ដោយៈសុផល/ភ្នំពេញ: ដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យតំបន់អាស៊ានទាំងមូល ទទួល បានភ្ញៀវទេសចរអន្តរជាតិតែ ២៦ លាននាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២០កន្លងទៅ ពោលគឺមានការធ្លាក់ចុះក្នុងអត្រា៨០.៥ភាគរយ។ ស្ថិតិនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នាសណ្ឋាគារសូហ្វីតែល។
កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ តាមរយៈវីដេអូខន់ហ្វ្រិន នាថ្ងៃទី៤ ខែកុម្ភៈ នេះសម្រាប់ភាគីកម្ពុជាដឹកនាំដោយលោក បណ្ឌិត ថោង ខុន រដ្ឋ មន្ត្រីក្រសួងទេសចរណ៍។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានបង្ហាញនូវកង្វល់អំពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ លើវិស័យទេសចរណ៍ វិស័យការងារ ពិសេស គឺវិស័យសេដ្ឋកិច្ច។ បន្ថែមពីនេះទៀត រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានបង្ហាញពីការ សោកស្តាយយ៉ាងខ្លាំង ចំពោះការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់តំបន់អាស៊ានដោយនៅក្នុងឆ្នាំ២០២០ ចំនួនទេសចរអន្តរជាតិធ្វើដំណើរមកកាន់អាស៊ានមានត្រឹមប្រមាណ ២៦ លាននាក់ប៉ុណ្ណោះ ធា្លក់ចុះ ៨០.៥%។
ជាការឆ្លើយតប នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានទាំងអស់បានឯកភាពគ្នាអនុម័ត លើសកម្មភាពការងាររស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ ក្នុងផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥ (ATSP 2016-2025) ដំណាក់កាលទី២។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ តំបន់អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៣៣ លាននាក់ កើនឡើង ៧ ភាគរយ បើធៀបនឹងឆ្នាំ២០១៨៕