កម្ពុជា​កំពុង​ខ្វះ​អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​

ដោយៈ​សុផល​/​ភ្នំពេញ​៖​ បច្ចុប្បន្ននេះ​កម្ពុជា​កំពុងមាន​ការខ្វះខាត​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​-​ធុន​ធំ​ឮ​រថយន្ត​សណ្តោង​ធុន​ស្រាល​និង​រថយន្ត​សណ្តោង​ធុន​ធ្ងន់​ដែល​បាន​ចុះបញ្ជី​តាំងពី​ឆ្នាំ​១៩៩០-២០២០​មាន​ចំនួន​សរុប​៣២៥.៥០៨​គ្រឿង​ចំនួន អ្នកមាន​បណ្ណ​បើក បររថ​យន្ត​ប្រភេទ​D1,D2,BE,CE​មាន​ចំនួន​២១.៨៦៤០​បណ្ណ​ស្មើនឹង​៦៧%​នៃ​ចំនួន​ប្រភេទ​រថយន្ត​ខាងលើ​ដែល​បាន​ចុះបញ្ជី ចំពោះ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ ក្បាល​សណ្តោង​គ្រឿងចក្រ និង​ប្រភេទ​រថយន្ត​ធុន​ធ្ងន់​មួយចំនួនទៀត ដែល​តម្រូវឱ្យមាន​បណ្ណ​បើកបរ ប្រភេទ C ដែល​បាន​ចុះបញ្ជី​មាន​ចំនួន ១០៥.៩០៣ គ្រឿង ក្នុងនោះ​ចំនួន​អ្នកមាន​បណ្ណ​បើកបរ​រថយន្ត ប្រភេទ​C មាន​ចំនួន ៨៤.៩០០​បណ្ណ ស្មើនឹង ៨០% នៃ ចំនួន ប្រភេទ​រថយន្ត​ខាងលើ​ដែល បាន​ចុះបញ្ជី​។​

​ឆ្លើយតប​នឹង​កង្វះខាត​នេះ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ស្ថាបនា មជ្ឈមណ្ឌល បណ្ដុះបណ្ដាល​បើកបរ​យាន​យន្ត​ធុន​ធ្ងន់ ស្ថិតនៅ​ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​១៨-១៩ សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​៤​ខែកុម្ភៈ​នេះ​។​

​សូម​ជម្រាបជូន​ថា​៖ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បើកបរ​យានយន្ត​ធុន​ធ្ងន់ និង​ទីលាន ប្រឡង​ថ្មី មាន​ផ្ទៃដី​ទំហំ​១៦.៥៨៤ ម៉ែត្រការ៉េ ដែល​រួមមាន អគារ​រដ្ឋបាល​ទំហំ ៨៤០​ម៉ែត្រ ការ៉េ ទីលាន​សម្រាប់​បង្រៀន និង​ប្រឡង​យក​បណ្ណ​បើកបរ​យានយន្ត​ធុន​ធ្ងន់ ទំហំ​៨.៩០៩ ម៉ែត្រការ៉េ និង​អគារ​ស្នាក់នៅ​សម្រាប់​សិស្ស មកពី បណ្តា​ខេត្ត​នានា​មាន​ទំហំ ៣៤៥​ម៉ែត្រ ការ៉េ ព្រមទាំង​មានការ​បំពាក់​សម្ភារ​ប​រិ​ក្ខា​រ​ទំនើបៗ​ជាច្រើន​ទៀត ស្ថិតនៅ​តំបន់​សង្កាត់ សំរោង ខណ្ឌ​ព្រែក​ព្នៅ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​១៨-១៩ រាជធានី​ភ្នំពេញ ត្រូវបាន សហការ​បង្កើតឡើង​នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៩ រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​កាំ​ត្រង់​ស៊ី​ប ។​

