ប្រែសម្រួល : កញ្ញាដាលីស ៖ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក ណេត ប្រាយ បានប្រាប់អ្នកយកព័ត៌មានអំឡុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធថាការគាំទ្ររបស់សហរដ្ឋអាម៉េរិកចំពោះគោលនយោបាយ “ចិនតែមួយ” ជុំវិញកោះតៃវ៉ាន់ មិនបានផ្លាស់ប្តូរក្រោមការគ្រប់គ្រងរបស់លោកបៃដិនទេ។
នៅពេលសួរថាតើសេតវិមានរបស់លោកបៃដិននឹងប្តូរជំហរលើប្រធានបទនេះដែរឬអត់ លោកប្រាយបញ្ជាក់ថា “គោលនយោបាយរបស់យើងមិនបានផ្លាស់ប្តូរទេ” ដោយកត់សម្គាល់ថាជំហរបច្ចុប្បន្នត្រូវបានតម្រង់ទិសដោយគោលនយោបាយដែលមានស្រាប់។
សហរដ្ឋអាម៉េរិកបានប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ តែទោះយ៉ាងណា ក្រោមរដ្ឋបាលត្រាំ ទំនាក់ទំនងអាម៉េរិក-ចិនកាន់តែយ៉ាប់យ៉ឺនខ្លាំងខណៈដែលអតីតប្រធានាធិបតីត្រាំបានចោទប្រកាន់ប៉េកាំងថាឆ្លៀតកេងប្រយោជន៍ពីជំនួញអាម៉េរិកនិងព្យាយាមលួចកម្មសិទ្ធិបញ្ញាក្នុងចំណោមរឿងដទៃជាច្រើន។
កាន់តែធ្វើឱ្យបញ្ហារឹតតែអាក្រក់ រដ្ឋបាលត្រាំបានលក់អាវុធឱ្យទៅកោះតៃវ៉ាន់ដែលចិនមើលឃើញថាជាទឹកដីផ្តាច់ខ្លួនដែលរង់ចាំតែថ្ងៃវាយយកដាក់ចូលចិនដីគោកវិញ។ការលក់គ្រឿងសព្វាវុធដ៏ច្រើនសន្ធឹកសន្ធាប់ឱ្យទៅកោះតៃវ៉ាន់ រួមមានប្រព័ន្ធមីស៊ីល គ្រាប់រ៉ុក្កែត ឧបករណ៍ចាប់សញ្ញា និងកាំភ្លើងធំ។កន្លងមកទីក្រុងប៉េកាំងបាននិយាយថាខ្លួនមិនបានច្រានចោលការប្រើប្រាស់កម្លាំងដើម្បីវាយកាន់កាប់កោះតៃវ៉ាន់នោះឡើយ៕