ឧក , ឧកញ៉ា , ឧកហ្លួង , ឧក្រិដ្ឋ , ឧក្រឹដ្ឋ​

ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ឧក​

( អុក )

​កិរិយាសព្ទ​

​ស្ដី​ឲ្យ​, ស្ដីបន្ទោស​; ជេរ​; ត្រួតត្រា​លើ​ពេញ​អំណាច ​ឥត​កោតញញើត ( ច្រើន​សរសេរ អុក ជាង )
​ពី​ម្សិលមិញ ​លោក​អភិបាលស្រុក អុក​ខ្ញុំ​សន្ធឹក ពី​រឿង​ប្រាក់​ពន្ធស្រូវ ។​
​ព​. ប្រ អុកចត្រង្គ ចាប់​កូន​ចត្រង្គ​ ប៉ែក​ខាង​ខ្លួន​មួយ​កូន​ ទង្គិច​លើ​ក្ដារ​ចត្រង្គ​ត្រង់​ ក្រឡា​ដែល​ត្រូវ​អុក ស្រែកថា អុក​! ( ច្រើន​ប្រើ​សំឡេង​ខ្ពស់​វែង អុ៎ក​! ) ។ ចួនកាល​ លេង​ចត្រង្គ​ ក៏​ហៅ អុកចត្រង្គ ដែរ​
​រវល់​តែ​អុកចត្រង្គ​ ទាល់ៗ​ល្ងាច គ្មាន​រកស៊ី​ធ្វើការ​អ្វី​ទេ​! ។ អុកគូទ ទង្គិច​គូទ​ ដូច​គេ​ចាប់​បុក​ទៅលើ​អ្វីៗ ។​

​ឧកញ៉ា​

(​អុក​–)

​នាមសព្ទ​

​ពាក្យ​ប្រើ​ជា​ឋានន្តរស័ក្ ដិ​នៃ​មន្ត្រី​ថ្នាក់​ខ្ពស់ជាង​ទី ព្រះ សំដៅ​សេចក្ដី​ថា “​អ្នកចេះ​ត្រួតត្រា​ មុខការ​ក្នុង​ក្រសួង​ ឬ​នាទី​របស់ខ្លួន​” ( មកពី​ពាក្យ​ខ្មែរ ឧក ឬ អុក “​ត្រួតត្រា​ពេញ​អំណាច​” + បា​. ញា “​ដឹង​; ចេះ​; ស្គាល់​” ), ប្រើ​តាម​លំដាប់ថ្នាក់​ស័ក្ដិធំ​តូច​ថា លោកអ្នកឧកញ៉ា​…, អ្នកឧកញ៉ា​…, ឧកញ៉ា​….( មាននិយាយ​ក្នុង​ច្បាប់​ទម្រង់ស័ក្ដិ ) ។ មាន​អត្ថកោវិទ​ខ្លះ​ យល់ថា ឧក ក្លាយ​មកពី សំ​. ឧ “​ព្រះព្រហ្ម​; ព្រះ​ឥសូរ​” + បា​. ញា “​ដឹង​; ចេះ​; ស្គាល់​” សំដៅ​សេចក្ដី​ថា “​អ្នក​ស្គាល់​ការគោរព​ព្រះព្រហ្ម​ឬ​ព្រះ​ឥសូរ​” ( តាម​លទ្ធិ​ខ្មែរ​សម័យបុរាណ ); អត្ថកោវិទ​ខ្លះ​យល់ថា ឧក ក្លាយ​មកពី សំ​. ឧ​ក្ត “​ពោល​, ស្ដី​, និយាយ​, ថា​” + បា​. ញា សំដៅ​សេចក្ដី​ថា “​អ្នក​ស្គាល់​ការ​ស្ដី​និយាយ​” ( ការយល់​ទាំងពីរ​យ៉ាង​ក្រោយនេះ​ក៏បាន​សេចក្ដី​ដោយឡែក​ដែរ គង់នៅ​ប្រើ​ជា ឧកញ៉ា ដូចគ្នា ផ្សេងគ្នា​តែ​សេចក្ដី​ប៉ុណ្ណោះ ) ។ កាល​ក្នុង ព​. ស​. ២៤៥៨ គ​. ស​. ១៩១៤ គណៈកម្មការ​បង្កើត​វចនានុក្រម​ខ្មែរ បាន​ផ្ដើម​ប្រឹក្សា​គ្នា​ ជាដំបូង​បង្អស់ អំពី​អក្សរ ៤ តួ គឺ ឨ​, ឪ​, ឱ​, ឳ ( អុក​, អុ​វ ឬ អូវ​, អោ​, អៅ ) នេះ ក៏បាន​យល់ព្រម​គ្នា​ជា​ឯកច្ឆន្ទ​ថា ឨ បុរាណ​យក ( ៊ ) នេះ​ដែល​ហៅថា សក់ក មក​ដាក់​ពីលើ​ជា​តួ​ប្រកប​ជា​ជំនួស ក ( ឧក ) ត្រូវ​លែង​ប្រើ ត្រូវ​ប្រើ ឧក វិញ ( ឧក​ហ្មឺន​… ឧកញ៉ា ) ។ ឱ ដែល​ប្រកប​នឹង យ ជា ឱយ ឬ អោយ នេះ​ត្រូវ​កុំ​ប្រើ ត្រូវ​ប្រើ ឱ្យ ដូច​ពី​ដើម​ទុក​ថា​ជា អញ្ញត្រសព្ទ​។ ឪ និង​ឳ ដែល​យក​ចុង​ឬ​កន្ទុយ វ មក​ដាក់​ពីលើ​ជា ឪ​, ឳ ( អុ​វ​, អៅ ) ត្រូវ​ទុក​ឲ្យ​នៅ​ដូច​ពី​ដើម ( ម​. ព​. ឪ​, ឱ​, ឳ តាម​លំដាប់​ទៀតផង ) ។ សៀម​សម័យបុរាណ​យកពាក្យ ឧក ទៅប្រើ​ជា អក​, សរសេរ​ជា អ្ច​ក ប្រើ​ជា​ពាក្យ​នាំមុខ​ឋានន្តរ​មន្ត្រី​គ្រប់​ថ្នាក់​ជា អ្ច​ក​ហ្មឺន​, អ្ច​ក​ខុន អ្ច​ក​ហ្លួង​, អ្ច​ក​ព្រះ​, អ្ច​កញា ( អក​ហ្មឺន​, អក​ឃុ៎ន​, អក​ហ្លួង​, អក​ផ្រះ​, អក​យ៉ា ) ។ អ្ច​ក នេះ សៀម​ប្រើ​ជា​ពាក្យ​ហៅ​បិតា​មាតា​ថា ព្ច់​អ្ច​ក​, ​ម់​អ្ច​ក ផង​ក៏បាន ( អ​. ថ​. ផអក​, ម៉ែ​អក “​ឪពុក​បង្កើត​, ម្ដាយបង្កើត​” ) ។ លាវ​ប្រើពាក្យ ព់​អ្ច​ក​, ​ម់​អ្ច​ក នេះ​ជាស​ម្ដី​សម្រាប់​បព្វជិត​ហៅ​ឧបាសក​ឧបាសិកា ផង​ក៏បាន ។​

