ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ដោយអនុវត្តតាមការណែនាំផ្ទាល់ ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដឹកនាំដោយលោក សំ សាមុត ប្រធានអង្គភាពនេះ បានកាប់លះមែកឈើ នៅលើសួនច្បារផ្លូវភ្លោះអង្គឌួង លើចិញ្ចើមផ្លូវលេខ១១០ និងផ្លូវលេខ១១៤ ក្រមួនសរ បានសំរេច បញ្ចប់ ១០០ ភាគរយហើយ។
លោក សំ សាមុត បានឱ្យដឹងនៅព្រឹកថ្ងៃទី៤ កុម្ភៈនេះថាៈ ការកាប់លះមែកឈើ នៅលើសួនច្បារ ផ្លូវភ្លោះអង្គឌួង លើចិញ្ចើមផ្លូវលេខ១១០ និងផ្លូវលេខ១១៤ ក្រមួនសរ ក្រុមការងារបានបញ្ចប់ការងារ១០០ភាគរយរួចហើយ បើទោះបីមានការលំបាកបន្តិចមែន។
លោកបានបញ្ជាក់ថាៈ ដើមឈឺធំៗ នៅសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួង មានចំនួន ១០៥ ដើម ហើយក្នុងចំនួននេះ មានដើមគ្រាប់បែក ឬដើមគីនីន ចំនួនជាង ៤០ ដើម ក្រៅពីនេះ មានដើមគគី ឥន្ទនេល និងឈើទាល ។ ដើមឈើធំៗ និងចាស់ៗ មានចំនួន ៥០ ដើម ដែលមានអាយុកាល រាប់រយឆ្នាំហើយ។
លោក សំ សាមុត បានបន្តទៀតថាៈ ចំពោះសកម្មភាព ខាងលើនេះ ក្រុមការងារ ពិតជា មានការលំបាកខ្លះ ទី១ បញ្ហាការកកស្ទះចរាចរ , ទី២ ដើមឈើធំៗ ដែលតម្រូវអោយ ក្រុមការងារ ប្រើគ្រឿងចក្រធំៗ និងឡើងកាត់មួយមែកម្តង ជាមួយនឹងការចងខ្សែទម្លាក់ មកក្រោម មួយមែកម្តងៗ ផងដែរ ព្រោះតែខ្លាច ខូចថ្នល់ និងការឺឡា ។ ប៉ុន្តែទោះបីជា យ៉ាងណាក្តី ក្រុមការងារ នៅសម្រុកធ្វើការងារនេះ រហូតបានសំរេច ១០០ ភាគរយ។
គួរបញ្ជាក់ថាៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលស្ថានភាព ដើមឈើបីដើម ដែលត្រូវកាប់ចេញនោះ លោក ឃួង ស្រេង មិនឱ្យកាប់ចេញនោះទេ ដោយតម្រូវកាត់ក្រី និងលះមែក ជាមួយនឹងការធ្វើទម្រ ទប់ដើមផងដែរ ។ បន្ថែមពីលើ នេះទៀត កាលពីថ្ងៃទី១៥ មករា មកនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសេចក្តីជូន ដំណឹង ជុំវិញការកាត់លះមែកឈើនេះផងដែរ ដោយក្រុមការងារ នឹងប្រើប្រាស់ រយៈពេល ១ខែ តែដោយស្ថានភាពចរាចរ អង្គភាពជំនាញជំរុញបានពន្លឿនកាត់រួច មុនផែនការ៕/V-PC