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​មាន ប្រសាសន៍ថា​៖​ការបើក​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បើកបរ​យានយន្ត​ធុន​ធ្ងន់​ថ្មី នេះ នឹងមាន​ការបញ្ចុះ​តម្លៃ​ចំនួន​៥០% សម្រាប់​អ្នក​ដែល​មក​ចុះ ឈ្មោះ​ចូលរៀន​មុនគេ​បង្អស់​ចំនួន​៥០​នាក់ ចំណែក​ថ្លៃ​សិក្សា​ធម្មតា​មាន​ចំនួន ៣៥០​ដុល្លារ ជាត​ម្លៃ សេវាសាធារណៈ​របស់រ​ដ្ឋ ហើយ​ការបង្រៀន​ទ្រឹស្តី​មាន​រយៈពេល​៣០​ម៉ោង និង​បង្រៀន​ដៃចង្កូត​២០​ម៉ោង ស្របតាម​ស្តង់ដា​ជាតិ និង​អន្តរជាតិ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា​៖​ការសម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បើកបរ​យានយន្ត​ធុន​ធ្ងន់​ថ្មី​នេះ​គឺជា សមិទ្ធផល​ថ្មី​មួយទៀត​ដែល​អាច​ផ្ដល់ សេវាសាធារណៈ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​បាន​លឿន មាន​ប្រសិទ្ធភាព និង​តម្លាភាព តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ជាមួយគ្នា​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​បច្ចេកទេស​ក្រោម​ឱវាទ​ពិចារណា​លើ​ការ ដក​អាជ្ញា​បណ្ណ បណ្តុះបណ្តាល​បើកបរ​យាន​យន្ត ដែល​បានចេញ​ទៅឱ្យ​ក្រុមហ៊ុន​ទាំងឡាយ​ដែល មិនបាន​ធ្វើ​ប្រតិបត្តិការ​របស់ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក​ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ដើម្បី​ចូលរួម​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍ ដែល​ធ្វើ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​ជាតិ ទ្រព្យសម្បត្តិ​ឯកជន ដែលមាន​តម្លៃ​ប៉ាន់ស្មាន ប្រមាណ​៣៥០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ និង​បាន​វាយតម្លៃ ខ្ពស់​ចំពោះ​ការចូលរួម ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​សំណូមពរ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន កុំ​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស នាំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ និង​សូមកុំ​ដឹក ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ដោយ​ច្បាប់​ធ្វើឱ្យ​ផ្លូវ​ឆាប់​ខូច ដោយបាន​លើកឡើង​នូវ រូបមន្ត​ដូចតទៅ​នេះ​៖ ឧទាហរណ៍​ច្បាប់​អនុញ្ញាត​ឲ្យ​ដឹក​៣០​តោន ប៉ុន្តែ​យើង​ដឹក ៤០​តោន លើស ១០​តោន នោះគេ​យក ១០ គុណ​នឹង ១០ ស្មើនឹង ១០០ យក ១០០ គុណ​នឹង ១០ ស្មើ ១.០០០ យក ១.០០០ គុណ​នឹង ១០ ស្មើនឹង ១០.០០០ ដូច្នេះ​ឡាន​មួយគ្រឿង​ដែល ដឹកទំនិញ​លើស ១០​តោន ស្មើនឹង​ឡាន ១០.០០០ គ្រឿង​ដឹកទំនិញ​លើផ្លូវ​យើង​។ ជាងនេះទៅទៀត បើ​មាន​ឡាន​ដឹក​លើស​ទម្ងន់ ៣០ តោន គេ​យក ៣០ គុណ​នឹង ៣០ ស្មើនឹង​៩០០ យក ៩០០ គុណ​នឹង ៣0 ស្មើនឹង ២៧.០០០ យក ២៧.០០០ គុណ​នឹង ៣០ ស្មើនឹង ៨១០.០០០ ដូច្នេះ​ឡាន​មួយគ្រឿង​ដឹកទំនិញ​លើស ៣០​តោន វា​ស្មើនឹង​ឡាន ៨១០.០០០០​គ្រឿង បើក​លើផ្លូវ​យើង​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular