ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីនគរបាល បានជិះម៉ូតូដេញ តាមពីក្រោយ បុរសស្ត្រី ២ នាក់ ហើយធាក់ទៅលើជនរងគ្រោះ រួចដកកាំភ្លើងខ្លី គំរាម បាញ់ប្រហារ បណ្ដាលឱ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះមក ឃាត់ខ្លួន មន្ត្រីនគរបាលរូបនោះ រួចដោះលែងវិញ ដោយសារជនរងគ្រោះ មិនដាក់ពាក្យ បណ្តឹង។ ហេតុការណ៍ ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ វេងស្រេង កែងនឹងផ្លូវវត្ត អង្គតាមិញ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូឌុបគ្នា ចេញពីធ្វើការ នៅម្តុំសួនកាណាឌីយ៉ា រួចចូលហូប នៅផ្លូវជិត វត្តអង្គតាម៉ិញ។ ពេលហូប រួចហើយ ពួកគាត់បាននាំគ្នាជិះម៉ូតូ ចេញមកវិញ ក្នុងគោលបំណងត្រឡប់ ទៅផ្ទះវិញ នៅផ្សារព្រៃទា។ នៅពេលជិះម៉ូតូ មកដល់ចំណុចជិតស្តុប ទួលពង្រ ក៏ត្រូវបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីនគរបាល ជិះម៉ូតូម៉ាកហុងដា PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 1.2345 មកពីក្រោយ ហើយមិនដឹងជាមានរឿងអ្វី ស្រាប់តែធាក់មកលើពួកគាត់ និងបានដកកាំភ្លើងខ្លី គំរាមបាញ់ប្រហារ ទៀតផង។ ដោយមានការភ័យខ្លាច រូបគាត់បាន ជិះម៉ូតូ រត់ចោលនារី ដែលជិះជាមួយគ្នា រួចបានរាយការណ៍ ទៅសមត្ថកិច្ច ឱ្យចុះមកជួយ ធ្វើអន្តរាគមន៍ភ្លាមៗ ដោយនាំខ្លួនជនបង្ក ទៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ចោមចៅទី១ ដើម្បីសាកសួរ។
បន្ទាប់ពីសមត្ថកិច្ច សាកសួររួច ដោយជនរងគ្រោះ សុំមិនដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ច ធ្វើកំណត់ហេតុ រួចឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន៕/V-PC