ប្រែសម្រួល : កញ្ញាដាលីស ៖ លោក ចូសេ ម៉ូរីញ៉ូ និយាយថា ប្រវត្តិសាស្ត្របានបង្ហាញថាវាងាយស្រួលក្នុងការទទួលបានជោគជ័យក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelseaបើទោះបីជាមានការទាមទារខ្លាំងពីម្ចាស់ក្លិប លោក រ៉ូមែន អាប្រាម៉ូវិក ក៏ដោយ។
ម្ចាស់ក្លិបជនជាតិរុស្ស៊ី ដែលបានបណ្តេញលោកម៉ូរីញ៉ូពីរដងបើទោះបីជាលោកបាននាំពានមកទឹកដី Stamford Bridge ថ្មីនេះបានបោះបង់ចោលលោក ហ្វ្រែង ឡាំផាតហើយជំនួសវិញដោយអតីតគ្រូបង្វឹក Borussia Dortmund និង PSG លោក ថូម៉ាស ធូខល់។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះដឹងពីអ្វីដែលគេរំពឹងពីគាត់នៅទឹកដី Stamford Bridge ហើយនោះគឺត្រូវនាំមកនូវពានរង្វាន់ដូចគ្រូបង្វឹកមុនៗរបស់គាត់ដែរ។
លោកអាប្រាម៉ូវិករងការរិះគន់ចំពោះឥរិយាបថឥតត្រាប្រណីរបស់គាត់ក្នុងការបណ្តេញអ្នកចាត់ការទូទៅ ប៉ុន្តែលោកម៉ូរីញ៉ូនិយាយថា នោះជាតម្លៃត្រូវសងចំពោះលក្ខខណ្ឌជួយក្លិបឱ្យជោគជ័យ។
លោកម៉ូរីញ៉ូនិយាយនៅមុនពេលក្រុមមាន់ខ្នាយមាសរបស់លោកជួបជាមួយក្រុមតោខៀវ Chelsea នៅយប់ថ្ងៃព្រហស្បតិ៍នេះថា “ខ្ញុំគិតថាវាមិនពិបាកទេក្នុងការធ្វើជាគ្រូបង្វឹកនៅ Chelsea ព្រោះខ្ញុំជាម្ចាស់ជើងឯក ៣ ដង (កាឡូ) អាន់សេឡូទីជាម្ចាស់ជើងឯក អង់តូនីញ៉ូ កុងតេជាម្ចាស់ជើងឯក។ វាមិនពិបាកទេ ព្រោះយើងឈ្នះជើងឯកនៅទីនោះ”។
“ខ្ញុំជឿជាក់ថាChelseaតែងតែមានកីឡាករឆ្នើមៗនិងក្រុមល្អៗហើយគ្រូបង្វឹកល្អច្បាស់ជារីករាយនឹងធ្វើការជាមួយក្លិបនិងជាមួយកីឡាករដែលផ្តល់ឱ្យអ្នកនូវឱកាសដ៏ល្អដើម្បីទទួលបានជោគជ័យនិងឈ្នះពានរង្វាន់”។
“ខ្ញុំយល់ពីសំណួររបស់អ្នកហើយ ជាការពិត គ្រូបង្វឹកត្រូវការពេលវេលានិងត្រូវការស្ថិរភាព ហើយវាជារឿងល្អមួយក្នុងការមានស្ថិរភាព។ ខ្ញុំមិននិយាយថា ស្ថិរភាពជួយឱ្យអ្នកគេងលក់ស្រួលនោះទេ ខ្ញុំនិយាយថាស្ថិរភាពផ្តល់ឱ្យអ្នកនូវវិធីគិតផ្សេង ហើយអ្នកមិនត្រឹមតែគិតពីថ្ងៃនេះទេ អ្នកក៏គិតពីថ្ងៃស្អែក អ្នកក៏គិតពីអនាគតដែរ”។
“នោះជារបៀបដែលវាកើតឡើង។ វាជាក្លិបរបស់លោកអាប្រាម៉ូវិក ហើយអ្នកត្រូវតែយល់ថា វាអាស្រ័យលើគាត់ក្នុងការសម្រេចចិត្តគ្រប់យ៉ាង”។
“ក្នុងករណីរបស់ខ្ញុំ ខ្ញុំធ្លាប់នៅទីនោះ២សម័យកាល ហើយខ្ញុំជាម្ចាស់ជើងឯកទាំង២សម័យកាល ហើយខ្ញុំរីករាយដែលបាននៅទីនោះកាលពីមុន និងមានឱកាសឈ្នះពាន”៕
លោកម៉ូរីញ៉ូថាគ្រូបង្វឹកមិនពិបាកជោគជ័យទេនៅក្លិប Chelsea