ម៉ូ​ហា​ម៉េ​ដ សាឡា ក្លាយជា​បេក្ខភាព​ដ៏​ស័ក្តិសម​អាច​ប្រជែង​យកពាន​បាល់​មាស​នៅ​រដូវ​កាល​នេះ​

1240
ចែករម្លែក

​ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) បាន​ក្លាយជា​កីឡាករ​ដ៏​ស័ក្តិសម​ម្នាក់​ដែល​អាច លើក​ពាន​បាល់​មាស Ballon dÒr បន្ទាប់ពី​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​នៅក្នុង​ការប្រកួត ជើង​ទី​១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។

​កីឡាករ​សញ្ជាតិ​អេ​ហ្ស៊ី​ប​រូបនេះ​បានបង្ហាញ​នូវ​អ្វីដែល​គេ​ចាត់ទុកថា ជា​យុទ្ធនាការ​ដ៏​ជោគជ័យ មួយ បន្ទាប់ សាឡា រកបាន​២​គ្រាប់​និង​បង្កើត​ឱកាស​២​គ្រាប់​ទៀត​ជួយ​ក្រុម Liverpool ឈ្នះ​ក្រុម Roma ក្នុង​លទ្ធផល​៥-២ កាលពី​យប់​ថ្ងៃ​អង្គារ​។

​នៅពេលនេះ គេ​ចាត់ទុកថា សាឡា ស្ថិត​ក្នុងចំណោម​បេក្ខភាព​ដែលមាន​សក្តានុពល​ក្នុងការ ប្រជែង ជាមួយ​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) របស់​ក្លឹប Real Madrid និង លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) របស់​ក្លឹប Barcelona ដែល​បាន​ចែក គ្នា​លើក​ពាន​នេះ អស់​រយៈពេល​១០​ឆ្នាំ​មកហើយ​។

​ការវិវឌ្ឍ​របស់ សាឡា ដល់​កម្រិត​កំពូល​នៃ​វិស័យ​បាល់ទាត់​អាច​នឹងធ្វើ​ឲ្យ​កីឡាករ​រូបនេះ ក្លាយជា​កីឡាករ​ដំបូង​ក្រៅពី រ៉ូ​ណា​ល់​ដូ និង ម៉េ​ស​ស៊ី ដែល​ត្រូវ​លើក​ពាន​បាល់​មាស​នេះ ចាប់តាំងពី​ខ្សែបម្រើ កា​កា (Kaka) របស់​ប្រេ​ស៊ី​ល​ធ្លាប់​ធ្វើបាន​កាលពី​ឆ្នាំ​២០០៧​។​

​ជាមួយនឹង​គ្រាប់​បាល់​យកឈ្នះ​ក្រុម Roma នេះ ចំនួន​គ្រាប់​បាល់​សរុប​របស់ សាឡា កើន​ដល់​៤៣​គ្រាប់​ហើយ​។ នៅពេលនេះ សាឡា គឺជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើន ជាងគេ​នៅ​អឺរ៉ុប ស្របពេល​គូប្រជែង​ពាន​បាល់​មាស​ពីររូប​ទៀត​គឺ រ៉ូ​ណា​ល់​ដូ និង ម៉េ​ស​ស៊ី រកបាន​៤១​និង​៣៥​គ្រាប់​បន្តបន្ទាប់​គ្នា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែបម្រើ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah)

ទីតាំងផ្សាយពាណិជ្ជកម្ម