​ឧកហ្លួង​

(​អុក​–)

នាមសព្ទ​

​ពាក្យ​ប្រើ​ជា​ឋានន្តរ ​នៃ​មន្ត្រី​ពួក​សូទ្រៈ ( អ្នកងារ ) ក្នុងសម័យ​បុរាណ​, មាន​នាទី​ជា​អ្នកត្រួតត្រា​ពួក​សូទ្រៈ​គ្នាឯង ប៉ុន្តែ​នៅក្រោម​បង្គាប់​មន្ត្រី​មុខក្រសួង​ដែល​ខ្លួន​ត្រូវ​ឡើង ។ សៀម​សម័យបុរាណ​ប្រើ​ជា អ្ច​ក​ហ្លួង អ​. ថ​. អក​ហ្លួង ( ឧកហ្លួង ) ប៉ុន្តែ​មិន​ប្រើ​ចំពោះ​ពួក សូទ្រ​: ទេ ( មើល​ក្នុង​ពាក្យ ឧកញ៉ា ) ។​

​ឧក្រិដ្ឋ​

(​អុក​-​ក្រិត​)

​គុណសព្ទ​

( បា​. ឬ សំ​. ក្ល​.; សំ​. ឧ​ត្ក្ឫ​ឞ្ត​; បា​. ឧក្កដ្ឋ ) ធ្ងន់​, យ៉ាង​ធ្ងន់​; ធំ​, យ៉ាង​ធំ​; តឹង​, យ៉ាង​តឹង​, យ៉ាង​តឹងតែង​, យ៉ាង​ម៉ឺងម៉ាត់ ។​ល​។ ( ម​. ព​. ឧក្កដ្ឋ ឬ​ឧក្កដ្ឋៈ ) ។ ទោសឧក្រិដ្ឋ ឬ ឧក្រិដ្ឋទោស ទោស​ធ្ងន់ ។ បទឧក្រិដ្ឋ បទល្មើស​ឬ​ដំណើរ​ល្មើស​ ដែល​ប៉ះ​ទៅលើ​ទោសឧក្រិដ្ឋ​
​អំពើ​នុះ​ចូលក្នុង​បទឧក្រិដ្ឋ ។​
​សាលាឧក្រិដ្ឋ សាលា​តុលាការ​ជំនុំជម្រះ​ទោសឧក្រិដ្ឋ ( ហៅ​សាល​ឧក្រិដ្ឋ ក៏បាន ) ។ ប្រើ​ជា កិ​. វិ​. ក៏បាន​
​ប្រព្រឹត្ត​ឧក្រិដ្ឋ ឬ កាន់​ឧក្រិដ្ឋ ប្រព្រឹត្ត​ឬ​កាន់​យ៉ាង​តឹង ។​ល​។​

( ព​. កា​. )
​រី​ពាក្យ​ឧក្រឹដ្ឋ ប្រើ​បាន​តាមចិត្ត ផ្សំ​នឹង​គុណ​ទោស ឆ្ពោះ​ភាព​ធ្ងន់​តឹង ប្រឹង​ឬ​សន្ដោស ដែល​ហួសកំណោស ហៅ​ឧក្រឹដ្ឋ​បាន ។​

​ឧក្រឹដ្ឋ​

( ម​. ព​. ឧក្រិដ្ឋ ) ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular