Home ព័ត៌មានជាតិ សង្គម មន្ត្រីជំនាញដ...

មន្ត្រីជំនាញដាក់ស្លាកផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងចូលរួមទប់ស្កាត់ការជួញដូរវត្ថុបុរាណ

ដោយ: ភ្នំខៀវ/ បាត់ដំបង:មន្ត្រីជំនាញនៃមន្ទីរ និងក្រសួងវប្បធ៌ម និងវិចិត្រសិល្ប:បានចុះដាក់ស្លាកផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ រួមទាំងសិស្សានុសិស្សនៅតំបន់ព្រំដែនចូលរួមទប់ស្កាត់ការជួញដូរ ចរាចរណ៍វត្ថុបុរាណដែលជាសម្បត្តិបេតិកភណ្ឌជាតិ។

លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធ៌ម និងវិចិត្រសិល្ប:ខេត្តបាត់ដំបងនៅថ្ងៃទី ៣ ខែកុម្ភ:បានប្រាប់ឲ្យដឹងថា កន្លងមកនេះមន្ត្រីរបស់មន្ទីរ ក្រសួងវប្បធ៌ម និងវិចិត្រសិល្ប: សហការជាមួយមន្ត្រីនៃមន្ទីរទេសចរណ៍ នគរបាលការពារបេតិកភណ្ឌ កម្លាំងស្នងការនគរខេត្តបាត់ដំបង រួមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ទៀតបានចុះដាក់ស្លាកផ្សព្វផ្សាយបំផុសគំនិតដល់បណ្តាប្រជាពលរដ្ឋ សិស្សានុសិស្សអ្នកជំនាន់ក្រោយ ភ្ញៀវជាតិ អន្តរជាតិដែលឆ្លងកាត់ច្រកទ្វាតំបន់ និងច្រកទ្វាអន្តរជាតិឲ្យមួយចំនួនក្នុងខេត្តបាត់ដំបងឲ្យបានយល់ដឹងកាន់តែច្បាស់ពីកាតព្វកិច្ចរួមគ្នាទប់ស្កាត់ការជួញដូរ ចរាចរណ៍ ការបំផ្លិចបំផ្លាញ និងការជីករុករកវត្ថុបុរាណដោយខុសច្បាប់។

ការបំពាក់ស្លាកអប់រំ ផ្សព្វផ្សាយជំហានដំបូងនេះធ្វើឡើងលើ ៣គោលដៅសំខាន់ៗ នៅចំណុចមាត់ច្រកទ្វាអន្តរជាតិគីឡូ ១៣ ក្នុងស្រុកសំពៅលូន. មាត់ច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង និងចំណុចមាត់ច្រកទ្វាតំបន់ ៤០០ ក្នុងស្រុកសំឡូត ។

លោក គឹម សោភ័ណ បានបន្តថាយុទ្ធនាការខាងលើនេះដែរក្រៅពីបោះបង្គោលស្លាកលើកកម្ពស់ការការពារសម្បត្តិបេតិកភណ្ឌជាតិទ្រង់ទ្រាយធំ មន្ត្រីជំនាញក៏បានចែកសន្លឹកបណ្ណ័អប់រំស្តីពីការទទួលខុសត្រូវ និងការការពារវត្ថបុរាណរបស់បុព្វបុរសខ្មែរដែលបន្សល់ទុកឲ្យអ្នកជំនាន់បានឃើញ និងអភិរក្សឲ្យស្ថិតស្ថេរតទៅដូចជា: ព្រះពុទ្ធបដិមា សំណាកក្បាលអ្នកតា ក្បាលនាគ សំណាកព្រះមហាក្សត្រធ្វើពីថ្ម លោហ:ធាតុ ឈើ ដីដុតកុលាលភាជន៍ជាដើម៕សរន

រូបថត: មន្ត្រីជំនាញ និងកងកម្លាំងចុះបំពាក់ផ្ទាំងផ្សព្វផ្សាយទប់ស្កាត់ការជួញដូរវត្ថុបុរាណមរតកដូនតា។

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular