ដោយៈតារារិទ្ធ/ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទបានបង្ហាញនូវប្រតិ កម្មចំពោះលិខិតមួយច្បាប់របស់ភាគីវៀតណាមដែលបានស្នើឲ្យកម្ពុជាពិចារណាលុបចោលការផ្អាកការនាំចូលត្រីបួនមុខពីវៀតណាមចូលមកកម្ពុជា ។ ដោយលោករដ្ឋមន្ត្រីថ្លែងថាត្រីបួនមុខនោះវាមានបរិមាណតិចតួចណាស់មិនគួរមិត្តភក្កិជិតខាងយើងយកមកធ្វើជាបញ្ហាត្រីមុខដើម្បីដោះស្រាយបញ្ហានោះទេ ។
លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងបែបនេះប្រាប់សារព័ត៌មាននាព្រឹកថ្ងៃទី៣ខែកុម្ភៈនេះ។លោក រដ្ឋមន្ត្រីបានបញ្ជាក់ថាការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលផលិតផលជលផលពីក្រៅស្រុកគឺដោយសារផលិត ផលពីវិស័យវារីវប្បកម្មក្នុងស្រុកមានការកើនឡើងហើយប្រជាពលរដ្ឋកម្ពុជាកំពុងចាប់ផ្តើមប្រកបរបរវារីវប្បកម្មក៏មានចំនួនកើនឡើងដែរ។
លោក វេង សាខុន បានមានប្រសាសន៍ថា៖ខ្ញុំមិនទាន់បានទទួលលិខិតនោះទេប៉ុន្តែបើតាមអ្វីដែលខ្ញុំបានឃើញតាមរយៈសារបាញ់តគ្នាមកហើយបញ្ជូនទៅក្រសួងពាណិជ្ជកម្មដោយទាក់ទងទៅនឹងការធ្វើពាណិជ្ជកម្មរវាងប្រទេ សទាំងពីរ ។ ខ្ញុំបានជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហើយគាត់ថាគាត់នឹងឆ្លើយតបបញ្ហានេះ ។ ប៉ុន្តែអ្វីដែលយើងបានដាក់កិច្ចការកន្លងទៅនេះគឺជាមការផ្អាកមួយរយៈតែប៉ុណ្ណោះក្រោយពេលដែលសម្ដេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន បានប្រកាសឲ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ឱកាសមាសកាលពីថ្ងៃទី ១៨ ខែ ២ និងថ្ងៃទី ១៤ ខែ ៧ នៅខេត្តព្រៃវែង គឺប្រជាជនយើងបានចូលរួមចិញ្ចឹមត្រីច្រើន ដល់អញ្ចឹងទៅវាចាលត្រី គាត់ខំចិញ្ចឹមទើប យើងយកយន្តការនេះមកពិនិត្យមើលដោយសារប្រជាពលរដ្ឋបានបង្កើនការចិញ្ចឹមច្រើនធ្វើឲ្យផលិតផលដែលបានមកពីការចិញ្ចឹមលើសពីអ្វីដែលយើង បានវាយតម្លៃ ដោនៅដើមឆ្នាំ ២០២០ ប្រជា ជនចិញ្ចឹមត្រីបានកើនឡើងដល់២៦២៥គ្រួសារដែលចិញ្ចឹមត្រី។ដូច្នេះយើងបានពិនិត្យមើលថាតើអ្វីដែលយើងអាច ជួយប្រជាជនយើងបាននៅក្នុងដំណាក់ការ covid 19 នេះដោយសារភ្ជាប់ជាមួយនឹងអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមចិញ្ចឹមត្រី ហើយបានជាយើងដាក់ចេញនូវវិធានការនេះ ។
លោករដ្ឋមន្ត្រី វេង សាខុន បានបន្តថា៖«បញ្ហានេះវាមិនត្រូវមានការចរចាអ្វីទាំងអស់ គឺអនុលោមតាមកិច្ចព្រមព្រៀង WTO។ប៉ុន្តែបញ្ហាដែលសំខាន់គឺយើងដោះស្រាយបញ្ហា ចំពោះមុខដែលប្រជាជនយើងកំពុងប្រឈម ព្រោះវារីវប្បករទាំងអស់បានខ្ចីលុយពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មម្នាក់ ៥ម៉ឹនដុល្លារ,១០ម៉ឺនដុល្លារ,២០ម៉ឺនដុល្លារ យកមកធ្វើអាជីវកម្មហើយត្រូវខាតបង់ទៅវិញគឺយើងនឹងបាត់បង់ធនធានរបស់ជាតិដែលធនាគារអភិវឌ្ឍន៍ជន បទបានផ្ដល់កម្ចីជួយពួកគាត់,ហើយវាបាក់ទឹកចិត្តចំពោះប្រជា ពលរដ្ឋយើងដែលជាអ្នកចិញ្ចឹមត្រី ។ គឺយើងបានគិតគូរគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងត្រីបួនមុខនោះវាមានបរិមាណតិចតួចមិនគួរមិត្តភ័ក្កិជិតខាងយើងយកមកធ្វើជាបញ្ហាត្រី មុខដើម្បីដោះស្រាយបញ្ហានោះទេ» ។
សូមជម្រាបជូនថាកាលពីថ្ងៃទី០៨ មករា ២០២១ ក្រសួងកសិកម្មបានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវការនាំចូលផលិតផលត្រីចំនួន៤មុខមានត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោពីក្រៅប្រទេសក្នុងគោលបំណងជំរុញផលិតផល ក្នុងស្រុកនិងអភិវឌ្ឍវិស័យវារីវប្បកម្មក្នុងប្រទេសស្របពេលដែលសេដ្ឋកិច្ចសង្គមនៅបន្តប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ។
បន្ទាប់ពីកម្ពុជាផ្អាកជាបណ្តោះអាសន្នការនាំចូលត្រីទាំង៤ ប្រភេទពីក្រៅប្រទេសនៅចុងខែមករាឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម លោក ត្រាំង តុង អាង បានផ្ញើលិខិតមួយច្បាប់មករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ។
តាមរយៈលិខិតចុះហត្ថលេខាដោយលោក ត្រាំងតុង អាងមាន៣ភាសាដែលមានខ្មែរអង់គ្លេសនិងវៀតណាមចែក ចាយដោយមន្ត្រីទូតវៀតណាមប្រចាំរាជធានីភ្នំពេញនាពេល ថ្មីៗនេះបានឲ្យដឹងថាយោងតាមប្រការ xx នៃកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយនិងពាណិជ្ជកម្មវិធានការដើម្បីដាក់កម្រិតកំណត់ការនាំចេញនិងនាំចូលអាចអនុវត្តបានតែក្នុង ករណីពិសេសប៉ុណ្ណោះរួមទាំង៖ការការពារ សន្តិសុខជាតិនិងក្រមសីលធម៌សង្គម ។ ការពារសុខភាពមនុស្សសត្វនិងរុក្ខជាតិ ។ ការពារធនធានធម្មជាតិដ៏កម្រ ស្នាដៃជាប្រវត្តិ សាស្ត្រ សិល្បៈ រតនវត្ថុរបស់ជាតិឬការ ពារបរិស្ថាន។
លិខិតនោះបានឲ្យដឹងទៀតថាភ្លាមៗនៃការផ្អាកនាំចេញត្រីពីវៀតណាមចូលមកកម្ពុជាតាមរយៈច្រកទ្វាព្រំដែនត្រូវរងផលប៉ះពាល់មិននាំចេញនិងត្រូវបណ្ដេញត្រឡប់ទៅប្រទេសវៀតណាមវិញ ។ ដូច្នេះការហាមឃាត់ការនាំចូលត្រី៤ប្រភេទខាងលើរបស់កម្ពុជាអាចប្រឆាំងនឹងស្មារតីសេរីភាវូបនីយកម្មពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភព លោក(WTO) និង សហគមន៍សេដ្ឋកិច្ចអាស៊ានដែលប្រទេសយើងទាំងពីរជាសមាជិក ។លើសពីនេះការហាមឃាត់ការនាំចូលដែលបានរៀបរាប់ខាងលើមិនត្រឹមតែបង្កការខូចខាតដល់សហគ្រាសនាំចេញនិងនាំចូលជលផលនៃប្រទេសយើងទាំងពីរទេតែថែមទាំងជះឥទ្ធិពលអវិជ្ជមានដល់ផលប្រយោជន៍អ្នកប្រើប្រាស់កម្ពុជាផងដែរ ។
លោក ឡែមផូរ សុថាវរិទ្ធិ អ្នកទទួលបន្ទុកអភិវឌ្ឍវារីវប្បកម្មនៃសមាគមវារីវប្បករកម្ពុជាបានលើកឡើងថា៖បច្ចុ ប្បន្នបរិមាណរបស់ត្រីអណ្តែង ត្រីពោ ត្រីប្រា ត្រីឆ្តោ និង ត្រីឆ្ពិន ជាដើមសមាជិកសមាគមវារីវប្បករកម្ពុជាផលិតបានចំនួន១២០,៦៥០តោនដែលអាចផ្គត់ផ្គង់ទីផ្សារបានក្នុងរយៈ៦ ខែដោយចាប់ពីខែមករាដល់មិថុនាឆ្នាំ២០២១ ។ លោក បញ្ជាក់ថាបរិមាណត្រីដែលប្រមូលបាននេះ គឺបានមកពីកសិដ្ឋាននិងកន្លែងចិញ្ចឹមត្រីរបស់ពលរដ្ឋត្រឹម តែ២៥០កន្លែងប៉ុណ្ណោះ នៅមានកន្លែងចិញ្ចឹមត្រីតូច-ធំរបស់ពលរដ្ឋជា ច្រើនកន្លែងទៀតដែលមិនទាន់ប្រមូលបាន។លោក ឡែមផូរ សុថាវរិទ្ធិ បានបន្តអះអាងថាចំនួនត្រីជាង១២ម៉ឺនតោននេះអាចផ្គត់ផ្គង់ទីផ្សារពី ៣,៥០០តោនទៅ៤,៥០០តោនពីមួយខែទៅមួយខែ ។
តាមរយៈរបាយកាណ៍ប្រចាំឆ្នាំ២០២០របស់ក្រសួងកសិកម្ម វិស័យវារីវប្បកម្មកម្ពុជាទទួលបានទិន្នផល៤០ ម៉ឺនតោនកើនឡើងក្នុងអត្រា៣០%លើសឆ្នាំ២០១៩ដែលទទួល បាន៣០ម៉ឺនតោន៕