ដោយៈ សរិទ្ធ / ភ្នំពេញៈ ជនជាតិចិន បើករថយន្តយ៉ាងលឿន បានជ្រុលទៅបុករថយន្ត ពីរគ្រឿងទៀត ដែលកំពុងឈប់ភ្លើងស្តុប បណ្ដាលឲ្យរងការខូចខាត តែសំណាងល្អ មិនមានអ្នករងរបួស។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ព្រះសុធារស កែងផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
យោងតាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស ជនជាតិចិន ២ នាក់ ក្នុងនោះមានម្នាក់ បើករថយន្ត ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2A 8531 បោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ខាងលើ បានជ្រុលទៅបុករថយន្តឡិចស៊ីស LX470 ដែលកំពុងតែឈប់ភ្លើងស្តុបហើយរុញរថយន្ត ឡិចស៊ីស 470 ទៅបុកបន្តរថយន្តឡង់គ្រីស័រ មួយគ្រឿងទៀតបណ្ដាលឲ្យរថយន្តទាំង បីគ្រឿង រងការខូចខាតដូចគ្នា។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមក និងបានឃាត់ជនជាតិចិន ដែលបង្កហេតុ យកទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ រង់ចាំប្រគល់ឲ្យផ្នែកជំនាញ ។ ដោយឡែក រថយន្ត ទាំង ៣ គ្រឿង ដែលរងការខូចខាតនេះ ក៏ត្រូវបានកម្លាំងការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ វាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយ តាមច្បាប់ផងដែរ ៕/V-PC