អ្នក​នាំ​អង្ក​រកម្ពុជា​គ្រោង​ចុះ​សិក្សា​បន្ថែម​នៅ​ទីផ្សារ​កូរ៉េ

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឱ្យដឹងថា ក្រោយ​ចប់​ការ ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​កូរ៉េ លោក​នឹង​ចុះទៅ​សិក្សា​ទីផ្សារ​កូរ៉េ និង​ទាក់ទង​ដៃគូ​កូរ៉េ​ដែល​រកស៊ី​ផ្នែក​ស្រូវ​អង្ករ ដើម្បី​រក​លទ្ធភាព​ធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា និង​សិក្សា​ពី​សេចក្តីត្រូវការ គុណភាព និង​ស្តង់ដារ​របស់​កូរ៉េ ដើម្បីឱ្យ​កម្ពុជា​អាច​ពង្រីក ការនាំ​អង្ករ​ចេញ​ឱ្យ​កាន់តែច្រើន​។​

​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅ បាន​ប្រាប់​ឱ្យដឹងថា លោក​នឹង​រក​វិធី​ចរចា ដើម្បី​ទទួលបាន​នូវ​ការ​បញ្ចុះតម្លៃ​ពន្ធ ឱ្យដល់​សូន្យ ឬ​ទាប​ជាង​៤០០​ភាគរយ តាមរយៈ​ជាការ​ផ្តល់​កូតា ខណៈ​បច្ចុប្បន្ននេះ អង្ករ​កម្ពុជា​ដែល​នាំចេញ​ទៅកាន់​ទីផ្សារ​កូរ៉េ ជាប់ពន្ធ​រហូត​៤០០​ភាគរយ​ឯណោះ​។

លោក​បាន​បន្តថា កាលពី​ឆ្នាំ​២០២០ ការនាំចេញ​អង្ករ​ទៅ​កូរ៉េ​មាន​ចំនួន​ត្រឹមតែ ២០​តោន ប៉ុណ្ណោះ ដែល​នេះ​ជា​ចំនួន​តិចតួច​បំផុត គ្រា​ដែល​កម្ពុ​ជាមាន​ពលករ នៅ​ដែល​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ច្រើន ដែល​លទ្ធផល​មួយ​ជំរុញ​ឱ្យ​កម្ពុជា​អាច​ពង្រីក​ទីផ្សារ ទៅកាន់​កូរ៉េ​បាន​។ ជាមួយគ្នានេះ លោក​បាន​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ទាំងអស់​នៅ​កូរ៉េ ជួយ​ផ្សព្វផ្សាយ​គុណភាព​អង្ករ​ខ្មែរ ដើម្បី​ទាក់ទាញ​ពលរដ្ឋ​កូរ៉េ​ឱ្យមក​ទទួលទាន​អង្ករ​ខ្មែរ កាន់តែច្រើន​ផងដែរ​។ តាម​ផែនការ​គ្រោងទុក​នៅ​ឆ្នាំ​២០២១​នេះ សហព័ន្ធ​ស្រូវ​អង្ករ កម្ពុជា​កំណត់​គោលដៅ​នាំចេញ​ឱ្យបាន ៨៥​ម៉ឺន​តោន ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

​យោងតាម​របាយការណ៍​នាំចេញ​អង្ករ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា នៅ​ខែមករា ដើមឆ្នាំ​២០២១​នេះ ការនាំ​អង្ករ​ចេញ​របស់​កម្ពុ​ជាមាន​ប្រមាណ ជាង ៣៤០.០០០​តោន មានការ​ថយចុះ​ជាង ៣២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular