ដោយៈ ទេព មង្គល / ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារ តាមប្រព័ន្ធតេឡេក្រាម ហើយបានត្រូវបានចែករំលែក ការផ្សព្វផ្សាយនេះ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះថាៈ ” ខ្ញុំបានទទួលព័ត៌មានពីបង ម៉ម ប៊ុនហេង (លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល) ថាវ៉ាក់សាំង នឹងមកដល់នៅថ្ងៃទី៧ (ខែកុម្ភៈ ខាងមុខ) គឺនៅថ្ងៃអាទិត្យនេះ ហើយដូចការប្រកាសរបស់ខ្ញុំ កន្លងទៅ គឺខ្ញុំបានបញ្ជាក់ថា ពេលវ៉ាក់សាំងមកដល់ ខ្ញុំនឹងទៅទទួល ហើយឥឡូវនេះ គឺត្រូវរៀបចំកម្មវិធីទទួលវ៉ាក់សាំង នៅឯព្រលានយន្តហោះពោធិចិនតុង ” ។
សូមរំលឹកថា ថ្លែងនៅក្នុងពិធីបើកការដ្ឋាន សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតចំការមន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹងថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងដំបូង នៅក្នុងខែកុម្ភៈ ហើយសម្តេចបានថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ព្រះរាជអំណោយ និងជំនួយជួយទិញ វ៉ាក់សាំង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីប្រភពវ៉ាក់សាំង ដែលកម្ពុជានឹងទទួលបានប្រមាណ ២០ លានដូស។ ក្នុងនោះទទួលបានជំនួយពីចិន ១ លានដូស ដែលនឹងមកដល់ខែកុម្ភៈ ចំនួន ៦០ ម៉ឺនដូស ទទួលពីកូវ៉ាក់ ដែលជារបស់អង្គការសុខភាពពិភពលោក ៧ លានដូស និងទិញតាមកូវ៉ាក់ ១ លានដូស ព្រមទាំងទទួលបាន តាមរយៈជំនួយពីអូស្ត្រាលី ខ្ទង់ ៣ លានដូស។ ក្រៅពីនោះ កម្ពុជាពិចារណាទិញ ពីប្រទេសអង់គ្លេសផងដែរ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ទៀតថាៈ បើវ៉ាក់សាំងមួយដូស តម្លៃចន្លោះពី ៤ ទៅ ៥ ដុល្លារ គឺព្រះរាជអំណោយ ព្រះមហាក្សត្រ និងមហាក្សត្រី ព្រមទាំងការចូលរួមរបស់ ប្រជាពលរដ្ឋខ្មែរ ជាង ៥៧ លានដុល្លារ គឺគ្រប់គ្រាន់ហើយ៕/V