស់​ពួកគេ​នៅលើ​គ្រុប Facebook មួយ​ដែល​មានឈ្មោះ​ថា “​ចលនា​បដិសេធ​ច្បាប់​រដ្ឋ​” ដែល​គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ​មាន​អ្នកគាំទ្រ​ជាង ១៥០.០០០ នាក់​ក្នុង​រយៈពេល ២៤ ម៉ោង​បន្ទាប់ពី​ការបើក​ដំណើរការ​។​

​ការ​គោះ​ឆ្នាំង​និង​ខ្ទះ​និង​ការ​ចុច​ស៊ី​ផ្លេ​រថយន្តក៏​បាន​បន្លឺឡើ​ង​នៅ​ទូទាំង​ទីក្រុង​យ៉ាំងហ្គោន​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ​ផងដែរ បន្ទាប់​ពី​មាន​ការអំពាវនាវ​ឱ្យមាន​ការតវ៉ា​នៅ​លើ​បណ្តាញ​សង្គម​៕

គ្រូពេទ្យ​ចាប់ផ្តើម​យុទ្ធនាការ​បដិសេធ​ច្បាប់​រដ្ឋ​នៅ​ទីក្រុង​យ៉ាំងហ្គោន​ថ្ងៃ​ពុធ​នេះ នៅពេល​ប្រជាជន​វាយ​ស្គរ​វាយ​ប៉ោត​ប្រឆាំង​នឹង​រដ្ឋប្រហារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular