ប្រែសម្រួល : កញ្ញាដាលីស ៖ កីឡាករតេន្នីសនិងមន្ត្រីជាង ៥០០ នាក់ត្រូវបានបញ្ជាឱ្យធ្វើចត្តាឡីស័កនៅទីក្រុងមែលប៊នប្រទេសអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍នេះខណៈអាជ្ញាធរណែនាំការរឹតត្បិតទប់ស្កាត់កូវីដឡើងវិញ បន្ទាប់ពីបុគ្គលិកម្នាក់នៅឯសណ្ឋាគារចត្តាឡីស័កមួយកន្លែងបានតេស្តិ៍វិជ្ជមាន។
ទីក្រុងនេះបានដាក់ចេញឡើងវិញនូវបទបញ្ជាពាក់ម៉ាស់ក្នុងផ្ទះនិងដាក់កម្រិតលើការប្រមូលផ្តុំមនុស្សត្រឹម ១៥ នាក់ បន្ទាប់ពីការស្ងាត់កូវីដ ២៨ ថ្ងៃរបស់រដ្ឋវីកតូរៀត្រូវបានបញ្ចប់។
ទីក្រុងមែលប៊ន ដែលជាក្រុងធំបំផុតទី ២ របស់អូស្ត្រាលី កំពុងត្រៀមរៀបចំការប្រកួតកីឡាវាយតេន្នីស Australian Open ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយតទៅ ប៉ុន្តែការលេងកម្តៅសាច់ដុំ ៦ប្រកួតត្រូវបានរំខានយ៉ាងខ្លាំងដោយសារការឆ្លងវីរុសថ្មីៗ ដោយអ្នករៀបចំកីឡាវាយតេន្នីសអូស្ត្រាលីបានលុបចោលការប្រកួតសមទាំងអស់នៅថ្ងៃព្រហស្បតិ៍នេះតែម្តង។
ករណីឆ្លងរបស់បុគ្គលិកម្នាក់នៃសណ្ឋាគារ Grand Hyatt ត្រូវបានប្រកាសកាលពីល្ងាចថ្ងៃពុធ ហើយលោកដានីញែល អែនឌ្រូ អភិបាលរដ្ឋវីកតូរៀ បានប្រាប់អ្នកយកព័ត៌មានថាការធ្វើតេស្តិ៍ជុំដំបូងរកមិនឃើញករណីឆ្លងថ្មីទេ។
លោកនិយាយថា ព្រឹត្តិការណ៍ Australian Open ទំនងជានឹងដំណើរការទៅមុខធម្មតា ទោះបីជាគ្មានការធានាក៏ដោយ៕
កីឡាករតេន្នីសនិងមន្ត្រីជាង ៥០០ កំពុងធ្វើចត្តាឡីស័ក