ដោយៈ សរិទ្ធ / ភ្នំពេញៈ ស្ត្រី ២ នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនមកតុលាការ នៅរសៀល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីសាកសួរករណី មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន ពោលគឺបទល្មើស ចេញសែកអត់លុយ ។ រហូតមកដល់ ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានី ភ្នំពេញ កំពុងធ្វើការសាកសួរ។
ស្ត្រីទាំងពីរនាក់នេះ ឈ្មោះ ឆឹម លក្ខិណា និងឈ្មោះ បូ សេរីរ័ត្ន បានត្រូវសមត្ថកិច្ច នគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ចាប់ខ្លួន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១២ ថ្ងៃត្រង់ នៅមុខផ្សារក្រឡាញ់ ខេត្តសៀមរាប តាមដីកាបញ្ជា ឲ្យចូលខ្លួន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ របស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ។
ស្ត្រីទាំងពីរនាក់នេះ បានសារភាពថាៈ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ពួកគេបាន ខ្ចីប្រាក់ ចំនួន ១២៨.៨១០ ដុល្លារ ពីឈ្មោះ ហ៊ាង រតនា ដោយបានចេញមូលប្បទានបត្រ ចំនួន ៤ សន្លឹក ទុកជាសំណង (សែក) ។
ជនសង្ស័យ បានសារភាពទៀតថាៈ ចំពោះមូលប្បទានបត្រ លេខ ៨៥២៥២៦ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានទឹកប្រាក់ចំនួន ៣៤.៨១០ ដុល្លារ របស់ធនាគារអេស៊ីលីដា ដែលចេញឲ្យទៅឈ្មោះ ហ៊ាង រតនា គឺមានប្រាក់ ក្នុងគណនី ប៉ុន្តែពុំអាចបើកបាន ដោយពួកគេ (ជនសង្ស័យ) បានចុះហត្ថលេខា លើមូលប្បទានបត្រ ខុសពីលក្ខន្តិកៈ របស់ធនាគារ ហើយពេលនេះ ក្នុងគណនីពួកគេ គ្មានប្រាក់ទេ និងមិនទាន់បានសង ទៅឈ្មោះ ហ៊ាង រតនា នៅឡើយទេ៕/V-PC