ដោយៈមុនីរ័ត្ន / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ ការពារព្រំដែនគោក រវាងបញ្ជាការដ្ឋាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណសង្គមនិយមវៀតណាម កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពល ខេមរភូមិន្ទ ។
អនុស្សរណៈ នៃការយោគយល់នេះ មានគោលបំណង ក្នុងការពង្រឹង និងលើកកំពស់ បន្ថែមទៀត នូវលទ្ធផលការងារ សហការគ្រប់គ្រង ការពារព្រំដែនរួម និងរួមគ្នារក្សានូវ សន្តិសុខ សណ្តាប់ធ្នាប់ កសាងព្រំដែនគោក នៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ឱ្យទទួលបាននូវ សុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។
លោកឧត្តមសេនីយ៍ឯក មេបញ្ជាការ កងទ័ពជើងគោក ក៏បានយកឱកាសនេះ ជូនពរដល់ ថ្នាក់ដឹកនាំ កងទ័ព និងប្រជាជនវៀតណាម ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិ វៀតណាម ដែលខិតជិតមកដល់ នាពេលខាងមុខនេះ៕/V-PC