ដោយៈមុនីរ័ត្ន/ភ្នំពេញៈសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអំពាវនាវជាថ្មីម្តងដល់បងប្អូន ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាចូលរួមថែមទៀត ក្នុងការគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ដើម្បីភាពសុខដុម្យរមនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បី រួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើង។
សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១នៅសាល ប្រជុំក្រសួងមហាផ្ទៃ អាគារ “S”នារសៀលថ្ងៃទី៤ខែកុម្ភៈ(រូបថតមុនីរ័ត្ន)
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១នៅសាល ប្រជុំក្រសួងមហាផ្ទៃ អាគារ “S”នារសៀលថ្ងៃទី៤ខែកុម្ភៈនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបង្កផលវិបាកជាច្រើនដល់សង្គម និងប្រជាពលរដ្ឋ និងបានបង្កផល ប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ។ គ្រោះថ្នាក់នេះ នឹងបន្តអូសបន្លាយក្នុងរយៈពេលវែង ហើយអាចនឹងមានកំណើនខ្ពស់ ប្រសិនបើគ្មានការចូលរួមគោរពអនុវត្តច្បាប់ពី សំណាក់អ្នកប្រើប្រាស់ផ្លូវ ដូចជាការបញ្ជាយានយន្តដោយរំលោភបំពានច្បាប់ ឬដោយធ្វេសប្រហែស មិនគោរពស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ ឬកង្វះវិធានការបង្ការទប់ស្កាត់ គ្រោះថ្នាក់ប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព។
សម្តេចបន្តថាខ្ញុំសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាចូលរួមថែមទៀតក្នុងការគោរពអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុ ជីវិតខ្លួនឯងផ្ទាល់ដើម្បីភាពសុខដុម្យរមនាក្នុងក្រុមគ្រួសារដើម្បីការពារទ្រព្យ សម្បត្តិរបស់បងប្អូន និងដើម្បី រួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើង។
សម្តេចក្រឡាហោមបញ្ជាក់តទៅទៀតថាដើម្បីបន្តសម្រេចជោគជ័យលើការងារ ទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សម្តេចសូមដាក់ចេញនូវវិធានការមួយចំនួន។ស្នើគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយនានា សិល្បករ សិល្បការនីគ្រឹះស្ថានសិក្សាគ្រប់កម្រិត ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន ខិតខំអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍
ផ្លូវគោកនិងអនុក្រឹត្យលេខ៣៩អនក្រ.បកស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ និងជាប់ ជាប្រចាំ។ ស្នើសមាជិកសមាជិកា ដែលជាតំណាងក្រសួងស្ថាប័នក្នុងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោកត្រូវជួយលើការងារសុវត្ថិភាពចរាចរណ៍តាមកិច្ចការពាក់ព័ន្ធនឹងជំនាញរបស់ក្រសួងស្ថាប័ន ជាពិសេសជួយអប់រំផ្សព្វផ្សាយ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ដល់មន្ត្រីរាជការនិយោជិតក្នុងស្ថាប័នរបស់ខ្លួនហើយធ្វើរបាយការណ៍បញ្ជូនមកអគ្គលេខាធិការដ្ឋានដើម្បីបូកសរុបតាមសេចក្តីណែនាំលេខ ០១៣ គ.ស.ច .គ. ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្តីពីការជំរុញការអប់រំផ្សព្វផ្សាយ លើកកម្ពស់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់មន្ត្រីរាជការ និយោជិតក្រោមឱវាទក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលរហូតមកដល់ពេលនេះមិនមានស្ថាប័នណាបានអនុវត្តឡើយ។ស្នើក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជួយផ្តល់ថវិកាកម្មវិធី នៅក្នុងកញ្ចប់ថវិការបស់រាជធានី ខេត្តសម្រាប់ អនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្នាក់រាជធានី ខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ស្នើក្រសួងអប់រំយុវជននិងកីឡា ជួយក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូតាមគ្រឹះស្ថានសិក្សាគ្រប់ កម្រិតរំលឹកដល់សិស្ស និស្សិត ឱ្យយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានជាប់ជា ប្រចាំនៅមុនពេលចេញពីរៀន។
សម្តេចក្រឡាហោម សខេងបានបន្ថែមទៀតថាអនុគណៈកម្មការសសុវត្ថិភាពចរាចរណ៍រាជធានី ខេត្តត្រូវ៖បង្កើនវិធានការរឹតបន្ដឹង ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកតាមទិសដៅការងាររបស់ ឱ្យកាន់ តែម៉ឺងម៉ាត់ដាច់ខាត ប្រកបដោយតម្លាភាព និងស្មើភាព សំដៅកាត់បន្ថយថែមទៀតនូវចំនួន ហេតុការណ៍គ្រោះថ្នាក់ ចំនួនជនរងគ្រោះ និងបទល្មើសចរាចរណ៍ ឱ្យបានជាអតិបរមា និង ត្រូវខិតខំ អនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ -ឃុំ-សង្កាត់មានសុវត្ថិភាព។ បង្កើនការផ្សព្វផ្សាយអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមគ្រប់រូបភាព ឱ្យបានទូលំទូលាយ ដល់គ្រប់វេទិកា និងគ្រប់មូលដ្ឋាន។ ជាមួយនេះ ត្រូវបង្កើនការផ្សព្វផ្សាយ ជូនសាធារណជនបានជ្រាបអំពីលទ្ធផលនៃការរឹតបន្ដឹងអនុវត្តច្បាប់សភាពការណ៍គ្រោះថ្នាក់ ចរាចរណ៍ ការអំពាវនាវឱ្យចូលរួមគោរពច្បាប់ ការបំភ្លឺបកស្រាយសំណូមពររបស់មហាជននិងការវាយបកបន្សាបឥទ្ធិពលនៃការផ្សាយព័ត៌មានមិន ពិតឱ្យបានទាន់ពេលវេលា។ត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ ដើម្បីសម្រេចភារកិច្ចប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងមានសីលធម៌ វិន័យ សក្តិសមជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយ គុណ ធម៌ និងមនសិកាវិជ្ជាជីវៈ។ ជាមួយនេះ ត្រូវលើកសរសើរចំពោះអង្គភាព និងមន្ត្រី មានស្នាដៃ និងត្រូវដាក់វិន័យឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីអសកម្ម ឬមន្ត្រីដែលប្រព្រឹត្តផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ។ត្រូវជ្រើសរើសទីតាំងដំឡើងផ្ទាំងប៉ាណូផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ចំនួន ៥កន្លែងក្នុងមួយរាជធានី ខេត្ត ដោយធ្វើលិខិតផ្លូវការមកអគ្គលេខាធិការដ្ឋាននៃគ.ស. កុម្ភៈ ឆ្នាំ២០២១ ដើម្បីក្រុមការងារ ចុះទៅដំឡើងជូន៕