មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ព្រលែង​ពស់ថ្លាន់​ជិត​១០​ក្បាល​ចូលក្នុង​ព្រៃ​ធម្មជាតិ​

ដោយ​: ភ្នំ​ខៀវ / បាត់ដំបងៈ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​យក​ពស់ថ្លាន់​ជិត ១០​ក្បាល ជា​ពូជ​សត្វ​ពស់​ជិត​ផុត​ពូជ​ព្រលែង​ចូលទៅ​ក្នុងព្រៃ​ធម្មជាតិ ដើម្បី​អភិរក្ស​ឡើងវិញ​។​

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ស្រុក​សំឡូត សហការ​ជាមួយ​មន្ត្រី​ល្បាត MJP ដឹកនាំ​ដោយ​លោក លី សាមី នាយក​ស្តីទី ស្រប​ពេលដែល​កម្លាំង​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​តំបន់​អភិរក្ស​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងមកនេះ បាន​នាំយក​នូវ​សត្វ​ពស់ថ្លាន់​សរុប​ចំនួន ៧​ក្បាល ដើម្បី​ព្រលែង​ចូលទៅក្នុង​ព្រៃ​ឲ្យ​វា​មាន​សេរីភាព​តាមបែប​ធម្មជាតិ​វិញ​ក្នុង​គោលបំណង​រក្សា​ការពារ​ឲ្យេ​ពូជ​សត្វ​ពស់​ប្រភេទ​ស្លូត​អស់ទាំង​នេះ​បាន​ធំធាត់ និង​បន្ត​កូន​ពូជ​ឲ្យ​សំបូរ​ឡើងវិញ​ក្រោយពី​មានការ​គំរាមកំហែង​ពី​ព្រានប្រមាញ់​ស្ទើរ​ជិត​ផុត​ពូជ​អស់​ទៅហើយ​។

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ឲ្យ​ដឹង​បន្តថា ពូជ​សត្វ​ពស់ថ្លាន់​ដែល​ត្រូវបាន​យកទៅ​ព្រលែង​ខណៈ​ចុះ​ល្បាត​នេះ​គឺ​មន្ត្រី​ទទួលបាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម និង​មួយចំនួនទៀត​បានមក​ពី​ពលរដ្ឋ​អ្នកស្រែ​ចម្ការ​ចាប់បាន​នៅតាម​តំបន់​ព្រៃភ្នំ​ក្បែរៗ​ភូមិ​របស់​អ្នកស្រុក​រស់នៅ​។

​សត្វ​ពស់​ខាងលើ​ខ្លះ​មាន​ទម្ងន់ ៥ គីឡូក្រាម និង​ខ្លះទៀត​មាន​ទម្ងន់​ជិត ១០​គីឡូក្រាម​ត្រូវបាន​សង្គ្រោះ និង​ព្រលែង​ចូលក្នុង​ដែន​ព្រៃ​អភិរក្ស​វិញ​ហើយ ក្នុងភូមិ​សាស្ត្រ​ដី​កោះ និង​មួយចំនួនទៀត​បាន​ព្រលែង​ចូលទៅ​ក្នុងព្រៃ​ចំណុច​ភូមិសាស្ត្រ​អូរ​ទី​៣ ស្ថិតក្នុង​ភូមិ​អូរ​ក្រូច ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular