ក្រសួងសុខាភិបាល ប្រកាស​អនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំង Sinopharm COVID-19

ដោយៈ​សុផល​/​ភ្នំពេញ​៖​ យោងតាម​លិខិតអនុញ្ញាត​ស្តីពី​ការប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​១៩​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាល បានចេញ​លិខិតអនុញ្ញាត ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង Sinopharm COVID-19 របស់​ប្រទេស​ចិន ក្នុង​លក្ខខណ្ឌ​នៃ​ការ ប្រើប្រាស់​ជាបន្ទាន់​។

​ក្នុង​លិខិត​នេះ​បាន​បញ្ជាក់ថា​៖ «​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត ឱ្យប្រើ​ប្រាស់​នូវ​វ៉ាក់សាំង Sinopharm COVID-19 ដែល​ផលិត​ដោយ​វិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​លក្ខខណ្ឌ នៃ​ការប្រើប្រាស់​ជាបន្ទាន់ (Emergency Use Authorization) ដោយ​អនុវត្តតាម​ពិធីសារ ស្តីពី​យុទ្ធនា​ការចាក់ វ៉ាក់សាំង​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល​»​។​

​សូមបញ្ជាក់ថា រដ្ឋាភិបាល​ចិន បានសម្រេច​ផ្តល់ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ឈ្មោះ Sinopharm ចំនួន​១​លាន​ដូ​ស ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ ឥតគិតថ្លៃ​។ វ៉ាក់សាំង ៦០​ម៉ឺន​ដូ​ស នឹងត្រូវ​បញ្ជូន​មកដល់​មុនគេ ហើយ​ក្រោយ​ទៀត នឹងត្រូវ​បញ្ជូន​ជា​បន្តបន្ទាប់​។​

​សូមជម្រាបថា​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ត្រៀម​បម្រុង​វ៉ាក់សាំង​ចំនួន ២០​លាន​ដូ​ស សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​១០​លាន​នាក់ ដោយ​មិន​គិតថ្លៃ​ដោយ​បុគ្គល​ម្នាក់ ត្រូវ​ចាក់ ចំនួន​។​ក្នុងចំណោម​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​នៅក្នុង​ផែនការ​របស់​កម្ពុជា​ទាំង​២០​លាន​ដូ​ស​នេះ មាន​ជំនួយ​១១​លាន​ដូ​ស​ផងដែរ​។​

​ក្នុងចំណោម​ជំនួយ ១១​លាន​ដូ​ស​នោះ មាន​វ៉ាក់សាំង Sinopharm របស់​ចិន​ចំនួន ១​លាន​ដូ​ស ជំនួយ​ពី​ខូ​វ៉ា​ក់ (COVAX) ដែលជា​របស់​អង្គការ​សុខភាព​ពិភពលោក​ចំនួន ៧​លាន​ដូ​ស​, ជំនួយ​ទឹកប្រាក់​របស់​អូស្ត្រាលី ២៨​លាន​ដុល្លារ ស្មើនឹង ៣​លាន​ដូ​ស​ផងដែរ​។ ចំណែក​តម្រូវការ ៩​លាន​ដូ​ស​ទៀត ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន អះអាងថា នឹង​បន្ត​ស្នើសុំ និង​ទិញ​ពី​ប្រទេស​មួយចំនួន​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular