ដោយៈ ពៅនិមល / ភ្នំពេញៈ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាៈ គិតត្រឹម បំណាច់ឆ្នាំ ២០២០ កន្លងទៅនេះ គម្រោងវិនិយោគ របស់ភាគីជប៉ុន នៅក្នុង ប្រទេសកម្ពុជា សរុបចំនួន ១៤៤ គម្រោង ស្មើនឹងទឹកប្រាក់ សរុបប្រមាណជាង ២.៧៩០ លានដុល្លារ អាម៉េរិក។
ក្នុងពិធីបើកសម្ពោធ ការតាំងបង្ហាញទំនិញជប៉ុន “Good Goods Japan 2021” កាលពី រសៀល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ នៅរាជធានីភ្នំពេញ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថាៈ ទំនាក់ទំនងការទូត រវាងកម្ពុជា-ជប៉ុន កើតឡើងតាំងពីឆ្នាំ ១៩៥៣ មកម្ល៉េះ រហូតមកដល់ឆ្នាំ ២០១៣ ប្រទេសទាំងពីរ បានក្លាយជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅជាមួយគ្នា ហើយជប៉ុន បានជួយជ្រោមជ្រែង អភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការស្តាឡើងវិញ នូវហេដ្ឋារចនា សម្ព័ន្ធរូបវន្ត បណ្តុះបណ្តាលធនធានមនុស្ស ពង្រីកទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម ជំរុញវិស័យទេសចរណ៍ និងវិនិយោគ ជាដើម។
លោកបានបន្តថាៈ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច រវាងអាស៊ាន និងជប៉ុន ជប៉ុន បានរៀបចំគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច ចំនួន ៨៧ គម្រោង ក្នុងនោះ ៥៨ គម្រោង សម្រាប់ជួយដល់ កម្ពុជា ឡាវ ភូមា និង វៀតណាម លើវិស័យកសិកម្ម ទេសចរណ៍ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមធានា គុណភាពទំនិញជំរុញវិនិយោគ កសាងបរិយាកាស អាជីវកម្ម បរិស្ថាន កសាងសមត្ថភាព មន្ត្រីរាជការ ដើម្បីកាត់បន្ថយ គម្លាត នៃការអភិវឌ្ឍ របស់ប្រទេសក្រីក្រ។
ទាក់ទងនឹងពិធីតាំងបង្ហាញ ខាងលើនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងថាៈ ការតាំងបង្ហាញទំនិញជប៉ុននេះ នឹងផ្តល់ឱកាស ដល់ពាណិជ្ជករកម្ពុជា ដែលមានបំណង ធ្វើធុរកិច្ចជាមួយ ពាណិជ្ជករជប៉ុន បានឃើញមុខទំនិញច្រើនប្រភេទ និងបានជួបចរចា ដោយផ្ទាល់បង្កើតជាវេទិកា ពាណិជ្ជកម្ម បន្ទាប់ពីកម្ពុជា និងជប៉ុន បានក្លាយជាដៃគូ យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅជាមួយគ្នា ហើយជប៉ុន បានជួយជ្រោម ជ្រែងអភិវឌ្ឍន៍ ប្រទេសកម្ពុជា តាមរយៈការស្តាឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បណ្តុះបណ្តាលធនធានមនុស្ស ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជំរុញវិស័យ ទេសចរណ៍ និងវិនិយោគជាដើម។ លើសពីនេះ នឹងផ្តល់ឱកាសដល់ ពាណិជ្ជករកម្ពុជា ដែលមានបំណងធ្វើធុរកិច្ច ជាមួយពាណិជ្ជករជប៉ុន បានឃើញមុខទំនិញ ច្រើនប្រភេទ និងបានជួបចរចា ដោយផ្ទាល់បង្កើត ជាវេទិកាពាណិជ្ជកម្ម។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន សម្រេចបានប្រមាណ ២.០១០ លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ប្រមាណ ១.១៣១ លានដុល្លារ និងនាំចូលមកវិញ ប្រមាណជាង ៨៧៩ លានដុល្លារ។ ដោយឡែក គិតត្រឹម ៦ខែ ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន សម្រេចបាន ប្រមាណ ៨៤១ លានដុល្លារ។ ទំនិញ ដែលកម្ពុជានាំចេញ ទៅជប៉ុន មានដូចជា ផលិតផលសម្លៀកបំពាក់កាត់ដេរ ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យ ស្បែក និងផលិតផល ធ្វើអំពីស្បែក និងដែក ។ល។ ទំនិញដែលនាំចូលពីជប៉ុន រួមមានៈ គ្រឿងម៉ាស៊ីន រថយន្ត សាច់ គ្រឿងអេឡិចត្រូនិក សង្ហារឹម ក្រដាស កប្បាស ក្រណាត់គ្រប់ប្រភេទ ផលិតផល ផ្លាស្ទីក សម្ភារៈកីឡា និងគ្រឿងបន្ទាប់បន្សំ ជាដើម៕/V-PC