ដោយ: ពៅនិមល/ភ្នំពេញ: គិតត្រឹមរយះពេលមួយឆ្នាំពេញឆ្នាំ២០២០កន្លងទៅ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងថៃ មានតម្លៃ៧,២៥ប៊ីលានដុល្លារអាម៉េរិក ធ្លាក់ចុះ ២៣ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានទឹកប្រាក់៩,៤ប៊ីលានដុល្លារ។
តាមការបញ្ជាក់របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលរស្មីកម្ពុជាទទួលបាននៅរសៀលថ្ងៃទី០៤ ខែកុម្ភះឆ្នាំ២០២១នេះបានឱ្យដឹងថា ក្នុងទំហំពាណិជ្ជកម្មនេះការនាំចេញរបស់កម្ពុជាទៅថៃមានតម្លៃ១,១៥ប៊ីលានដុល្លារធ្លាក់ចុះ៤៩ភាគរយធៀបនឹងឆ្នាំ២០១៩មានតម្លៃ២,២៧ប៊ីលានដុល្លារ។ ចំណែកការនាំចូលពីថៃមានតម្លៃ ៦,១ប៊ីលានដុល្លារ ធ្លាក់ចុះ១៥ភាគរយ ធៀបនឹងឆ្នាំ២០១៩ មានតម្លៃ៧,១៥ប៊ីលានដុល្លារ បណ្តាលឱ្យមានឱនភាពជញ្ជីងពាណិជ្ជកម្មដល់ទៅ៤,៩៥ប៊ីលានដុល្លារ។ចំពោះមុខទំនិញដែលកម្ពុជានាំចេញទៅទីផ្សារថៃភាគច្រើនជាផលិតផលកសិកម្ម ខណៈផលិតផលនាំចូលពីប្រទេសថៃ មកកម្ពុជាវិញមានដូចជា៖ រថយន្ត,ប្រេងឥន្ធនៈ,ជីកសិកម្ម,ផលិតផលចំណីអាហារ និងគ្រឿងថែសម្រស់ជាដើម។
ពាក់ព័ន្ធបញ្ហានេះលោកប៉ែនសុវិជាតិអនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យធ្លាក់ចុះនៃទំហំពាណិជ្ជកម្មនេះថា កត្តាចម្បងបណ្តាលមកពីការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ និងមួយវិញទៀតបណ្តាលមកគ្រោះទឹកជំនន់ជាដើម។ល។
ទំហំពាណិជ្ជកម្មកម្ពុជា-ថៃកាលពីឆ្នាំ២០១៩សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៩.៤០០លានដុល្លារក្នុងនោះការនាំចេញរបស់កម្ពុជាទៅថៃមានទឹកប្រាក់ជាង ២.២០០លានដុល្លារ ខណៈការនាំចូលពីថៃ មានទឹកប្រាក់សរុបជាង ៧.១០០ដុល្លារ៕.mara