Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់​ប...

បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​នាំគ្នា​ទៅ​ពន្លត់ភ្លើង​ឆេះ​ចម្ការ​អំពៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​នាំគ្នា​ទៅ​ពន្លត់ភ្លើង​ឆេះ​រាល​ចម្ការ​អំពៅ​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ចំណុច​ចម្ការ​អំពៅ​ក្រុមហ៊ុន​ហ្គ្រែ​ត​ហ្វៀ​ល ស្ថិតក្នុង​ភូមិ​អូរ​អ​ញ្ចា ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​តាម​សម្តី​ឈ្មោះ ស៊ន ពិសិដ្ឋ ជា​មេការ​ចម្ការ​អំពៅ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គាត់​បានឃើញ​ភ្លើង​ឆេះ​រាល​ចេញពី​ភ្នំ​មកដល់​ចម្ការ​អំពៅ ហើយ​គាត់​បាន​បញ្ជា​ឲ្យ​កម្មករ​ក្នុង​ចម្ការ​ទៅ​ពន្លត់ និង​ដុត​ភ្លើង​កាត់​ធ្វើ​ផ្លូវ​កុំ​ឲ្យ​ឆេះ​រាលដាល​ទៅមុខទៀត​។ លុះ​ក្រោយមក​ស្រាប់​តែមាន​កម្មករ​ទូរ​សព្ទ័​មក​ថា បាន​ប្រទះឃើញ​មាន​មនុស្ស​ត្រូវ​ភ្លើង​ឆេះ​ស្លាប់ ហើយ​គាត់​ក៏បាន​ប្រមូល​កម្មករ​មក​ជុំគ្នា ស្រាប់តែ​បាត់​កម្មករ​ម្នាក់​ឈ្មោះ វ៉ែ​ង ប៊ុន​តែង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កូប​តូច ឃុំ​ពុទ្ធ​ត​សត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​អោយមក​ពិនិត្យ​។​

​តាម​សម្តី​កម្មករ​ឈ្មោះ សោម ប៊ុន​ណាត ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ បាន​រៀបរាប់ថា ក្រោយពី​ភ្លើង​ភ្នំ​ឆេះ​រាល​ដល់​ចម្ការ​អំពៅ ខ្លួន​បានទទួល​បញ្ជា​ពី​មេការ​ឈ្មោះ ពិសិដ្ឋ ឲ្យ​នាំគ្នា​ទៅ​ពន្លត់ភ្លើង​បន្ទាប់មក​ខ្លួន ក៏បាន​ទៅតាម​បញ្ជា​ដោយ​ទៅជា​មួយ​ឈ្មោះ រុម ឈ្មោះ ប៉ឹ​ក វិត និង​ឈ្មោះ វ៉ែ​ង ប៊ុន​តែង ហើយ​ខ្លួន​បាន​ចែកផ្លូវ​គ្នា​ដុត​ភ្លើង​កាត់ ដែល​ឈ្មោះ វ៉ែ​ង ប៊ុន​តែង ដុត​កែង​ខាងលិច​បែរមុខ​ទៅ​ត្បូង ចំណែក​ខ្លួន​ដុត​កែង​ខាងកើត​បែរមុខ​ទៅ​កើត​ជាមួយ​ឈ្មោះ វិត​។ នៅពេលនោះ ភ្លើង​ឆេះ​ខ្លាំងពេក​ខ្លួន​ក៏បាន​ឡើង​ម៉ូតូ​ជិះ​បើក​រត់​ចេញទៅ​ក្រៅ​រហូតដល់​ខ្លួន​ទៅ​ជួបជុំគ្នា ទើប​ដឹងថា ឈ្មោះ វ៉ែ​ង ប៊ុន​តែង បាន​ស្លាប់​បាត់ទៅហើយ​។​

​បើតាម​សម្តី​ឈ្មោះ សឿន តូច ភេទ​ប្រុស អាយុ ២២​ឆ្នាំ មានមុខរ​បរជា​តៃកុង​ត្រាក់ទ័រ​ក្នុង​ក្រុមហ៊ុន បាន​ឲ្យ​ដឹងថា ពេលដែល​ខ្លួន​បើក​ត្រាក់ទ័រ​ពី​កន្លែងធ្វើការ​មកកាន់​កា​រដ្ឋា​ន​ជាមួយ​ឈ្មោះ វិត និង​ឈ្មោះ ម៉ាប់ មកដល់​ចំណុចកើតហេតុ​ខ្លួន​បានឃើញ​កូនជ្រូក​ព្រៃ​មួយ​រត់​កាត់​ផ្លូវ ហើយ​ពួកខ្លួន​ក៏បាន​ឈប់​ត្រាក់ទ័រ​រត់​ដេញចាប់​កូនជ្រូក​ព្រៃ​។ ភ្លាមនោះ​ខ្លួន​ក៏បាន​ប្រទះឃើញ​សាកសព​ម្នាក់​ត្រូវ​ភ្លើង​ឆេះ បន្ទាប់មក​ឈ្មោះ ម៉ាប់ ដែល​ដេញ​កូន​ជ្រូកព្រៃ​ជាមួយគ្នា​នោះ បាន​ទូរស័ព្ទ​ទៅប្រាប់​មេការ​ភ្លាម​ថា មាន​មនុស្ស​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលដំណឹង​ភ្លាម​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​ពិនិត្យឃើញថា សព​បុរស​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ប្រាកដ​មែន និង​បានប្រគល់ សព​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular