ដោយៈ មុនីរ័ត្ន/ភ្នំពេញ : ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោក Christian Bergerបានបញ្ជាក់ថា អាល្លឺម៉ង់គាំទ្រដល់ការងារនគរបាល និងសហគមន៍ដោយការងារនេះ គឺផ្តោតទៅលើការងារនគរបាលនៅឃុំ សង្កាត់ ដែលជាគម្រោងមួយស្នើឡើងគាំទ្រដល់ភាគីកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណាដើម្បីលើកកម្ពស់នៅទំនាក់ទំនងប្រជាពលរដ្ឋជាមួយនឹងនគរបាលនៅមូលដ្ឋានដោយសារនគរបាលប៉ុស្តិ៍ នៅជិតជាមួយប្រជាពលរដ្ឋនិងក៏ដូចជាការអនុវត្តតួនាទីភារកិច្ច,ការពង្រឹងរបៀបរបបការធ្វើទំនាក់ទំនងនិងការចូលរួមរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើងជាមួយនឹងអាជ្ញាធរក៏ដូចជាកងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានរបស់គាត់។
រូបថតៈលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានជំនួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ
ការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
មន្ត្រីបានបញ្ជាក់ថាជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការស្វាគមន៍និងបានជម្រាបជូនឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ថាវាពិតជាស្របទៅនិងអ្វីដែលរាជរដ្ឋាភិបាលកំពុងតែធ្វើបច្ចុប្បន្នដោយសារថ្មីៗនេះរាជរដ្ឋាភិបាលទើបតែកែលម្អរបន្ថែមនៅគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីធ្វើយ៉ាងណាឲ្យគោលនយោបាយនេះ ឆ្លុះបញ្ចាំងឲ្យបានសមស្រប និងឆ្លើយតបទៅនិងស្ថានភាព ការវិវឌ្ឍន៍ជាក់ស្តែងនៅក្នុងសង្គមបច្ចុប្បន្ន។
សម្តេចក្រឡាហោមបន្តថា ការអនុវត្តនៅគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺនគរបាលឃុំ សង្កាត់ ជាអង្គស្នូលមួយនៅក្នុងការចាត់តាំងអនុវត្តនៅគោលនយោបាយនេះ។
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានលើកឡើងថាការគាំទ្រគម្រោងនគរបាលនៅសហគមន៍នេះអាចជាគម្រោងមួយនឹងបន្តទៀតនិងមានគម្រោងបន្ថែមទៀតដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកនេះក៏ដូចជាផ្នែកពាក់ព័ន្ធដទៃទៀតរវាងភាគីអាល្លឺម៉ង់និងរាជរដ្ឋាភិបាលកម្ពុជា៕សរន
លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានជំនួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