Home ព័ត៌មានជាតិ សេដ្ឋកិច្ច ករណី​ផ្សារ​សា...

ករណី​ផ្សារ​សាមគ្គី​ទី​រួម​ខេត្តកំពត​: អាជីវករ​នាំគ្នា​ចូលជួប​អភិបាលខេត្ត​ដើម្បី​ដាក់​សំណូមពរ​

ដោយ​: កំចាយ​/​កំ​ពតៈ ដោយ​មិនអាច​ស៊ូទ្រាំ​ការលំបាក​ក្នុង​អារម្មណ៍​តទៅទៀត​កាលពី​រសៀល​ថ្ងៃទី​២ ខែកុម្ភៈ ម្សិលមិញ ក្រុមអាជីវករ​ផ្សារ​សាមគ្គី​ទី​រួម​ខេត្តកំពត​បាននាំគ្នា​សុំចូល​ជួប​លោក​អភិបាលខេត្ត​ដើម្បី​ជម្រះ​ភាពស្មុគស្មាញ​។​ថ្នាក់ដឹកនាំ​បានទទួល​សំណូម​ពី​ក្រុមអាជីវករ​យកទៅ​សម្របសម្រួល​និង​រក​ដំណោះស្រាយ​ជាមួយ​អ្នកវិនិយោគ​ដោយ​ប្រកាន់​គោលការណ៍​ឈ្នះ​ឈ្នះ​ទាំងសងខាង​។​

ករណី​ផ្សារ​សាមគ្គី​ទី​រួម​ខេត្តកំពត​: អាជីវករ​នាំគ្នា​ចូលជួប​អភិបាលខេត្ត​ដើម្បី​ដាក់​សំណូមពរ​(រូបថតកំចាយ)

​នៅ​ចំពោះមុខ​អភិបាលខេត្ត​ក្រុមអាជីវករ​ដែល​ភាគច្រើន​ជា​អ្នកលក់​គ្រឿងអលង្ការ​និង​ដូរ​លុយ​បាន​រៀបរាប់ថា​ការលក់ដូរ​ក្នុង​ផ្សារ​សាមគ្គី ទី​រួម​ខេត្តកំពត​សព្វថ្ងៃ​មាន​ភាពច្របូកច្របល់​ដោយ​មុខទំនិញ​ផ្សេងៗ​នៅ​លាយឡំ​គ្នា​គ្មាន​សណ្តាប់ធ្នាប់​សោះ​។​តូប​លក់​មាស​កើត មាន​ទាំង​ក្នុង​ផ្សារ​គ្រឿងទេស​កន្លែង​លក់​សម្លៀកបំពាក់​ឬ​នៅ​ជាមួយ​តូប​លក់​ត្រី​សាច់​ជាដើម​។​បើ​និយាយ​ពី​សំរាម​គឺ​គរ​ពាសវាល​ពាសកាល​ហើយ​មិន​ត្រឹម​ពុំ​អើពើ​សម្អាត​ស្របតាម​ការបង់​លុយរ​បស់​អាជីវករ​និង​ការទារ​ឡើងថ្លៃ​រាល់​ខែ​នោះទេ​គឺ​ថែមទាំង​ទុកឱ្យ​អ្នកលក់​បោស​ដោយ​ខ្លួនឯង​ទៀតផង​។

សំរាមក្នុងផ្សារសាមគ្គីទីរួមខេត្តកំពត(រូបឯកសារ)

​ក្រុមអាជីវករ​បានបញ្ជាក់​ថា​ពេល​អ្នកលក់​មាន​បញ្ហា​មិនដែល​ឃើញ គណៈកម្មការ ឬ​សន្តិសុខ​នៅ​ប្រចាំការ​ដើម្បី​ជួយ​សម្របសម្រួល​ទេ ពោលគឺ​ប្រធាន​ផ្សារ​មាន​ភាព​អសកម្ម​គ្រប់យ៉ាង​។ លើសពីនោះ ទំនិញ​បាន​បាត់​ជា​ញឹកញយ​ទាំង​គ្មាន​ការទទួលខុសត្រូវ​សោះ ទោះបី​អ្នកលក់ដូរ​បាន​បង់លុយ​ប្រចាំខែ​ក្តី​។​អាជីវករ​បាន​បន្តថា​ក្នុង​បរិវេណ​ផ្សារ​មា​សមានភាព​ងងឹត​ព្រោះតែ​ប្រធាន​ផ្សារ​អនុ​ញ្ញ​ត​ឱ្យ​អ្នកលក់​មួយចំនួន​រៀប​ជញ្ជាំង​បាំង​ឥដ្ឋ និង​ស័ង្កសី​មិនអាច​ពន្លឺ​ចេញចូល​គ្រប់គ្រាន់​។

​ទិដ្ឋភាព​បែបនេះ​បាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​ក្រុមចោរ​ចូល​លួច​ឥ​វ៉ាន់​ជា​ញឹកញយ​ស្រប​នឹង​គ្រប់​ផ្លូវ​រួម​តូចចង្អៀត​ផង​នោះ​។
​ជាមួយ​រៀបរាប់​ទាំងនោះ​ក្រុមអាជីវករ​បាន​សំណូមពរ​មួយចំនួន​ដូចជា​១.​សូម​បើក​ច្រក​ទ្វារធំ​ទាំងបី​ឱ្យ​ទូលាយ​ឡើងវិញ​ព្រោះ​សព្វថ្ងៃ​ស្ទើរតែ​រក​ផ្លូវ​ដើរ​មិនបាន​។​២.​រៀបចំ​កន្លែងផ្ញើកង់​ម៉ូតូ​ឱ្យមាន​របៀបរៀបរយ​។​៣.​បញ្ឈប់​ការរៀប​ជញ្ជាំង​តូប​ក្នុង​ផ្សារ​ដែលនាំឱ្យ​បាត់បង់​ពន្លឺ​ចេញចូល​។ ៤. សូម​រក្សា​នូវ​ភាព​ដើម​ដោយ​មិន​ត្រូវឱ្យ​លក់ដូរ​មុខទំនិញ​ផ្សេងៗ​លាយឡំ​គ្នា​ដូច​សព្វ​ថ​ហ​ងៃ​។​៥.​សូម​ធ្វើការ​ផ្លាស់ប្តូរ ប្រធាន និង​សន្តិសុខ​ផ្សារ​ដែល​កំពុង​អសកម្ម​។ ៦. សូម​គិតគូរ​បញ្ហា​អនាម័យ​ព្រោះ​អាជីវករ​បង់លុយ​រៀងរាល់ខែ​។​

​ក្នុងឱកាស​នេះ​លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​លោក​មិន​ធ្លាប់បាន​ចូលក្នុង​ផ្សា​រសោះ​ទើប​មិន​បានដឹង​ពី ស្ថានភាព​ពិត​យ៉ាងណា​។​ពេលនេះ​សំណូមពរ​ទាំង​ប៉ុន្មាន លោក​សូម​ទទួលយក​ដើម្បី​សម្របសម្រួល​និង​រក​ដំណោះស្រាយ​ជាមួយ អ្នកវិនិយោគ​ផ្ទាល់​។ ផ្សារ​នេះ​មាន​កិច្ចព្រមព្រៀង​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប៉ុន្តែ​បើ​ការអនុវត្ត​ប្រាសចាក​ពី​សៀវភៅ​បន្ទុក នោះ​អ្នកវិនិយោគ​ក៏ត្រូវ​ទទួល​ការពិន័យ​តាមផ្លូវ​ច្បាប់​ដែរ​។

​ពាក់​ព័​ន្ធឹ​ង​បញ្ហា​សំរាម លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​រដ្ឋបាល​ខេត្ត​កំពុង​ស្វែងរក​ដៃគូ​ព្រោះ​ក្រុមហ៊ុន​Gaea​បាន​ផុត កំណត់​ហើយ​។ ឯការ​សម្អាត​របស់​ក្រុមហ៊ុន​នោះ​ក៏​មិនបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​ដែរ​។ ដូច្នេះ​សូម​បងប្អូន​មេត្តា​អត់ធ្មត់​សិន​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular