ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅក្នុងខែមករា ឆ្នាំ ២០២១ នេះ ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាទៅកាន់ទីផ្សារនៅចិនសម្រេចបានជិត៣០.០០០ តោន ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឲ្យដឹងថា កម្ពុជានាំស្វាយទៅចិនដោយមានមានវិញ្ញាបនបត្រភូតគាមអនាម័យបានចំនួនប្រមាណ ១១.៦៣៨តោន និងគ្មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួនប្រមាណជា ១៨.០០០តោន ។
គួររំលឹកថា ដំណាំស្វាយនៅពេលនេះកំពុងតែក្លាយជាផលិតផលនាំចេញមួយហើយរបស់កម្ពុជា ។
កាលពីក្នុងឆ្នាំ២០២០កន្លងទៅ ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសមានចំនួន ៩៥៧.៦៨០តោន ក្នុងនោះចំនួន១០៧.៦៨០តោន បាននាំចេញដោយមានវិញ្ញាបនបត្រភូតគាមអនាម័យ និងចំនួន៨៥០.០០០តោន បាននាំចេញដោយគ្មានវិញ្ញាបនបត្រភូតគាមអនាម័យ។
បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះស្វាយសរុបចំនួន ១២៤.៣១៩ហ.ត ផ្ទៃដីប្រមូលផលមានចំនួន ៩១.៣៩៨ហ.ត ដោយទទួលទិន្នផលជាមធ្យមចំនួន១៦តោននៅក្នុងផ្ទៃដី១ ហ.ត នៅក្នុងមួយរដូវ ដែលមានបរិមាណផលសរុបចំនួន១.៤៤៨.៦៧៧តោន៕